ភ្នំពេញ៖ ព្រឹត្តិ​ការណ៍ ​Boostrong​ Gold​ Medal ​Fighter​on Fir ​សម្រាប់​ថ្ងៃអាទិត្យ​ទី ៧ ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៩ ​នេះ នៅ​​សង្វៀន​អាស៊ី​អាគ្នេយ៍ ​គឺ​ជា​ការ​ប្រកួត​ជម្រុះ​បញ្ចប់​វគ្គ​ទី​១​ ដោយ​ចាប់​ឆ្នោត​តម្រូវ​អ្នក​ប្រដាល់​កម្ពុជា​ ២ រូប​គឺ ​ធី​ តុងហ៊ី​ មក​ពី​ក្លិប​ពន្លឺវិបុល​ និង ​នន់ ​ជំនិត នៅ​​ក្លិប​ស្វាយ​រលំ​ឬទ្ធិជ័យ​ប៉ះ​ជា​មួយ​កីឡាករ​មក​ពី​អូស្ត្រាលី​ និង​កីឡា​ករ​មក​ពី​ថៃ​ក្នុង​ទម្ងន់​ ៦៩​ គីឡូក្រាម​ដូច​គ្នា​។​

ជំនួប​ប្រ​កួត​វគ្គ​នេះ ​កីឡាករ ​ធី ​តុងហ៊ី​ ត្រូវ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​អូស្រ្តាលី​ឈ្មោះ​ ដារីន ​ចិន ​(Darin Chen)​ ចំណែក​កីឡាករ ​នន់ ​ជំនិត ​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ​ Phat Namneung ​ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​ មាន ​៣ ​ពិន្ទុ ​បាន​ឡើង​ទៅ​ប្រ​កួត​វគ្គ​ទី​២​ បន្ត​ ខណៈ​ដែល​អ្នក​ចាញ់​ត្រូវ​ធ្លាក់​ចេញ​។​

ធី​ តុង​ហ៊ី​ ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហ្វឹក​ហាត់​និង​ប្រ​កួត​នៅ​ប្រទេស​ថៃ​នោះ មាន​​សមត្ថភាពកើន​​កម្រិត​វិជ្ជា​គុន​គ្រាន់​បើ​ជាង​មុន​។

ជុំវិញ​​ប្រ​វត្តិ​ប្រ​កួតវិញ កីឡាករ​ តុងហ៊ី ធ្លាប់​​បាន​ប្រកួត​ ៩២ ដង ​ឈ្នះ ៦៧ ដង ​ចាញ់ ២២ ដង ​និងស្មើពិន្ទុ ៣ ដង​ ​ចំណែក​កីឡាករ​អូស្ត្រាលី​ Darin Chen ​មាន​ប្រ​វត្តិ​ប្រ​កួត​បាន​ចំនួន ​២៧ ដង ​ឈ្នះ​ ២០ ដង​ ចាញ់ ៧ ដង​។​

អ្នកប្រដាល់​អូស្រ្តាលី​រូប​នេះធ្លាប់​មកប្រកួត​នៅស្រុក​ខ្មែរ​ម្ដង​ហើយជា​មួយ​កីឡាករ វង្ស វិឆ័យ ​ប៉ុន្តែ​ប្រកួត​ចាញ់​អ្នក​ប្រដាល់កម្ពុជា​ដែល​មក​ពី​ក្លិប​កង​ទ័ពឆ័ត្រ​យោង ៩១១​ ដោយ​ពិន្ទុ​យ៉ាង​ស្វិត​ស្វាញ​។​

កីឡាករ ធី ​តុងហ៊ី​ និយាយ​ថា​៖ «​ជំនួប​ប្រ​កួត​នេះ​ ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​៨០​ភាគ​រយ​ពី​ព្រោះ​ខ្ញុំ​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ ហើយ​​ស្នៀត​ដែល​ខ្ញុំ​ត្រៀម​នោះ​គឺ​ជង្គង់​និង​ទាត់​ឆ្ងាយ​ដើម្បី​ផ្ដួល​ដៃ​គូ​ប្រកួត​ឲ្យ​សន្លប់​តែ​ម្តង​»។

​លោក​ ថៃ ​អ៊ូ ​ប្រ​តិភូ​នាំ​កីឡាករ​មក​ប្រ​កួត​និយាយ​ថា​៖«​ជំនួប​ប្រ​កួត​នេះ​សំខាន់​ណាស់​ពី​ព្រោះ​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ រីឯ​អ្នក​ចាញ់​គឺ​​អស់​ឱកាស​។ ​ជា​មួយ​គ្នា​នេះ​តាម​ខ្ញុំ​វិភាគ​សមត្ថភាព​ខ្ញុំ​មើល​ឃើញ​នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដើម្បី​ទទួល​បាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​​ជុំទី​២​ ទៀត ​ប៉ុន្តែ​ ធី​ តុង​ហ៊ី ​ទំនង​មាន​ប្រៀប​ជាង​ដោយ​សារ​ក្បាច់​​កណ្តាប់​ដៃ ​ទាត់ ​និង​​ជង្គង់​ប៉ុន្តែ​ ធី ​តុង​ហ៊ី​ ចាញ់​ប្រៀប​កណ្តាប់​ដៃ​កីឡា​អូស្ត្រាលី​នេះ​​ បើ​មិន​ប្រ​យ័ត្ត​អាច​ចាញ់​យ៉ាង​ងាយ»​​។​

ចំណែក​កីឡាករ ​​នន់ ​ជំនិត ​វិញ​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេត​ ណាំនឹង ​(Phat Namneung) ​ដោយ​សារ​​នេះ​ជា​គូ​ប្រកួត​ដ៏​តឹង​តែង ​ហើយ​សម្រាប់​ ជំនិត ​គឺ​លំបាក​យក​ឈ្នះ​​ពី​ព្រោះ​​មួយ​រយៈ​នេះ​​ គាត់​វ៉ៃ​អន់​ និង​​ចាញ់​ភាគ​ច្រើន​មិន​រហ័សដូច​មុន​ៗ​ទេ​។​

ទោះ​ជា​​យ៉ាង​ណា ​​កីឡាករ ជំនិត ​មាន​កណ្ដាប់​ដៃ​ធ្ងន់​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ច្រើន​មក​ហើយ​ ប៉ុន្តែ​​ល្អ​បាន​តែ​ត្រឹម ៣​ ទឹកដំបូង​ ព្រោះ​​កម្លាំង​គេ​ស្រុតចុះ​ខ្លាំង​តែ​ម្ដង​។

​ជំនិត​ មានប្រវត្តិ​ប្រកួត​ចំនួន ៧៨ ដង ​ឈ្នះ ៦០ ​ដង ​ចាញ់ ១៦ ដង និង​ស្មើពិន្ទុ ២ ដង​ ចំណែក​កីឡាករ​ថៃ ​ផេត ណាំនឹង ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ​៨៥ ​ដង ​ឈ្នះ ​៦៦ ​ដង ​ចាញ់​ ១៨ ដង ​និង​ស្មើ​ពិន្ទុ ១ ​ដង​។

អ្នក​ប្រដាល់​ ​នន់ ​ជំនិត ​និយាយ​ថា​៖ «​មាន​សង្ឈឹម​ឈ្នះ​តិច​ពី​ព្រោះ​កីឡាករ​ថៃ​នេះ​ល្អ​ក្បាច់​ទាត់​​ ហើយ​ពេល​ណា​ខ្ញុំ​គ្មាន​ឱកាស​វ៉ៃ​កណ្តាប់​ដៃ​គឺ​លំបាក​នឹង​​រក​ចំណុច​វាយ​ឈ្នះ​ណាស់​ ប៉ុន្តែ​​ខ្ញុំ​នឹង​វ៉ៃ​អស់​ពី​សមត្ថភាព​ តែ​បញ្ហា​ឈ្នះ​ឬ​ចាញ់​មិន​ហ៊ាន​និយាយ​មុន​ទេ​ខ្លាច​គេ​ថា ​យើង​អួត​»​៕​