ភ្នំពេញ៖ ​កីឡាករ​កម្ពុជា ធឿន ធារ៉ា និង ឌុម កែវដា ​សុទ្ធ​តែ​ត្រូវ​ប្រឈម​នៅ​ការ​ប្រកួត​ដ៏​តានតឹង ខណៈ​អ្នក​ទាំង ​២ ត្រូវ​បាន​ដាក់​ឲ្យ​ជួប​អ្នក​ប្រយុទ្ធ​ដ៏​ពិត​ប្រាកដ​របស់​ថៃ Klakhunserk​ និង ​Keokangwan Phrivwayo ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​យប់​ថ្ងៃ​សុក្រ​នេះ ហើយ​នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ ស្រប​ពេល​ដែល​​​កីឡាករ​ជើង​ខ្លាំង​ទាំង ​២ ​នាក់​​របស់​ថៃ​ មាន​កម្រិត​បច្ចេកទេស​លើ​​កីឡាករ​​ម្ចាស់​ផ្ទះ​។

វត្តមាន​ប្រកួត​របស់​កីឡាករ​ Keokangwan នៅ​​លើ​ទឹក​ដី​កម្ពុជា​ គឺ​លំបាក​រក​ដៃគូ​មាន​សមត្ថភាព​ឲ្យ​ស័ក្តិសម​ណាស់​ ហើយ​កន្លង​មក​ធ្លាប់​ចាញ់​ ឃីម​ ឌីម៉ា​ ២​លើក​ និង​មាន​ប្រៀប​ឈ្នះ ​១ ​លើក ​ប៉ុន្តែ​គណៈកម្មការ​ទាញ​ឲ្យ​ស្មើ​ ពិសេស​ក្រោយ​ការ​​ប្រកួត​នោះ​ហើយ​ដែល​ ឃីម​ ឌីម៉ា ​បាន​ខូច​ជើងមក​ដល់​បច្ចុប្បន្ន​។

ចំណែក ឌុម​ កែវដា ​ក៏​​ធ្លាប់​​បាន​​ចាញ់​ដោយ​ពិន្ទុ​ ​ Keokangwan ផង​ដែរ ប៉ុន្តែ​ការ​ជួប​គ្នា​លើក​នេះ ឌុម ​កែវដា ​ដែល​កំពុង​ហ្វឹកហាត់​ជាមួយ​សិស្ស​ច្បង ​រឿង ​សោភ័ណ្ឌ​ នោះ បាន​និយាយ​ទំនង​ដូច​ជា​អួត​ថា​៖ «​មាន​ទំនុក​ចិត្ត​ឈ្នះ ​៧០ ​ភាគរយ»​ ដោយ​ក្នុង​នោះ ​រឿង ​សោភ័ណ្ឌ បាន​ផ្តល់​ជា​យុទ្ធសាស្រ្ត​ថា ​ត្រូវ​​វ៉ៃ​កណ្តាប់​ដៃ​ និង​កែង​ឲ្យ​បាន​ច្រើន ​ហើយ​ត្រូវ​​បិទ ​ឬ​គេច​ពី​ស្នៀត​ទាត់​ឲ្យ​បាន ​​ព្រោះ​កីឡាករ​ថៃ​រូប​នេះ ​ល្អ​ទាត់ ​និង​ជង្គង់​ប៉ុណ្ណោះ​។

រឿង​ សោភ័ណ្ឌ​ ​​ប្រាប់​ថា៖ «​បើ ឌុម កែវដា ​ធ្វើ​តាម​ខ្ញុំ​បាន ​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ ​គឺ​យើង​មិន​ចូល​​ឱប​មិន​ឈរ​ឲ្យ​គេ​ទាត់​ចូល​នោះ​ឡើយ​»។ ចំណែក​​លោក ​គង់ ​ចាន់ធីណា​ អ្នក​គ្រប់គ្រង​បាន​​និយាយ​ថា​៖ ​«តាម​ខ្ញុំ​មើល​ពី​សមត្ថភាព ​គឺ​សង្ឃឹម​ឈ្នះ​តិច​ណាស់​ ប៉ុន្តែ​ឆន្ទៈ​ និង​ទឹក​ចិត្ត​ប្រកួត​ធំ​ គឺ​ខ្ញុំ​សរសើរ​ដល់​ ឌុម ​កែវ​ដា ​ដែល​ខំ​ហ្វឹកហាត់​ និង​តាំង​ចិត្ត​ប្រកួត​ខ្ពស់​»។​​

ចំណែក​ការ​ជួប​គ្នា​រវាង ​ធឿន​ ធារ៉ា​ ជើង​ខ្លាំង​របស់​​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម​ និង​​អ្នក​ប្រដាល់​ចាស់​វស្សា​​ជើង​ខ្លាំង​របស់​​ថៃ Klakhunserk ​ក្នុង​ប្រភេទ​ទម្ងន់ ​៧០ ​គីឡូក្រាម ក៏​ស្ថិត​នៅ​ក្នុង​​ភាព​តានតឹង​ខ្លាំង និង​ពិបាក​រក​ការ​ឈ្នះ​ផង​ដែរ ​ព្រោះ​​កីឡាករ​ថៃ​​ម្នាក់​នេះ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ម្នាក់​​នៅ​ប្រទេស ​ថៃ​។​

លោក​ អេ​ ភូថង ​គ្រូ​បង្វឹក ​របស់ ធឿន​ ធារ៉ា​ បាន​និយាយ​ថា​៖ «​ធឿន ​ធារ៉ា ​ហ្វឹកហាត់​ មិន​សូវ​បាន​ល្អ​ កម្លាំង​មិន​សូវ​ល្អ​ដូច​មុន​ទេ ​ដោយសារ​ជីវភាព​ខ្វះខាត​ ជួយ​មើល​កូន​ខ្ចី និង​​ប្រពន្ធ​ធ្វើ​ការ​រោងចក្រ​»។ ​យ៉ាង​នេះ​ក្តី​ ធឿន​ ធារ៉ា​ មាន​ចិត្ត​ធំ ​និង​មាន​ស្នៀត​ទាត់​ល្អ ព្រម​ទាំង​ល្អ​ជង្គង់​ផង​ដែរ​។​ លោក ​អេ ​ភូថង បាន​​ប្រាប់​បន្ថែម​ថា៖ ​«ការ​ចាញ់​ ឬ​ឈ្នះ​របស់​គូ​នេះ​ គឺ​តឹងតែង​ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​កីឡាករ​យើង​ គឺ​ឆាប់​ស្រុត​កម្លាំង​នៅ​ចុង​ទឹក»​។​

កីឡាករ​ Klakhunserk ជា​ជើង​ខ្លាំង​របស់​​ថៃ និង​ធ្លាប់​យក​ខ្សែ​ក្រវាត់​បាន​នៅ​ស្រុក​ខ្មែរ​ថែម​ទៀត​ផង។ អ្នក​ប្រដាល់​រូប​នេះ ធ្លាប់​មក​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ច្រើន​នាក់​ហើយ​ តែ​​មិន​ធ្លាប់​ជួប​ ធឿន ​ធារ៉ា​ នោះ​ទេ​។

ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ Klakhunserk ធ្លាប់​ប្រកួត​​ ១៦០​ ​ដង ឈ្នះ​ ១១៥ ​ចាញ់​ ៣៤​ និង​ស្មើ​ ១១​ ដង ​​ហើយ​ក្នុង​នោះ​ ​ធ្លាប់​​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​​ ៥៤ ដង ​​ខណៈ ធឿន​ ធារ៉ា ​ធ្លាប់​ប្រកួត​ត្រឹម​​ ៧៥ ​ដង ឈ្នះ​ ៦៣​ ចាញ់​ ១១​ និង​ស្មើ​ ១​ ដង ​តែ ​ធារ៉ា​ មាន​ប្រវត្តិ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ច្រើន​ជាង​ Klakhunserk គឺ​បាន​ចំនួន​​ ៦១ ​ដង​​ឯ​ណោះ​៕