ភ្នំពេញ៖ ​គ្រូបង្វឹក​របស់​កីឡាករ​ជើង​ខ្លាំង ធន់ អៀនឡៃ គឺ លោក ធន់ សុភា ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា សិស្ស​របស់​លោក​នឹង​អាច​ទទួល​បាន​ជ័យជម្នះ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន TV5 ​Boxing ​Knock Out Series នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​ថ្ងៃ​សៅរ៍​នេះ ស្រប​ពេល​ដែល​ដៃគូ​របស់​ខ្លួន គឺ​កីឡាករ​ជម្រើសជាតិ រិន ដាវីត មាន​អារម្មណ៍​ភ័យ​ផង ​អរ​ផង​ មិន​ហ៊ាន​សង្ឃឹម​ច្រើន​នោះ​ទេ សម្រាប់​ការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ អម​ជាមួយ​ប្រាក់​រង្វាន់ ​៤ ០០០ ដុល្លារ​នេះ។

ទោះ​ជា​យ៉ាង​ណា​បើ​តាម​កម្រិត​បច្ចេកទេស​សមត្ថភាព​វិជ្ជាគុន ​ព្រម​ទាំង​បទពិសោធ ​គឺ ​ធន់ ​អៀនឡៃ ​មាន​ចិត្ត​ធំ​ជាង​បន្តិច​ រីឯ​ក្បាច់​ជង្គង់​របស់​ រិន​ ដាវីត ​ក៏​ល្អ​ណាស់​ដែរ​ ដែល​​ជា​ឧបសគ្គ​ធំ​ដូច​គ្នា​​ ខណៈ​​​ការ​ប្រកួត​ជម្រុះ ​២ ​ជុំ​កន្លង​មក ធន់ អៀនឡៃ ​បាន​ឈ្នះ​ពិន្ទុ​ដាច់​លើ សេក​ សារ៉ាន់ នៅ​ជុំទី​១ និង​បន្ត​ឈ្នះ​ពិន្ទុ ស៊ឺន ​ថៃសាន់ នៅ​ជុំ​ទី​២ ចំណែក រិន ដាវីត ​​បាន​ឈ្នះ​ពិន្ទុ រឿន ​សុខលី​ និង​បន្ត​ឈ្នះ​ពិន្ទុ​លើ ពេជ្រ ​ប៊ុនសិដ្ឋ ​នៅ​ជុំ​ទី​២​​។​

ចំពោះ​ប្រវត្តិ​ប្រកួត​របស់​អ្នក​ទាំង ​២ ​នេះ​វិញ ​ធន់ ​អៀនឡៃ​ ប្រកួត​បាន​ ​៧៩ ​ដង ​ឈ្នះ​ ៧៣​ ចាញ់ ​៦ ​ដង ក្នុង​នោះ​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​ ​២៥ ​ដង ​ចំណែក ​រិន ​ដាវីត ​ធ្លាប់​ប្រកួត​បាន​ ​៥៨ ​ដង ​ឈ្នះ​ ៤៤ ​ដង ​ចាញ់ ​១២​ ​ស្មើ​ពិន្ទុ ​២ ​ដង ​ហើយ​ក្នុង​នោះ​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន ​២០ ​ដង​។

លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក ធន់ អៀនឡៃ បាន​​ប្រាប់​ថា​៖ «​វគ្គ​នេះ​សំខាន់​ ហើយ​បើ​ឆ្លង​ផុត ​គឺ​ធានា​បាន​ពាន​រង្វាន់​មិន​ខាន​។ ​រិន ​ដាវីត​ មិន​ងាយ​នឹង​យក​ឈ្នះ​បាន​ស្រួល​ទេ​ គឺ​មិន​ងាយ​ចុះចាញ់​ដែរ ​ប៉ុន្តែ​ខ្ញុំ​មាន​យុទ្ធសាស្ត្រ​ ដើម្បី​យក​ឈ្នះ​ គឺ​ហ្វឹកហាត់​ផ្នែក​កម្លាំង​ឱ្យ​បាន​ពេញ​លេញ​ចំណែក​ក្បាច់​ប្រកួត ​គឺ​ជាក់​ស្តែង​មិន​អាច​និយាយ​មុន​ឱ្យ​គេ​ដឹង​នោះ​ទេ​»។

គ្រូបង្វឹក​រូប​នេះ​​បន្ថែម​ថា​៖ «​ធន់ ​អៀនឡៃ​ វាយ​បាន​គ្រប់​ស្ថានការណ៍​ ទាំង​កណ្តាប់​ដៃ ​ជង្គង់ ​និង​ទាត់ ​ហើយ​​វ៉ៃ​បាន​ទាំង​ក្បាច់​ឆ្ងាយ​ និង​ចូល​កៀក​ ហេតុ​នេះ​​ខ្ញុំ​រំពឹង​ឈ្នះ ​៧០ ​ភាគរយ​ ប៉ុន្តែ​មិន​មែន​ស៊ីផុយ​នោះ​ឡើយ​»។

ចំណែក​លោក ​ស្វាយ​ សុខុន ​អ្នក​គ្រប់គ្រង​កីឡាករ​ រិន ​ដាវីត​ មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ ​ប៉ុន្តែ​កីឡាករ ​រិន ​ដាវីត​ បាន​និយាយ​ថា​ រូប​គេ​​​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​ហើយ​លទ្ធផល​យ៉ាង​ណា​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ប្រកួត​ទេ​ ​ព្រោះ​គេ​ក៏​ហាត់​ យើង​ក៏​ហាត់​ និង​ចង់​ឈ្នះ​ដូច​គ្នា​។ ​ដាវីត​ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នឹង​វ៉ៃ​ឱ្យ​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​ការ​រំពឹង​​ឈ្នះ​ប៉ុន្មាន​ភាគរយ ​មិន​ហ៊ាន​និយាយ​ឡើយ​ ​ព្រោះ​ការ​ប្រកួត​នេះ​សំខាន់ ​និង​តឹងតែង​បំផុត ​ដោយសារ ​អៀនឡៃ ​ក៏​ជា​អ្នក​ខ្លាំង ​​១ រូប​ផង​ដែរ ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​នេះ»​។​

យ៉ាង​ណា​ក៏​ដោយ​តាម​មតិ​ស្ទាបស្ទង់​ពី​អ្នក​និយម​ទស្សនា​ភាគ​ច្រើន​ គេ​មាន​ជំនឿ​ទៅ​លើ ​ធន់ ​អៀនឡៃ ​ថា មាន​ប្រៀប​ជាង ​ដោយ​សារ​ចិត្ត​ធំ ​វាយ​ប្តូរ​មិន​ញញើត​ ខណៈ​ដែល​ រិន ​ដាវីត ​ជំនាញ​ជង្គង់​ល្អ ​តែ​ទឹក​ចិត្ត​តូច ​និង​ខ្លាច​ដៃ​គូ​ ហើយ​​បើ​​នរណា​ឈ្នះ​ក្នុង​វគ្គ​នេះ ​នឹង​ឈាន​ទៅ​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​មិន​ខាន​ ​ព្រោះ​ពេល​ប៉ះ​ជាមួយ​ដៃ​គូ​ម្នាក់​ទៀត​មាន ​ឡុង​ ខេត្ត​ ឬ​ក៏ ​យ៉ន​ ពិសី​ គឺ​មាន​សមត្ថភាព​មិន​អាច​ទប់ទល់​​បាន​នោះ​ឡើយ​។​

លោក​ ញាន​ សុធី​ អ្នក​ផ្គូផ្គង​​កីឡាករ​ប្រាប់​​ថា​ ​នៅ​ថ្ងៃ​ប្រកួត​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​សប្តាហ៍​នេះ​ យើង​បាន​សម្រាំង​គូ​ល្អៗ​ ​បន្ថែម​ទៀត​ដូច​ជា​ ​​​លីន ​សេងហុង​ ក្លិប​បុរីរាជ​សីហ៍​មានរិទ្ធ ​ត្រូវ​ប្រកួត​ជាមួយ​ ​ប៊ន ​ពន្លឹក ​ក្លិប​នាគ​រាជចតុមុខ ក្នុង​​ទម្ងន់ ៥១ គ.ក្រ ​ចំណែក ​ធន់ ​ផានិត ត្រូវ​ជួប​ ប៉ុក​ វិបុល ​ក្នុង​ទម្ងន់ ​៥៧ ​គ.ក្រ៕​