ភ្នំពេញ: ធន មករា សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ត្រូវ​ជួប​ជាមួយ​កីឡាករ​ប្រដាល់​ជើង​ចាស់ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិទ្ធ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ចំនួន ២ គូ​នៃ​សង្វៀន​ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៥ ខណៈ​កីឡាករ​ខ្លាំង​ជើង​ថ្មី លន បញ្ញា និង​សង គង់ ក៏​ត្រូវ​ប៉ះ​ប្រកួត​គ្នា​ផង​ដែរ ដើម្បី​ដណ្តើម​យក​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by KCement នឹង​ចាប់​ផ្ដើម នៅ​យប់​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ។ ពួកគេ​ទាំង ២ គូ​នេះ​សុទ្ធ​តែ​មិន​ទាន់​ស្គាល់​ចាញ់​សោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​កន្លង​មក។

កីឡាករ​ធន មករា នៅ​ជុំ​ទី ១ បាន​ផ្ដួល​កីឡាករ​ប្រដាល់ លាប សំណាង ក្លិប​កងពល​តូច​លេខ ៧០ នៅ​ទឹក​ទី ២ នៅ​ជុំ​ទី ២ ដោយ​រូបគេ​បាន​យក​ឈ្នះ លិញ ភារម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ និង​ជុំ​ទី ៣ ឈ្នះ ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី ៥ កង​ទ័ព​ជើង​គោក ដែល​ជា​កំពូល​កីឡាករ​ខ្លាំង​ជំនាន់​ក្រោយ​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម នៅ​ទឹក​ទី ២។

ចំពោះ យក្ស​ផ្លែ នៅ​ជុំ​ទី ១ រូបគេ​បាន​យកឈ្នះ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួង​កសិកម្ម​ទឹក​ទី ២ ជុំ​ទី ២ ឈ្នះ​នឹន ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ ដោយ​ពិន្ទុ និង​ជុំ​ទី ៣ ឈ្នះ​ជើង​ខ្លាំង បឺត សង្ឃឹម ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក ដែល​ជា​កីឡាករ​ជើង​ចាស់ កំណាច​មួយ​រួប​ចិត្ត​ធំ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣។ ការ​ជួបគ្នា​រវាង​អ្នក​ទាំង ២ ត្រូវ​បាន​គេ​រំពឹង​ថា ធន មករា មាន​ប្រៀប​ជាង​កម្លាំង​ល្អ​ជាង ក្មេង​ជាង និង​កំពុង​ឡើង​កូដ​ផង​ដែរ។

ជាមួយគ្នានេះ​លោក​ធន សុភា គ្រូបង្វឹក បាន​អះអាងថា កូនសិស្ស​របស់លោក​នឹង​ឈ្នះ​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

កីឡាករ​សង គង់ កាល​នៅ​ជុំ​ទី ១ ប្រកួត​ឈ្នះ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ។ នៅ​ជុំ​ទី ២ រូបគេ​ប្រកួត​ឈ្នះ ផាន់ ពិសិដ្ឋ ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ពិន្ទុ និង​ជុំ​ទី ៣ ប្រកួត​ឈ្នះ រឿន ឈី ក្លិប​ស្វាយរលំ​ឫទ្ធិជ័យ​ដោយ​ពិន្ទុ​ដែរ។

ចំណែក​ដៃគូ​គឺ​កីឡាករ លន បញ្ញា វិញ​នៅ​ជុំ​ទី ១ រូបគេ​បាន​ផ្ដួល​កីឡាករ​ប្រដាល់​ឈាន រស្មី ក្លិប​ខេត្ត​រតនគិរី ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ ហើយ​នៅ​ជុំ​ទី ២ ប្រកួត​ឈ្នះ ផាន ផាត់​យុទ្ធ ក្លិប​សាលវ័ន្ដ​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី ៣ ផ្ដួល​អ្នក​ប្រដាល់​លាប រដ្ឋា ក្លិប​ដីឡូត៍​មាន​រិទ្ធ ឲ្យ​សន្លប់​នៅ​ទឹក​ទី ២។ តាម​ប្រភព​ពី​អ្នក​តាម​ដាន​ពី​សមត្ថភាព​កីឡាករ​ទាំងពីរ​គូ​នេះ ការ​ប្រកួត​របស់​ពួកគេ ដែល​មាន​តែ​ចំនួន ៣ ទឹក​នោះ ពិត​ជា​ស្រួច​ស្រាវ និង​ល្អ​មើល​បំផុត​ពី​ព្រោះ ៣ ប្រកួត​ដូចគ្នា​កន្លង​មក ភាគ​ច្រើន​សុទ្ធ​តែ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់។

ទោះជា​យ៉ាងណា តាមរយៈ​ក្រុម​អ្នក​និយម​ទស្សនា​តាម​តូប​កាហ្វេ​ដែលមាន​ហាងឆេង​ភ្នាល់​លុយ​ផង​នោះ បាន​ធ្លាយ​ព័ត៌មាន​បណ្តើរៗ​ថា សម្រាប់​កីឡាករ​ដែល​ឈ្នះ​ទទួល​បាន​កៅអី​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ប្រាក់​ចំនួន ៤០០០ ដុល្លារ​អាមេរិក​នោះ ជើង​ថ្មី​ធន មករា នឹង​ឈ្នះ​ជើង​ចាស់ យក្ស​ផ្លែ ហើយ​លន បញ្ញា នឹង​ឈ្នះ​សង គង់ ដើម្បី​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ៕