ភ្នំពេញ៖ ផល​លំបាក​ក្នុង​ការ​រក​ដៃគូ​ប្រកួត​ស្រប​ពេល​សង្វៀន​ប្រដាល់ ស្ទើរ​តែ​ទាំងអស់ លែង​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​គូ​នារី​នោះ បាន​កីឡាការិនី​ជើង​ខ្លាំង និង​ម្ចាស់​ខ្សែ​ក្រវាត់​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ក្នុង​ទម្ងន់ ៤៦ គ.ក្រ ធន់ វិរៈពណ៌ សម្រេច​បោះបង់​ប្រដាល់​គុន​ខ្មែរ ហើយ​ងាក​ទៅ​ចាប់​គុន​ល្បុក្កតោ ដើម្បី​កែប្រែ​វាសនា និង​ជីវភាព​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ឡើង។

ក្នុង​វ័យ ២២ ឆ្នាំ ធន់ វិរៈពណ៌ ធ្លាប់​បាន​ព្យួរ​ការ​សិក្សា​ក្នុង​ឆ្នាំ​ទី២ នៅ​សាកលវិទ្យាល័យ ដើម្បី​ចូល​ហាត់​ប្រដាល់​នៅ​ចុង​ឆ្នាំ ២០១៧ ដើម្បី​ឡើង​ប្រកួត​រក​ប្រាក់​ចំណូល ហើយ​ត្រឹម​រយៈពេល​តែ​ជាង ១ ឆ្នាំ វិរៈពណ៌ បាន​ក្លាយ​ជា​កីឡាការិនី​ជើង​ខ្លាំង​ដែល​លំបាករ​កដៃ​គូប្រកួត​ជាមួយ ខណៈ​ការផ្គូផ្គង​គូនារី ក៏​កម្រ​នឹង​មាន​នៅ​សង្វៀន​ប្រដាល់​ផង​ដែរ។

ការ​គ្មាន​ទីផ្សារ​ប្រកួត​នៅ​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​នេះ បាន​បង្ខំ​ឱ្យ ធន់ វិរៈពណ៌ សម្រេចចិត្ត​ទៅ​ចូល​ហ្វឹកហាត់​គុន​ល្បុក្កតោ​មួយ​ទៀត នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​បោះបង់ចោល​ប្រដាល់​ដាច់​តែ​ម្តង បន្ទាប់​ពី​នាង​បាន​ប្រឹងប្រែង​ហ្វឹកហាត់ និង​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​ជំនាញ​ម្នាក់​នៃ​គុន​ក្បុក្កតោ​នៅ​ក្នុង​ឆ្នាំ ២០២០ នោះ ដោយ វិរៈពណ៌ បាន​ក្លាយ​ជា​គ្រូ​បង្គោល ដែល​អាច​បង្វឹក​គុន​ល្បុក្កតោ​តាម​អនឡាញ និង​ជា​តារា​សម្តែង​ឱ្យ​ផលិតកម្ម «អាថាន់​ភាពយន្ត» ផ្នែក​វ៉ៃតប់ និង​ឆាក​ប្រយុទ្ធ​ដែល​មាន​លក្ខណៈ​សាហាវៗ ព្រម​ទាំង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផង​ដែរ។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ​ភ្នំពេញ ប៉ុស្តិ៍ ធន់ វិរៈពណ៌ បាន​និយាយ​ថា៖ «ខ្ញុំ​ហាត់​ប្រដាល់​មួយ​រយៈ និង​ឡើង​ប្រកួត​ទទួល​បាន​ការ​រីកចម្រើន​ល្អ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ប្រដាល់ ដោយសារ​តែ​លំបាករ​កដៃ​គូប្រកួត​ជាមួយ ពិសេស​កម្មវិធី​សម្រាប់​យើង​ជា​កីឡាការិនី​មាន​តិចតួច​ណាស់។ ទោះជា​យ៉ាងណា ខ្ញុំ​បន្សល់​ស្នាដៃ​បាន​ល្អ មាន​ស្ថិតិ​ប្រកួត​ល្អ ដោយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ ១ ផង​ដែរ ដោយ​កាល​នោះ ខ្ញុំ​មាន​លោកគ្រូ ធន់ សុភា និង​លោកគ្រូ ម៉ឺន សុភា ជួយ​ជ្រោមជ្រែង​ខ្ញុំ​បានល្អ»។

នៅ​ក្នុង​ប្រវត្តិ​ជា​អ្នក​ប្រកួត​គុន​ខ្មែរ វិរៈពណ៌ ធ្លាប់​ប្រកួត​បាន ១១ ដង ឈ្នះ ៩ និង​ចាញ់ ២ ដង ហើយ​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ ធន់ វិរៈពណ៌ បាន​ឈ្នះ​កីឡាការិនី​មក​ពី​អាហ្វ្រិក ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ពី​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ក្នុង​ទម្ងន់ ៤៦ គ.ក្រ ដែល​ធ្វើ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ខេត្ត​កំពត។

ទោះបី​ជា​យ៉ាង​ណា បច្ចុប្បន្ន​នេះ ក្មេងស្រី​ជា​កូន​ទី៧ ក្នុង​គ្រួសារ​មាន​បងប្អូន ៩ នាក់ ដែល​រស់នៅ​ភូមិ​ឃ្លាំងមឿង​លើ ឃុំ​ព្រែកក្របៅ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ធន់ វិរៈពណ៌ បាន​ចាប់​យក​តែ​គុន​ល្បុក្កតោ ហើយ​កញ្ញា​ទទួល​បាន​ឱកាស​ប្រកួត​សម្តែង ​ឬ​បង្ហាញ​សូ សម្រាប់​ថត​ឱ្យ​ផលិតកម្ម​ភាពយន្ត​មួយ​ចំនួន​ពិសេស​រៀបចំ​ឆាក​ប្រយុទ្ធ​ផ្នែក​ក្បាច់​គុន​នេះ​តែ​ម្តង។ ក្រៅ​ពី​នេះ វិរៈពណ៌ ជា​គ្រូ​បង្គោល​ក្បាច់​គុន​កីឡា​ល្បុក្កតោ តាម​ប្រព័ន្ធ​អនឡាញ «ល្បុក្កតោ​ក្មេង​វត្ត​ថាន់» ដែល​ល្បីល្បាញ​គួរសម ខណៈ​កូន​សិស្ស​ហាត់​ភាគ​ច្រើន​ជា​ជនបរទេស។

ធន់ វិរៈពណ៌ បាន​បញ្ជាក់​ថា៖ «ការ​ចាប់​យក​អាជីព​មួយ​នេះ ខ្ញុំ​មាន​ភាព​ជោគជ័យ​ល្អ​បន្ថែម​លើ​ប្រដាល់​គុន​ខ្មែរ ដោយ​អាច​រក​បាន​ប្រាក់​ចំណូល​មក​គ្រប់គ្រង​ជីវភាព​បាន​សមរម្យ និង​បង្កើត​ជា​ក្រុម​មួយ ដែល​មាន​គ្រូ​ធំ​ឈ្មោះ ឆន ចន្ទ័វិរៈ ហៅ​លោកគ្រូ អាថាន់ មិន​នៅ​ចំណុះ​ឱ្យ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នោះ​ឡើយ»។

ជាមួយ​បទពិសោធ​ជីវិត​យ៉ាង​ជូរ​ចត់ ធន់ វិរៈពណ៌ ជា​កីឡាការិនិ​ឆ្នើម​បំផុត ដែល​តស៊ូ​ក្នុង​ខ្សែ​ជីវិត​លំបាកលំបិន ចេញ​ពី​ញើស និង​ការ​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​ខ្លួន​ឯង ទម្រាំង​ចាប់​បាន​អាជីព​ល្អ​ថ្លៃថ្នូរ និង​រក​បាន​ប្រាក់​ចំណូល​ល្អ​សមរម្យ អាច​ជួយ​ដល់​គ្រួសារ​បាន ព្រោះ​ក្រៅ​ពី​ចេះ​ក្បាច់គុន វិរៈពណ៌ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ និង​កំពង់​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្នែក​ជំនាញ​រដ្ឋបាល​សាធារណៈ និង​ព័ត៌មានវិទ្យា ហើយ​កញ្ញា​បាន​បញ្ជាក់​ថា នឹង​មិន​វិល​ទៅ​រក​ប្រដាល់​គុន​ខ្មែរ​វិញ​ទេ៕