
ឡុង សុភី ត្រូវប្រកួតសងសឹកជាមួយ វង្ស វិឆ័យ ដែលរូបគេធ្លាប់ចាញ់ទាំងចម្រូងចម្រាស។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់ធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ៨ ស្ថាប័ន ឡុង សុភី ត្រូវដាក់ឲ្យសងសឹកជាមួយជើងខ្លាំងជំនាន់ថ្មី និងជាម្ចាស់ខ្សែក្រវាត់ចំនួន ២ ស្ថាប័ន វង្ស វិឆ័យ នៅសង្វៀន CNC នៅព្រឹកថ្ងៃសៅរ៍ ចំណែកជើងខ្លាំង ៤ នាក់ទៀតមាន លី ភា, ម៉ឺន មេឃា, ឃីម បូរ៉ា និង តាញ់ មករា ក៏ត្រូវប្រកួតគ្នា ដណ្តើមប្រាក់លាន ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរនេះផងដែរ។
ការវិលមកជួបគ្នារវាង ឡុង សុភី និង វង្ស វិឆ័យ ពិតជាមានការចំណាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ព្រោះជំនួបចុងក្រោយរបស់អ្នកទាំង ២ នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសង្វៀន SEATV ឡុង សុភី បានឡាំប៉ាតវ៉ាទៅគណៈកម្មការប្រកួត និងបានហៅការកាត់ក្តីរបស់ចៅក្រមថា មានភាពអយុត្តិធម៌ ដែលបានឲ្យរូបគេចាញ់ពិន្ទុនាំឲ្យបាត់បង់ឱកាសទៅដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ។
ហេតុនេះ ការដាក់ឲ្យ ឡុង សុភី ប្រកួតសងសឹកជាមួយ ឡុង សុភី ស្របពេលដែលគ្រប់សង្វៀនប្រដាល់ ទើបតែទទួលបានការអនុញ្ញាតឲ្យបើកដំណើរការវិញ ជាលក្ខណៈប្រកួតបិទទ្វារគ្មានអ្នកទស្សនា លើកនេះវាជាពេលវេលាដ៏ល្អចំពោះ ឡុង សុភី ក្នុងការជម្រះភាពហ្មងសៅនៅក្នុងចិត្ត ហើយអ្នកទស្សនាក៏រង់ចាំមើលទាំងអន្ទះសាផងដែរ ថាតើ ឡុង សុភី អាចយកឈ្នះ វង្ស វិឆ័យ ដើម្បីស្តារភាពត្រឹមត្រូវរបស់ខ្លួនបានទេ។
យ៉ាងណាក៏ដោយ ឡុង សុភី ដែលបានផ្លាស់មកនៅក្លិបប្រដាល់កុលបុត្រគុនខ្មែរ ១ ឆ្នាំ ជាងហើយនោះ មានសង្ឃឹមឈ្នះត្រឹម ៥០ ភាគរយប៉ុណ្ណោះ។ សុភី បាននិយាយថា៖ «ពេលឡើងប្រកួត ខ្ញុំដឹងតែវ៉ៃ ចំណែករឿងឈ្នះ ឬចាញ់ មិនហ៊ាននិយាយទេ ព្រោះលំបាកយល់ ដោយសារការកាត់ក្តីពេលខ្លះទទួលយកមិនបានទេ អ៊ីចឹងហើយទើបខ្ញុំតែងតែនិយាយមុនប្រកួត ដោយសង្ឃឹមត្រឹម ៥០ ភាគរយ គ្រប់ពេលនោះ»។
ឡុង សុភី បានបន្តថា៖ «នៅស្រុកខ្មែរ តើមានកីឡាករប៉ុន្មាននាក់ ដែលប្រកួតឈ្នះខ្ញុំ? ប៉ុន្តែតម្លៃខ្លួនប្រកួតរបស់គេ ខ្លះច្រើនជាងខ្ញុំដល់ទៅ ២ ដងឯណោះ ហើយសប្តាហ៍នេះ តម្លៃខ្លួនប្រកួតរបស់ខ្ញុំ ជាមួយ វង្ស វិឆ័យ គឺគេគិតឲ្យដូចប្រកួតអន្តរជាតិ។ ខ្ញុំសូមអរគុណណាស់ចំពោះអ្នករៀបចំកម្មវិធី គឺ ១ លើកបានត្រឹមជាង ៥០០ ដុល្លារប៉ុណ្ណោះ»។
ចំណែក វង្ស វិឆ័យ ដែលកំពុងតែល្បីឈ្មោះខ្លាំងនោះ បាននិយាយថា៖ «ខ្ញុំមិនហ៊ាននិយាយមុនប្រកួតទេ ព្រោះគាត់ជើងចាស់ មានល្បិចច្រើន ហើយយ៉ាងណាខ្ញុំក៏នៅតែសរសើរគាត់ថា មានក្បាច់ជង្គង់វាយល្អជាងខ្ញុំ ហេតុនេះខ្ញុំអាចនឹងតស៊ូជាមួយគាត់ក្នុងទំនុកចិត្តឈ្នះ ៥០ ភាគរយប៉ុណ្ណោះ»។
បន្ថែមទៅលើការប្រកួតសងសឹកនេះ ឡុង សុភី និង វង្ស វិឆ័យ ក៏ជាគូប្រកួតដណ្តើមប្រាក់លានផងដែរ មានន័យថា អ្នកឈ្នះនឹងទទួលបានទឹកប្រាក់ ១ លានរៀលទៀត បន្ថែមទៅប្រាក់តម្លៃខ្លួន។ ចំណែកកីឡាករកម្ពុជា ៤ នាក់ទៀត ក៏ត្រូវដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន នៅក្នុងពេលជាមួយគ្នានេះដែរ ដោយក្នុងនោះ ឃីម បូរ៉ា ត្រូវជួប តាញ់ មករា ក្នុងទម្ងន់ ៦០ គីឡូក្រាម ហើយ លី ភា ត្រូវប៉ះជើងខ្លាំងវ័យក្មេង ម៉ឺន មេឃា ក្នុងទម្ងន់ ៦០ គីឡូក្រាមដូចគ្នា៕