ភ្នំពេញៈ ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​កម្ពុជា ​ដែល​មាន​រហ័ស្ស​នាម​ថា «អ្នក​លេង​ពូថៅ​ខ្លី» ​​ធឿន ​ធារ៉ា​ របស់​​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម​ ត្រូវ​បាន​គណៈកម្មការ​ផ្គូរផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ដាក់​ឲ្យ​ជួប​​​ជើង​ខ្លាំង​​ថៃ​ Awatan​ Tor ​Morsri ​ក្នុង​ទម្ងន់ ​៧២ ​គ.ក្រ ​ថ្ងៃ​អាទិត្យ​ខាង​មុខ​។

ការ​ជួបគ្នា​លើក​នេះ ​វា​បាន​ក្លាយ​​ជា​ការ​ប្រកួត​សងសឹក​យ៉ាង​សំខាន់​របស់ ធឿន ធារ៉ា ទៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់ Awatan ព្រោះ ធឿន​ ធារ៉ា​ បាន​ចាញ់​ជើង​ខ្លាំង​​រូប​​នេះ ដោយ​ពិន្ទុ​ដាច់ ក្នុង​ការ​ជួប​គ្នា​​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​ខែ​មុន​។

ធឿន​ ធារ៉ា ​ធ្លាប់​ល្បីល្បាញ​ខ្លាំង នៅ​សង្វៀន ​Max Muay Thai ​ប៉ុន្តែ​កាល​ពី​​ចុង​ឆ្នាំ ​២០១៨​ ធឿន​ ធារ៉ា​ បាន​ឃ្លាត​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់​ និង​លែង​ប្រកួត​។ ​បន្ថែម​ពី​លើ​នេះ​ កាល​ពី​ខែ ​មីនា ​ ឆ្នាំ ​២០១៩​ ធឿន​ ធារ៉ា ​បាន​ឱកាស​ឡើង​ប្រកួត​នៅ​សង្វៀន​ ​Max Muay Thai​ តែ​បាន​ចាញ់​យ៉ាង​គ្រាំគ្រា​ ដោយ​សន្លប់​ក្រោម​ជង្គង់​កីឡាករ​ថៃ​ត្រឹម​ទឹក​ទី​២។

បទ​ពិសោធ​​ឡើង​សង្វៀន​របស់ ​ធឿន ​ធារ៉ា នៅ​ខ្ចី​វស្សា​ ប៉ុន្តែ​សាង​ភាព​ល្បីល្បាញ​នៅ​សង្វៀន​ Max Muay Thai ​និង​វិល​ចូល​ប្រកួត​ក្នុង​ស្រុក​ឈ្នះ​កីឡាករ ​រឿង ​សោភ័ណ្ឌ​ កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៧​ ដណ្តើម​បាន​ជើង​ឯក​ប្រចាំ​ឆ្នាំ។ ចំណែក​​ការ​វិល​មក​ជួប​ជើង​ខ្លាំង​របស់​ថៃ​ Awatan​ លើក​នេះ​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ​ពី​អ្នក​តាម​ដាន​ប្រដាល់​។​

ចំណែក​ Awatan ​វិញ​មាន​បទពិសោធ​ច្រើន​ណាស់​ ប៉ុន្តែ​កាល​គេ​​ប្រកួត​ក្នុង​ទម្ងន់ ​៧៥ ​គីឡូក្រាម​ ធ្លាប់​ចាញ់ ​អ៊ុង ​វិរៈ ​និង​ចាញ់ ​ព្រំ ​សំណាង​ ប៉ុន្តែ​ពេល​គេ​សម្រក​ទម្ងន់​មក​ត្រឹម​ក្រោម ​៧២ ​គីឡូក្រាម គឺ​កាល​ពី​ពេល​​ថ្មីៗ​នេះ ​ថៃ​ម្នាក់​នេះ​បាន​ឈ្នះ​ រឿង ​សោភ័ណ្ឌ ​ដោយ​ពិន្ទុ​នៅ​សង្វៀន​ SEATV និង​ឈ្នះ​ ធឿន ​ធារ៉ា ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​។​

លោក​ ធី​ ណារិទ្ធ ​ជំនួយ​ការ​ផ្គូរផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ ​និយាយ​ថា​៖ «​ធឿន ​ធារ៉ា ​ដាក់​ឲ្យ​​ប្រកួត​ជាមួយ​​ថៃ​ Awatan ​នេះ​ ពិត​ជា​គូ​លំដាប់​ជួប​គ្នា​ដោយ​កម្រ ​ហើយ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ ក៏​ដូច​ម្ចាស់​ស្ពនស័រ​ដែរ​។​ ចំណែក ​ធឿន ​ធារ៉ា ​សំងំ​ហាត់​ដោយ​ខ្លួន​ឯង​ ​ព្រោះ​គ្រូ​អេ​ ភូថង ​មាន​ជំងឺ»​។​

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​វិញ លោក ​ធី ​ណារិទ្ធ បាន​​អះអាង​ថា​ ​មិន​ទាន់​អាច​ថា ​នរណា​មាន​ប្រៀប​ជាង​បាន​ទេ​ ​ព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​ច្រក ​និង​​កល​ល្បិច​ប្រកួត​ជំនាញ​ដូច​គ្នា​។ ៣ ​​ទឹក​ដំបូង​ ធារ៉ា​ នៅ​កម្លាំង​ល្អ ​អាច​ប្រើ​ស្នៀត​កែង​រូស​ ដែល​គេ​និយម​ថា​ អាវុធ​ប្រចាំ​ត្រកូល​របស់ ​ធារ៉ា ​គឺ​កែង​មុខ​កាណូត​។​ ចំណែក Awatan ​កម្លាំង​ធានា​បាន​ល្អ​ទាំង ​៥ ​ទឹក​ ក្នុង​នោះ​ក្បាច់​ទាត់​ឆ្ងាយ ​និង​ជង្គង់​ គឺ​មាន​ប្រៀប​ជាង ​ធឿន ​ធារ៉ា​។

លោក ​បុង​ ពិសិដ្ឋ​ នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​ជា​អ្នក​និយម​តាម​ដាន​ការ​ប្រដាល់ បាន​ប្រាប់​ថា​៖ ​«ខ្ញុំ​គិត​ថា ​ធឿន ​ធារ៉ា​ មិន​អាច​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ Awatan​​ បាន​នោះ​ទេ ​ព្រោះ​តាម​ដំណឹង​ការ​ហ្វឹកហាត់​របស់​គេ​ គឺ​មិន​សូវ​បាន​ជាប់​ឡាប់ ​ពិសេស​កាល​​ចាញ់​ Awatan​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​គឺ​ចាញ់​ដាច់​តែ​ម្តង​ផ្នែក​ជង្គង់​ និង​ទាត់​។​ សម្រាប់​​អ្នក​ទស្សនា ​ដោយ​ភ្នាល់​វិញ​គិត​ត្រឹម​ថ្ងៃ​នេះ​មាន​ហាង​ឆេង​ភ្នាល់​តាម​តូប​កាហ្វេ​ គេ​យក​ Awatan ​ត​ឲ្យ ​ធឿន ​ធារ៉ា ​១០ ​ស៊ី​តែ ​៤ ​ប៉ុណ្ណោះ​»៕​