ភ្នំពេញ៖ កីឡាករ ធន់ អៀងឡៃ បាន​ក្លាយ​ជា​បេក្ខភាព​ដំបូង​គេ ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​​កំពូល​ជើងឯក ​TV5​ Boxing ​Knock Out ​Serie ​Cellcard ​Champion​ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ ​គីឡូ​ក្រាម បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ជើង​ថ្មី សេក សារ៉ាន់ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ​លើ​សង្វៀន​ទើប​រចនា​ថ្មី​របស់​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ការ​ប្រកួត​ជម្រុះ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ គីឡូក្រាម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ ​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជា​តំណាង​ម្ចាស់​ស្ថានីយ ព្រម​ទាំង​តំណាង​ម្ចាស់​ឧបត្ថម្ភ​គួរ​ឲ្យ​ទាក់ទាញ​ និង​ចាប់​អារម្មណ៍ ​​តែ​លទ្ធផល ធន់ អៀងឡៃ បាន​យក​ឈ្នះ​លើ សេក សារ៉ាន់ ដោយ​ពិន្ទុ​ដាច់ ​​៥​-​០ ​ខណៈ​ដែល​ភ្នែក​មហាជន​ គេ​មើល​ឃើញ​ពី​សមត្ថភាព​បច្ចេកទេស​ប្រកួត​របស់​ ធន់​ អៀងឡៃ​ មាន​កម្រិត​ល្អ​ជាង​ជើង​ថ្មី ​សេក ​សារ៉ាន់ ដាច់​​តែ​ម្តង​​។

តាមរយៈ​ជ័យជម្នះ​នេះ បាន​ជួយ ​ធន់ ​អៀងឡៃ ​​​ឡើង​ទៅ​កាន់​​វគ្គ​​ជម្រុះ​ជំទី​២ ​ដោយ​រង់ចាំ​កីឡាករ​ យិប​ ឌុក​ និង​កីឡាករ ​នូវ ​សុខទី​ គឺ​បើ​នរណា​ឈ្នះ​ នឹង​ឡើង​មក​ប្រកួត​ជា​មួយ ​ធន់ ​អៀង​ឡៃ​ ខណៈ ​អៀង​ឡៃ ​ជា​កីឡាករ ​ដែល​ធ្លាប់​ឈ្នះ​​ជើងឯក​រង ​បន្ទាប់​ពី​​ចាញ់​ ម៉ន ​សាម៉េត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ប្រកួត​នៅ​​​ទម្ងន់ ​៥៧ ​គ.ក្រ តែ​​បច្ចុប្បន្ន​ អៀងឡៃ បាន​សម្រក​ទម្ងន់ ​មក​លេង​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​វិញ​។

យ៉ាង​ណា​ក៏​ដោយ ​ទោះ​ជា ​ធន់ ​អៀង​ឡៃ​ បាន​ឆ្លង​ផុត​ដំណាក់​កាល​ជម្រុះ​ទី១ ​យ៉ាង​នេះ​ក្តី​ប៉ុន្តែ​ជើង​ខ្លាំង​ក្នុង​ការ​ដាក់​ពាក្យ​មក​ប្រកួត​ប្រជែង​​ក្នុង​ពាន​មួយ​នេះ​ គឺ​មាន​កីឡាករ​ល្អៗ​មួយ​ចំនួន​ទៀត​ ដែល​ ​អៀងឡៃ​ លំបាក​ទប់ទល់។​ ធន់ ​អៀងឡៃ​ បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា​៖ «​លើក​នេះ​ ខ្ញុំ​គិត​តាំង​ពី​ដំបូង​ថា ​មិន​បារម្ភ​ពី​ចាញ់​នោះ​ទេ​»។

សិស្ស​គណ​មក​ពី​សមាគម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​រូប​នេះ​បាន​បន្ថែម​ថា៖ ​«ប៉ុន្តែ​វគ្គ​ក្រោយៗ​ទៀត​ ខ្ញុំ​សម្លឹង​ឃើញ​ថា ​ប្រឈម​នឹង​ការ​​ប្រកួត​តឹងតែង ​ប្រសិន​ប៉ះ​ចំ​កីឡាករ​ឆ្នើមៗ​កំពុង​ល្អ​មាន​កីឡាករ ​រិន ​ដាវីដ​, ​ភួង ​ឡាំកូសីន​ និង​ ​ពេជ្រ ​ប៊ុនសិដ្ឋ​ ​ហើយ​បើ​ក្រៅ​ពី​នេះ​ខ្ញុំ​គិត​ថា ​អាច​នឹង​ស្រួល​ឈ្នះ​។​ ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​នឹង​ប្រឹងប្រែង ​ដើម្បី​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​យក​ពាន​រង្វាន់ ​TV5 ​Boxing ​Knock Out ​Serie ​Cellcard ​Champion ​ឆ្នាំ ​២០២០ ​នេះ​ ឲ្យ​បាន»​។​

នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ថ្មី​នៃ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នេះ​ លោក​ តែម​ ម៉ឺន​ បាន​និយាយ​ដាស់​តឿន​បន្ថែម​ ដល់​មន្ត្រី​បច្ចេកទេស ​ចៅក្រម​អាជ្ញាកណ្តាល​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សមត្ថភាព​ បំពេញ​ការងារ​ឲ្យ​ល្អ​មាន​ភាព​យុត្តិធម៌​ ក្នុង​ការ​ផ្តល់​លទ្ធផល​ជូន​កីឡាករ​ពេល​ប្រកួត​។

ជា​មួយ​គ្នា​នេះ​ ​មន្ត្រី​បច្ចេកទេស​មួយ​ចំនួន​ក្នុង​គណៈកម្មការ​ផ្គូផ្គង ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ព័ត៌មាន​ថា ​ខាង​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥​ ចង់​មាន​តំណែ​ទម្រង់​ការ​ប្រកួត​ឲ្យ​ល្អ​​ ​ព្រោះ​សង្វៀន​នេះ​ ជា​អ្នក​ស្ថាបនិក​កម្មវិធី​ប្រដាល់​ផ្សាយ​ផ្ទាល់​នេះ​មុន​គេ នៅ​កម្ពុជា​ ​ហើយ​មហាជន​នៅ​តែ​គាំ​ទ្រ​ខ្លាំង ​ប្រសិន​បើ​ការ​ផ្គូ​ផ្គង ​និង​ការ​ប្រកួត​ធ្វើ​តាម​តម្លាភាព​៕