ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង អ៊ូច ធារិទ្ធ របស់ក្លិបអាណាចក្រគុនខ្មែរ ដែលឈ្នះមេដាយមាសពីការប្រកួតថ្នាក់ជាតិប្រដាល់សកល ចំនួន ៣ ឆ្នាំជាប់ៗគ្នាក្នុងទម្ងន់ ៥៧ គីឡូក្រាមនោះ នឹងចូលហ្វឹកហាត់ប្រមូលផ្តុំក្នុងក្រុមប្រដាល់សកលជម្រើសជាតិនាពេលឆាប់ៗនេះ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ ស្របពេលដែលទីផ្សារប្រកួតប្រដាល់គុនខ្មែររកប្រាក់ចំណូលបានល្អ ប៉ុន្តែក្លិបរបស់គេ ត្រូវបានផ្អាកបណ្តោះអាសន្នដោយបញ្ហាកូវីដ ១៩ កំពុងផ្ទុះឡើងខ្លាំង។
អ៊ូច ធារិទ្ធ បានកសាងឈ្មោះល្បីល្បាញទាំងការប្រកួតប្រដាល់គុនខ្មែរ និងសកល អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយទទួលបានលទ្ធផលល្អ ហើយគេជាអ្នករកចំណូលមកទ្រទ្រង់ជីវភាពក្នុងគ្រួសារដែលមានឪពុកម្តាយចាស់ និងប្អូនស្រី ២ នាក់កំពុងសិក្សានៅឡើយ។
កីឡាករដែលបានចូលហាត់ប្រដាល់ក្នុងវ័យ ១៨ ឆ្នាំ អ៊ូច ធារិទ្ធ បានប្រាប់ថា៖ «ខ្ញុំបានឈប់រៀន នៅត្រឹមថ្នាក់ទី ១២ ដោយសារជីវភាពលំបាកពេក ហើយក៏សម្រេចចិត្តចូលហ្វឹកហាត់ប្រដាល់ក្នុងឆ្នាំ ២០១៥។ ស្នាដៃ នៅលើសង្វៀនប្រដាល់ខ្ញុំទទួលបានឈ្មោះល្បី ដោយសារលោកគ្រូ ធី ណារិទ្ធ ជួយបណ្តុះបណ្តាល អប់រំណែនាំ និងលើកទឹកចិត្ត ដោយរយៈពេល ៥ ឆ្នាំនេះ ខ្ញុំប្រកួតបាន ១០៣ ដង ឈ្នះ ៧៤ ចាញ់ ២៥ ស្មើ ៤ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់ ៣៩ ដង ហើយខ្ញុំធ្លាប់ចូលប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាមបានម្តងដែរ ប៉ុន្តែចាញ់កីឡាករថៃ និងបានធ្លាក់»។
យ៉ាងណាក៏ដោយ អ៊ូច ធារិទ្ធ សាងបានភាពល្បីល្បាញ និងធ្លាប់បានឈ្នះប្រាក់រង្វាន់ធំៗជាច្រើន ហើយចុងក្រោយរូបគេបានឈ្នះប្រាក់លាននៅសង្វៀនថោន បន្ទាប់ពីឈ្នះជើងខ្លាំង វ៉ាន់ វឿន ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ធារិទ្ធ បានបន្ថែមថា៖ «ក្នុងរយៈពេល ៥ ឆ្នាំនេះ ខ្ញុំនៅតែឡើងប្រកួតប្រដាល់សកល ព្រោះខ្ញុំជាប់ជម្រើសជាតិប្រដាល់សកល ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ចំនួន ៣ ឆ្នាំ និងឆ្នាំនេះ ហាត់ត្រៀមសម្រាប់ស៊ីហ្គេមនៅវៀតណាមទៀត»។
ទោះបីជាយ៉ាងណា ការបិទក្លិបប្រដាល់បានធ្វើឱ្យ អ៊ូច ធារិទ្ធ កំពុងជួបការខ្វះខាតខ្លាំង។ «ខ្ញុំកំពុងតែលំបាកខ្លាំងណាស់ ព្រោះម្តាយខ្ញុំខ្ចីលុយធនាគារមកធ្វើផ្ទះ ហើយខ្ញុំជាអ្នករ៉ាប់រងការបង់ប្រាក់នោះ ប៉ុន្តែឥឡូវក្លិបបិទ មិនដឹងថា យ៉ាងណានោះទេ ដ្បិតអីខ្ញុំជាអ្នករ៉ាប់រងទាំងអស់ក្នុងគ្រួសារ។ ហេតុនេះ ខ្ញុំនឹងសុំការអនុញ្ញាតពីសហព័ន្ធទាំង ២ ដើម្បីសុំឡើងប្រកួតយ៉ាងហោចណាស់ ១ ខែឱ្យបានម្តង ដើម្បីជីវភាព ហើយខ្ញុំក៏នឹងខិតខំហាត់ប្រដាល់សកលឱ្យខ្លាំង ដើម្បីចូលរួមស៊ីហ្គេមនៅវៀតណាម»។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ថា អ៊ូច ធារិទ្ធ ជាបេក្ខជនជម្រើសជាតិប្រដាល់សកលម្នាក់ ក្នុងចំណោមបេក្ខភាពទាំង ១៣ នាក់ (ស្រី ២ នាក់) ដែលត្រូវត្រៀមស៊ីហ្គេមនៅវៀតណាម។
ប៉ុន្តែទោះយ៉ាងណា លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ចំពោះការប្រមូលផ្តុំរបស់ប្រដាល់សកល សហព័ន្ធមិនមែនតឹងតែងពេកទេ គឺអនុញ្ញាតឱ្យកីឡាករចេញប្រកួតគុនខ្មែរបានខ្លះ ព្រោះទីផ្សារប្រកួតប្រដាល់សកលគ្មានអ្នកស្ពនស័រ ហេតុនេះការចេញឱ្យប្រកួតខ្លះក៏ល្អដែរ ដើម្បីពង្រឹងសមត្ថភាព និងរកបានប្រាក់ចំណូលផងដែរ ប៉ុន្តែមិនឱ្យញឹកញាប់ពេកទេ នាំឱ្យប៉ះពាល់ដល់កម្លាំង»។
ចំណែក លោក ធី ណារិទ្ធ គ្រូបង្វឹក អ៊ូច ធារិទ្ធ បាននិយាយថា៖ «បញ្ហាជំងឺកូវីដ ១៩ ផ្ទុះឡើង បង្ខំឱ្យយើងបិទ និងផ្អាកការហាត់សិន ដើម្បីបំបែកគ្នាទៅផ្ទះ ប៉ុន្តែចំពោះ ធារិទ្ធ បើគាត់ចាំបាច់ ត្រូវប្រកួត គឺគាត់អាចមកហាត់ម្នាក់ឯងជាមួយខ្ញុំបាន ព្រោះគាត់រ៉ាប់រងជីវភាពគ្រួសារទាំងស្រុង អ៊ីចឹងយើងហាត់ដោយរក្សាតាមការណែនាំរបស់ក្រសួងជំនាញទៅ ដ្បិតអី អ៊ូច ធារិទ្ធ រស់នៅម្តុំចោមចៅ ជិតក្លិបខ្ញុំស្រាប់»៕