ភ្នំពេញៈ អតីត​កីឡាករ​ជើង​ខ្លាំង ធន់ សុធា បាន​ចាត់ទុក​ការសម្រេច​ឲ្យ ម៉ន ភារម្យ ឈ្នះ​ពិន្ទុ​លើ​កូនសិស្ស​របស់​ខ្លួន ប៊ុន សុធា សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ​ ៣២ ​នាក់​ដណ្តើម​ពាន TV5 Boxing Knock-Out Serie (K-cement) រដូវកាល​ថ្មី ទម្ងន់​ ៥៤ ​គីឡូក្រាម​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​ថ្ងៃ​សៅរ៍ ថា​ជា​រឿង​អយុត្តិធម៌ និង​មិនសម​ហេតុផល​ទាល់​តែ​សោះ​។ ​លោក ធន់ សុភា ដែល​ជា​អាជ្ញាកណ្តាល និង​ចៅក្រម​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ១ ​រូប​ដែរ​នោះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​ពេញចិត្ត​ទៅ​លើ​លទ្ធផល​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​ការ​កាត់សេចក្តី​នេះ​ដែរ ថា​ហេតុអ្វី​ទើប​ចៅក្រម​សម្រេច​ឲ្យ ម៉ន ភារម្យ ជា​អ្នក​ឈ្នះ​ទៅ​វិញ​?»​។

នៅ​ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ត្រឹម​រយៈពេល​ ៣ ​ទឹក​នោះ ចៅក្រម​ទាំង​ ៥ ​រូប​បាន​សម្រេច​ផ្តល់​ពិន្ទុ​ឲ្យ ម៉ន ភារម្យ ឈ្នះ ប៊ុន សុធា ជា​ឯកច្ឆន្ទ ៥-០ តែម្តង​។ ការសម្រេច​នេះ​បាន​ធ្វើឲ្យ​លោក ធន់ សុភា ហួសចិត្ត​នឹង​ថ្លែង​ព្រោះ​លោក​បាន​មើល​ឃើញ​ថា កូនសិស្ស​របស់​លោក​គឺ​ប៊ុន សុធា ចាញ់​តែ​ទឹក​ទី​ ១ ​បន្តិច​ប៉ុណ្ណោះ ចំណែក​ ២ ​ទឹក​ចុងក្រោយ សុធា បាន​យក​ប្រៀប​វិញ​ដាច់ បើ​ទោះបី​ជា​ការប្រកួត​នេះ​លោក​ឃើញ​អាជ្ញាកណ្តាល​បាន​ព្យាយាម​ជួយ​ដល់​ ម៉ន ភារម្យ ​ពី​ការ​តាម​បុក​ជង្គង់​របស់ ប៊ុន សុធា ក៏ដោយ​។

គ្រូបង្វឹក​របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ធន់ សុភា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ខ្ជិល​នឹង​តវ៉ា​ចំពោះ​ការសម្រេច​ឲ្យ ប៊ុន សុធា ចាញ់​នេះ​ព្រោះ​បើ​យើង​តវ៉ា ក៏​គេ​មិន​អាច​កែប្រែ​លទ្ធផល​ដែល​បាន​ប្រកាស​ទៅ​ហើយ​នោះ​ដែរ​។ ម្យ៉ាង​ទៀត​យើង​ត្រូវ​ខាត​លុយ​ក្នុង​ការប្តឹងតវ៉ា​នេះ​ទៀត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អស់ចិត្ត ថា​ហេតុអ្វី​បាន​ជា​គេ​មិន​ឲ្យ​កីឡាករ​ដែល​មាន​សមត្ថភាព និង​ប្រកួត​ឈ្នះ​ពិតប្រាកដ​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​បែរ​ជា​ឲ្យ​កីឡាករ​វ៉ៃ​បែរ​គូទ បែប​ជា​អ្នក​ប្រដាល់​គ្មាន​សមត្ថភាព​ដូច ម៉ន ភារម្យ ជា​អ្នក​ឡើង​ទៅ​វិញ​?»​។

ចំណែក​កីឡាករ ប៊ុន សុធា ក៏​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការសម្រេច​ឲ្យ​រូបគេ​ចាញ់​ពិន្ទុ​កីឡាករ ម៉ន ភារម្យ នៅក្នុង​ការប្រកួត​នេះ​ផង​ដែរ​ព្រោះ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​រូបគេ​ធ្លាក់​ចេញ​ពី​ការប្រកួត​ពាន​មួយ​នេះ​ត្រឹម​វគ្គ​ជម្រុះ​ ៣២ ​នាក់​ដំបូង​តែ​ម្តង​។ ចំណែក​កីឡាករ រិទ្ធ ប្រាក់ប៊ិន ក៏បាន​ខ្ទាត​ចេញ​ពី​ការប្រកួត​នេះ​ផង​ដែរ ខណៈ​រូបគេ​បាន​ចាញ់​ពិន្ទុ​អ្នក​លេង​កណ្តាប់ដៃ​វ័យក្មេង ចាន់ សាន់ កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ​។

គួរ​បញ្ជាក់​ថា​ការប្រកួត​ពាន TV5 Boxing Knock Out Serie រដូវកាល​ថ្មី​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​នេះ​បាន​សម្រិតសម្រាំង​កីឡាករ​ ៣២ ​នាក់​រួច​ជា​ស្រេច ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​តាម​រូបមន្ត​ចាញ់​ធ្លាក់ៗ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ ១៦ ​នាក់​ចុងក្រោយ និង​បន្ត​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​គ្រោង​ចំណាយពេល​ ១៩ ​សប្តាហ៍​ហើយ​អ្នក​ឈ្នះ​ពាន​ជើងឯក​នឹង​ទទួល​បាន​​ ៤០០០ ​ដុល្លារ ឯ​លេខ​ ២ ​បាន​ ២០០០ ​ដុល្លារ លេខ​ ៣ ​បាន​ ៧៥០ ​ដុល្លារ និង​អ្នក​លេខ​ ៤ នឹង​បាន​ប្រាក់​ ៥០០ ​ដុល្លារ​៕