ភ្នំពេញៈ អ្នក​ប្រដាល់ ធឿន ធារ៉ា បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Sing Dam ដែល​ជា​សត្រូវ​ចាស់​របស់​ខ្លួន ឲ្យ​សន្លប់​ត្រឹម​ទឹកទី ៣ ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម នៅ​លើ​សង្វៀន CNC ចំណែក​កីឡាករ​កម្ពុជា ៥ នាក់​ទៀត ក៏បាន​ឈ្នះ​បរទេស នៅ​សង្វៀន​នេះ​ដែរ។

សម្រាប់​ការ​បង្ហាញ​ខ្លួន នៅ​លើ​សង្វៀន CNC កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ធឿន ធារ៉ា ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ចេញ​ពី​ការ​ប្រកួត នៅ​ប្រទេស​ថៃ​មក​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់ មាន​ការ​ពេញ​ចិត្ត​ខ្លាំង និង​កោត​សរសើរ​ដល់​បច្ចេកទេស​ប្រកួត​របស់​គេ ដែល​មាន​ភាព​ខ្លាំង ស័ក្តិសម​នឹង​ភាព​ល្បី​ល្បាញ​របស់​គេ ពិសេស​ស្នៀត​វាយ​កែង និង​រូស​កែង​របស់​គេ​តែម្តង។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ កីឡាករ​វ័យ ២៣ ឆ្នាំ ធឿន ធារ៉ា របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម បាន​យក​ឈ្នះ​កីឡាករ​បារាំង Julein ដោយ​ពិន្ទុ ហើយ​ក្នុង​ការ​ប្រកួត​ត្រឹម ៣ ទឹក​នោះ ធារ៉ា បាន​ម៉ាត់ វាយ​កែង ពិសេស​បាន​រូស​កែង​ឲ្យ Julien បែក​ឈាម​តាំង​ពី​ទឹក​ទី ២ ប៉ុន្តែ​បារាំង​ម្នាក់​នេះ បាន​តស៊ូ​រហូត​ចប់​ទឹក​ទី ៣ និង​បាន​ចាញ់​ពិន្ទុ ទាំង​គ្រាំគ្រា​បំផុត។

ជ័យជម្នះ​នេះ បានផ្តល់​ឱកាស​ឲ្យ ធារ៉ា បាន​ឡើង​ទៅ​ជួប​ជើង​ខ្លាំង Sing Dam នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ជម្រុះ​ភាព​មន្ទិល​នា​លទ្ធផល​ស្មើគ្នា នៅ​លើ​ទឹកដី​ថៃ​កន្លង​មក។ បើ​ទោះបី​ជា Sing Dam បាន​ឈ្នះ​ឡុង សុវណ្ណឌឿន ដោយ​ពិន្ទុ នៅ​វគ្គ​ជម្រុះ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ប៉ុន្តែ Sing Dam មិន​អាច​ទប់ ធឿន ធារ៉ា ដល់ ៥ ទឹក​នោះ​ទេ។

អ្នក​ទាំង ២ នេះ ចាប់​ប្តូរ​ជង្គង់​គ្នា​ខ្លាំង​នៅ​ទឹក​ទី ១ និង​ទឹក​ទី ២ ប៉ុន្តែ​នៅ​ទឹក​ទី ៣ ធឿន ធារ៉ា បាន​វ៉ៃ​កែង​ឆ្វេង​ផ្ទួនៗ​ចំនួន ៣ កែង​ទៅ​លើ​ផ្ទៃមុខ Sing Dam និង​បាន​បុក​ថែម​មួយ​ជង្គង់​ស្តាំ ធ្វើ​ឲ្យ Sing Dam ដួល និង​ត្រូវ​អាជ្ញាកណ្តាល​រាប់​ភ្លាម។ ក្រោយ​ការ​រាប់​នេះ ធារ៉ា បាន​ធាក់​ចូល​ពោះ​មួយ​ជើង រួច​លោត​បុក​ថែម​មួយ​ជង្គង់ និង​វាយ​មួយ​កែង​ឆ្វេង​ទៀត បណ្តាល​ឲ្យ Sing Dam សន្លប់​នៅ​ចុង​ទឹក​ទី ៣ នោះ​តែម្តង។

លទ្ធផល​នេះ ធឿន ធារ៉ា ក្លាយជា​ម្ចាស់​ជើងឯក អម​ជាមួយ​ប្រាក់​រង្វាន់ ៤ លាន​រៀល រួម​ជាមួយ​ប្រាក់​តម្លៃ​ខ្លួន ដែល​ត្រូវបាន​ពិធីករ​របស់ CNC ប្រកាស​ថា បាន​សរុប​ជិត ២ ពាន់​ដុល្លារ ឯ Sing Dam បាន​ប្រាក់​រង្វាន់ ២ លាន​រៀល និង​ប្រាក់​តម្លៃ​ខ្លួន សរុប​ជាង ១ ពាន់​ដុល្លារ ផង​ដែរ។

ចំណែក​ការប្រកួត​អន្តរជាតិ​ចំនួន ៦ គូ​ទៀត កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ នៅ​សង្វៀន CNC នេះ​ដែរ ហ៊ឹម សេរី បាន​ឈ្នះ​ថៃ Pasaklek តែ រឿង សា​រ័ត្ន ចាញ់​ថៃ Chhanaksoek Lek។ រីឯ ឆៃ សារ៉ា ផ្តួល​កីឡាករ​ម៉ុងហ្គាលី Sundui Batjargal ឲ្យ​សន្លប់​ទឹក​ទី ២ មុន​ពេល ផាន់ គ្រាន់ ឈ្នះ​ពិន្ទុ​ថៃ Kreang Krai ហើយ បឺត សង្ឃឹម ទាត់​ឲ្យ​ថៃ Avuthlek ខូច​ជើង​ទឹក​ទី ១ ខណៈ​ផុន ផាន់ណា ឈ្នះ​ពិន្ទុ​ថៃ Orono៕