ភ្នំពេញៈ អ្នកប្រដាល់ ធី តុងហ៊ី ដែលប្រឡូកក្នុងវិស័យប្រដាល់ជិត ១០ ឆ្នាំ តែមិនទាន់ទទួលបានលទ្ធផលល្អគាប់ចិត្តទេ ទោះបានប្តូរចេញពីក្លិបសាលវ័ន្តកីឡា និងក្លិបវិបុលពោធិ៍សែនជ័យនោះក្តី។ បច្ចុប្បន្នគេបានផ្លាស់មកនៅក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យវិញ និងបានឈានជើងចូលហ្វឹកហាត់នៅក្នុងក្លិបឈឆាមពានខេត្តស្រះកែវ នៅលើទឹកនៃប្រទេសថៃ ហើយរូបគេត្រូវចំណាយពេលជាង ២ ខែ ដើម្បីហ្វឹកហាត់ និងប្រកួតនៅលើទឹកដីថៃក្នុងកម្មវិធីរបស់សង្វៀន Max Muythai ចំនួន ៣ លើក ដើម្បីស្រង់យកបច្ចេកទេស និងបទពិសោធជាមួយកីឡាករដែលជាជនបរទេស។
កីឡាករមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ធី តុងហ៊ី មានបងប្អូន ៨ នាក់ ហើយគេជាកូនទី ៧ ឯបងប្រុស ៣ នាក់ទៀតក៏ជាអ្នកហ្វឹកហាត់ប្រដាល់គុនខ្មែរដែរ ដោយក្នុងនោះបងប្រុសរបស់គេម្នាក់ឈ្មោះ ឡុង គឹមសែន ក៏ជាកីឡាករឆ្នើមល្បីល្បាញលំដាប់ជួរមុខ ១ រូបដែរនៅក្នុងអំឡុងឆ្នាំ ២០០៤ ដែលជាសិស្សគណនៅក្លិបសាលវ័ន្តកីឡាជាមួយលោកគ្រូ ឡុង សាលវ័ន្ត។
កីឡាករ ធី តុងហ៊ី បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅខេត្តឈុនបុរី ក្រុងប៉ាតាយ៉ា ប្រទេសថៃកាលពីសប្តាហ៍មុនចំពោះការចាកចេញពីមាតុភូមិមកហ្វឹកហាត់ប្រទេសថៃថា៖ «បច្ចុប្បន្នទម្ងន់ពិតរបស់ខ្ញុំ ៧២ គីឡូក្រាមគឺលំបាកស្វែងរកចាប់គូប្រកួតណាស់នៅស្រុកខ្មែរ ហើយសូម្បីតែផ្លាស់ប្តូរក្លិបអស់ ២ ហើយនៅតែចាប់គូប្រកួតមិនបានដែរ ព្រោះតាមសង្វៀនមួយចំនួនរើសអើងចំពោះខ្ញុំ បើទោះបីជាខ្ញុំធ្លាប់បានលេខ ២ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Ganzberg នៅសង្វៀនខេត្តសៀមរាបរបស់ CTN ក៏ដោយ»។
តុងហ៊ី បានបន្ថែមថា៖ «ពេលនេះខ្ញុំសម្រេចចិត្តមកហ្វឹកហាត់នៅស្រុកថៃ សុំឡើងប្រកួតជាមួយកីឡាករបរទេសមានថៃ និងប្រេស៊ីលមួយរយៈសិន ដើម្បីមានបទពិសោធល្អ ហើយវិលទៅប្រកួតដណ្តើមយកខ្សែក្រវាត់នៅស្រុកខ្មែរយើងវិញឲ្យបាន ព្រោះកន្លងមកមានក្រុមលេងហ្វេសប៊ុកបានរិះគន់ និងជេរខ្ញុំ។ ហេតុនេះក្នុងពេលហាត់ និងប្រកួតក្នុងប្រទេសថៃ ខ្ញុំមិនសំដៅលុយតម្លៃខ្លួនទេគឺឲ្យតែបានត្រឹមហូបចុក ស្នាក់នៅ និងបានហ្វឹកហាត់លក្ខណៈស្តង់ដាឡើងប្រកួតបានគិតថាល្អពេញចិត្តណាស់ហើយ»។
អ្នកប្រដាល់ចូលចិត្តប្រើជង្គង់រូបនេះបានបន្ថែមថា៖ «ការចេញមកហាត់ និងប្រកួតនៅប្រទេសថៃនេះទទួលបានការឧបត្ថម្ភពីលោក ថៃ អ៊ូ ប្រធានសមាគមកីឡាប្រដាល់គុនខ្មែរខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសមត្ថភាពឲ្យបានល្អត្រៀមឡើងប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ក្នុងខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ»។
តាមការអះអាងរបស់ ធី តុងហ៊ី គឺក្នុងរយៈពេល ១០ ឆ្នាំនេះរូបគេប្រកួតបាន ១៨០ ដងឈ្នះ ១៥២ ចាញ់ ២៨ ដងក្នុងនោះធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ៥០ ដង ហើយគោលបំណងធំរបស់គេគឺហាត់ឲ្យបានល្អ ដើម្បីចង់វ៉ៃជាមួយកីឡាករ វង្ស ណយ បានម្តង ហើយបើចាញ់មិនយកតម្លៃខ្លួនទេ។ ប៉ុន្តែ តុងហ៊ី បានស្នើសុំបងប្អូនរួមជាតិមេត្តាសូមកុំសើចចំអកជេរប្រទេចអី ទោះបីការប្រកួតចាញ់ព្រោះគ្រាន់ដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធប្រកួតជាមួយកីឡាករបរទេសហេតុនេះបើមិនគាំទ្រ សូមកុំយកជើងរាទឹក ។
លោក ថៃ អ៊ូ អ្នកគ្រប់គ្រង ធី តុងហ៊ី បាននិយាយថានៅរាត្រីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩ នេះ តុងហ៊ី នឹងឡើងប្រកួតជាមួយកីឡាករថៃនៅប៉ុស្តិ៍លេខ ៨ របស់ថៃ នាទីក្រុងបាងកក ហើយនៅក្នុងគម្រោងប្រកួតនៅស្រុកថៃចំនួន ៣ លើកគឺនៅសល់តែ ១ ប្រកួតនេះទៀតទេ ខណៈ ២ ប្រកួតកន្លងមក គឺកាលពីលើកទី ១ ចាញ់ម្ចាស់ខ្សែក្រវាត់មកពីប្រទេសប្រេស៊ីល Danier Morales ដោយពិន្ទុនៅក្រុងប៉ាតាយ៉ា និងលើកទី ២ បានចាញ់ពិន្ទុកីឡាករថៃ នៅខេត្តស្រះកែវ។
ចំណែកលោកគ្រូប្រដាល់ហេង ប៊ុនឃីម ដែលនាំកីឡាករទៅប្រកួតនៅថៃ បាននិយាយថា៖ «យើងដឹងហើយនៅស្រុកថៃ ការផ្គូផ្គងភាគច្រើនកីឡាករថៃ មានសមត្ថភាពល្អជាង ហើយលទ្ធផលប្រកួត បើយើងវាយឈ្នះមិនដាច់ មិនបានទេ។ ជាក់ស្តែងការប្រកួតរបស់ ធី តុងហ៊ី លើកទី ២ កាលពីរាត្រីថ្ងៃទី ១៩ ខែឧសភាជាមួយកីឡាករថៃនៅខេត្តស្រះកែវ ប្រទេសថៃ គឺ តុងហ៊ី មានប្រៀបឈ្នះ ប៉ុន្តែបានដួលនៅចុងទឹក ២ ដងក៏នាំឲ្យចាញ់ គឺ សោកស្តាយណាស់»៕