ក្រុងឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផែនការដ៏ធំរបស់ក្រុម Liverpool និង Manchester United ក្នុងការកែប្រែវិស័យបាល់ទាត់អង់គ្លេស ដោយបានលើកឡើងថា វាបំផ្លាញដល់ការទុកចិត្តលើការគ្រប់គ្រងបាល់ទាត់។
គម្រោងឈ្មោះ «Project Big Picture» (ផែនការរូបភាពធំ) ដ៏ចម្រូងចម្រាសនេះ នឹងនាំឱ្យមានការចំណាយប្រាក់យ៉ាងច្រើនសម្រាប់ក្លិបលេងនៅលីគអាជីពអង់គ្លេស (EFL) ដែលកំពុងលំបាក ហើយវាក៏បានបង្ហាញឱ្យឃើញពីការបែកបាក់ ខណៈឥទ្ធិពលត្រូវបានប្រមូលផ្ដុំក្នុងដៃនៃក្រុមមួយចំនួនតូចតែប៉ុណ្ណោះ។
យោងតាមសំណើនោះ ចំនួនក្រុមនៅក្របខ័ណ្ឌ Premier League នឹងត្រូវកាត់បន្ថយអី ២០ មកនៅ ១៨ ក្រុម ហើយការប្រកួតពាន League Cup និង Community Shield នឹងត្រូវលុបចោលតែម្ដង។
ការស្នើនោះ លើកឡើងទៀតថា ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ទី ១៦ នៅលីគកំពូល នឹងត្រូវចូលរួមប្រកួតកាត់ក្ដី (play-offs) ជាមួយក្រុមនៅលីគទី២ Championship ខណៈនឹងមានការផ្ដល់សិទ្ធិបោះឆ្នោតខ្ពស់ សម្រាប់ក្លិបដែលលេងនៅ Premier League រយៈពេលយូរ ៩ ក្លិប។
EFL នឹងទទួលបានភ្លាមៗនូវចំនួនទឹកប្រាក់ ២៥០ លានផោន ($៣២៥ លាន) ជាជំនួយសង្គ្រោះសម្រាប់ក្លិប ដែលរងគ្រោះធ្ងន់ធ្ងរពីការខាតបង់ចំណូលនៃការប្រកួត អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩ ខណៈពួកគេនឹងទទួលបាន ២៥ ភាគរយនៃចំណូលពីប្រព័ន្ធផ្សព្វផ្សាយនាពេលអនាគត ព្រោះការប្រកួតបាល់ទាត់នៅអង់គ្លេស ត្រូវធ្វើដោយបិទទ្វារកីឡដ្ឋាន តាំងពីខែមីនា ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ហើយក្លិបនៅលីគកម្រិតទាបៗ កំពុងប្រឈមនឹងភយន្តរាយហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ប្រធាន EFL លោក Rick Parry បានអះអាងថា ការស្នើនោះ ដែលនឹងក្លាយជាកំណែទម្រង់ដ៏ធំបំផុតរបស់បាល់ទាត់អង់គ្លេសក្នុងជំនាន់ ១ ដោយផ្ដល់ឱកាសល្អបំផុត ក្នុងការធានានូវអនាគតរបស់ក្លិប ដែលមិនស្ថិតនៅក្នុងលីគលំដាប់កំពូល។
លោកប្រធានបានសរសើរក្រុម Liverpool និង Man United ក្នុងបង្ហាញពីការនាំមុខគេ ពេលត្រូវការចាំបាច់ ដោយលើកឡើងថា វិស័យបាល់ទាត់ នឹងទទួលបានប្រយោជន៍តែខាង Premier League បានឱ្យដឹងថា គម្រោងនេះ នឹងមានផលប៉ះពាល់មិនល្អចំពោះការប្រកួតទាំងមូល ហើយពេលនេះ លោក Johnson បានគាំទ្រការយល់ឃើញហ្នឹង។
អ្នកនាំពាក្យផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីបានប្រាប់កាលពីថ្ងៃចន្ទ ថា៖ «ពិតណាស់ វាជាប្រភេទជំនួញលាក់មុខ ដែលបំផ្លាញជំនឿ ក្នុងការគ្រប់គ្រងបាល់ទាត់។ ពាក់ព័ន្ធនឹងការគាំទ្រក្លិប EFL យើងបានផ្ដល់ការធានាដោយទាំង Premier League និង EFL ដែលពួកគេមិនចង់ឱ្យក្លិបណា ១ ក្ស័យធនដោយសារវិបត្តិជំងឺកូវីដ ១៩ ឡើយ ហើយយើងដឹងថា ពួកគេមានបំណងការពារមិនឱ្យរឿងនេះ កើតឡើងដោយប្រើប្រាស់យន្តការដែលមានស្រាប់»។
អ្នកនាំពាក្យរូបនេះ បន្តទៀតថា៖ «យើងសូមធ្វើការជំរុញយ៉ាងខ្លាំងក្លាឱ្យក្របខ័ណ្ឌ Premier League និង EFL បន្តធ្វើការប្រកបដោយប្រយោជន៍ ដើម្បីបង្កើតឱ្យមាននូវកិច្ចព្រមព្រៀង ១ ដែលផ្តល់នូវចំណុចរួមដ៏ទូលំទូលាយ ១ សម្រាប់គ្រួសារបាល់ទាត់ទាំងមូល»។
នាពេលបច្ចុប្បន្ននេះ ក្របខ័ណ្ឌ Premier League ដំណើរការដោយឈរលើមូលដ្ឋាននៃក្លិប ១ សំឡេងឆ្នោត ១ ហើយចាំបាច់ត្រូវមាន ១៤ សំឡេង ដើម្បីអនុវត្តការផ្លាស់ប្តូរសំខាន់នេះ។
យោងតាមសំណើថ្មីនេះ មានត្រឹម ៦ ក្លិបប៉ុណ្ណោះ ក្នុងចំណោមក្លិប ដែលលេងយូរបំផុតទាំង ៩ នឹងត្រូវបោះឆ្នោតសម្រាប់ការកែប្រែដ៏ធំនេះ៕ AFP/VN