ភ្នំពេញៈ កីឡាករ​កម្ពុជា ធី តុងហ៊ី និង នន់ ជំនិត សុទ្ធតែ​បាន​ចាញ់​បរទេស​ក្នុង​ការប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ក្នុង​នោះ ធី តុងហ៊ី មកពី​ក្លិប​ក្រុង​ប៉ោយប៉ែត​ចាញ់​ពិន្ទុ​អូស្ត្រាលី Darin Chen ហើយ នន់ ជំនិត របស់​ក្លិប​ស្វាយរលំ​ឬទ្ធិជ័យ​បាន​ចាញ់​ក្រោយ​ស្នាដៃ​ថៃ Phat Namneung ​បន្ទាប់ពី​ប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ​។

ប៉ុន្តែ​ជាមួយ​លទ្ធផល​ចាញ់​ដូច​គ្នា​នេះ​ពួកគេ​មាន​វាសនា​ខុស​គ្នា គឺ ធី តុងហ៊ី បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ហើយ ប៉ុន្តែ នន់ ជំនិត ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រកួត​ផ្តល់​ឱកាស​ឲ្យ​បាន​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ទី​ ២ ដោយសារ​តែ​កីឡាករ​ថៃ Phat Namneung រក្សា​ទម្ងន់​មិន​បាន​តាម​ការកំណត់​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ពិន័យ​ឲ្យ​ចាញ់​ជា​ស្វ័យប្រវត្តិ​តាំងពី​មុន​ការប្រកួត​ម្ល៉េះ​។

កីឡាករ ធី តុងហ៊ី ដែល​បាន​អះអាង​ពី​ការត្រៀម​ខ្លួន​ឡើង​ប្រកួត​បាន​ល្អ​នោះ គឺ​ការប្រកួត​ជាក់ស្តែង​បាន​បរាជ័យ​គួរ​ឲ្យ​អស់សំណើច ព្រោះ​ស្នៀត​ប្រកួត​របស់​គេ មហាអន់ មិន​ព្រម​វាយ​ដៃគូ​មុន​នោះ​ឡើយ ហើយ​ក្នុង​ចំណោម​ចៅក្រម​ទាំង​ ៥ បាន​ផ្តល់​ពិន្ទុ​ឲ្យ ធី តុងហ៊ី ចាញ់ Darin Chen ដោយ​ឯកច្ឆន្ទ ៥-០ គឺ តុងហ៊ី ហាក់​ដូចជា​កាន់តែ​ខ្សោយ និង​ធ្លាក់​អស់​ប្រិយភាព​។

ទោះបី​ជា​យ៉ាង​ណា​កីឡាករ ធី តុងហ៊ី បាន​និយាយ​ក្រោយ​ការប្រកួត​ថា រូបគេ​ប្រឹង​អស់​ពី​សមត្ថភាព ហើយ​វ៉ៃ​បាន​ប៉ុណ្ណឹង​ដែរ តែ​គេ​ឲ្យ​ចាញ់​គឺ​មិន​សម​សោះ​។ ប៉ុន្តែ​លោក ថៃ អ៊ូ ដែល​ជា​អ្នកមើល​ថែទាំ ធី តុងហ៊ី បាន​ស្តីបន្ទោស​ដោយ​បាន​និយាយ​ថា​៖ «​តុងហ៊ី វ៉ៃ​ល្ងង់​ណាស់​គឺ​មិន​ព្រម​ចេញ​វ៉ៃ​គេ​មុន​ទេ​»​។

លោក ថៃ អ៊ូ បាន​បន្ថែម​ថា​៖ «​ទោះ​ជា​ចេញ​ស្នៀត​អី​ក៏​បាន​ដែរ ប៉ុន្តែ​កីឡាករ​រូបនេះ វា​វ៉ៃ​ល្ងង់​បំផុត​គឺ​វាយ​ប្រចាំ​ដោយ​គេ​វ៉ៃ​ចេញ​ ២ ​ទៅ​ ៣ ទើប​ខំប្រឹង​សង្វាត​ដេញ​វ៉ៃ​គេ​វិញ ហើយ​ត្រូវ​តែ​ខ្សល់​»​។ លោក​បន្ថែម​ទៀត​ថា​ចៅក្រម និង​គណៈកម្មការ​ផ្តល់​ពិន្ទុ​ឲ្យ ធី តុងហ៊ី ចាញ់​នេះ​សម​មុខ​វា​ហើយ ព្រោះ​ពេល​ហាត់​បាន​ល្អ​ណាស់ តែ​ពេល​ប្រកួត​មហាយ៉ាប់​។

ចំណែក​កីឡាករ​ចាស់វស្សា នន់ ជំនិត បាន​ជួប​មហា​សំណាង​ដោយ​ប្រកួត​បាន​លទ្ធផល​ចាញ់​ហើយ តែ​បែរ​ទទួល​បាន​ឱកាស​ទៅ​វគ្គ​ទី​ ២ ​បន្ត​ព្រោះ​ថៃ Phat Namneung ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រកួត​ពិន័យ​ឲ្យ​ចាញ់​ជា​ស្វ័យប្រវត្តិ ព្រោះ​រក្សា​ទម្ងន់​តាម​លក្ខខ័ណ្ឌ​កំណត់​ត្រឹម​ ៦៩ ​គីឡូក្រាម​មិន​បាន​។

លោក រាជ សុផែន ស្នងការ​ប្រកួត​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​ប្រកាស​ថា ការពិន័យ​ឲ្យ​កីឡាករ​ថៃ Phat Namneung ឲ្យ​ចាញ់​គឺ​យោង​តាម​បទបញ្ជា​ប្រកួត ហើយ​ក្នុង​នោះ​ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើតឡើង​បន្ត​ទៀត ទោះ​ជា​កីឡាករ​មកពី​ក្លិប​ណា​ក៏ដោយ​គឺ​ត្រូវ​តែ​ពិន័យ​ឲ្យ​ធ្ងន់ មិន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​នោះ​ឡើយ​៕