ភ្នំពេញ៖ ​ស្រប​ពេល​អ្នក​ប្រដាល់​​​ជម្រើស​ជាតិ ​ជា​ស្ត្រី​មួយ​ចំនួន​រួម​មាន ​វី ​ស្រីខួច​, វី ​ស្រីឆាយ​ និង អេ​ យ៉ានុត ​ជា​ដើម បាន​លាឈប់​ពី​អាជីព​ឈឺ​ខ្លួន​នេះ​ជា​បណ្តើរៗ​នោះ កីឡាការិនី​មាន​កណ្តាប់​ដៃ​ធ្ងន់ នូវ ​ស្រីពៅ​ ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ ក្នុង​ក្រុម​ជម្រើស​ជាតិ​កាន់​តែ​​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ខ្លាំង ដោយ​មិន​បោះបង់​អាជីព​​នេះ​ទេ ព្រោះ​មាន​ប្រដាល់ ទើប​នាង​មាន​កិត្តិយស និង​​ទទួល​បាន​ផ្លែ​ផ្កា ​ជួយ​ដល់​ក្រុម​គ្រួសារ​បាន​យ៉ាង​ប្រសើរ​។​

ក្រោយ​ពី​ចូល​ប្រឡូក​ក្នុង​ការ​ប្រដាល់​អស់​​រយៈពេល​ជាង ​៥ ​ឆ្នាំ​ នូវ ​ស្រី​ពៅ​ ដណ្តើម​បាន​ភាព​ខ្លាំង​លេច​ធ្លោ​ លើ​ឆាក​អន្តរជាតិ ​ផ្នែក​កីឡា​ប្រយុទ្ធ​ គឺ​ប្រដាល់​សកល​, ​គុន​ខ្មែរ​អន្តរជាតិ​, ONE Championship និង​ World Lethwei Champinship (WLC) ហើយ​​គិត​មក​ដល់​បច្ចុប្បន្ន ​ឆ្នាំ ​២០២០ ​នេះ នូវ ​ស្រីពៅ​ បាន​បន្ត​​ជាប់​ជា​កីឡាការិនី​ប្រដាល់​សកល​ជម្រើស​ជាតិ​ក្នុង​ប្រភេទ​ទម្ងន់ ​៥១ ​គ.ក្រ គ្មាន​គូ​ប្រៀប​ ទោះ​​ដៃ​គូ​ខ្លាំង​មួយ​ចំនួន​រួម​អាជីព ​បាន​លាឈប់​​។​

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ កីឡាការិនី​ឆ្នើម ​នូវ ​ស្រី​ពៅ ​បាន​និយាយ​ថា​៖ «​មុខ​របរ​មួយ​នេះ​ ខ្ញុំ​មិន​បោះបង់​ចោល​ទេ​ ព្រោះ​ខ្ញុំ​ទទួល​បាន​កិត្តិយស​ និង​ប្រាក់ ​សម្រាប់​ជួយ​ក្រុម​គ្រួសារ​បាន​មួយ​កម្រិត​​ ដ្បិត​អី​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​ជា​លក្ខណៈ​អន្តរជាតិ​ ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង ​១ ​ពាន់​ដុល្លារ ​ក្នុង​ការ​ប្រកួត​ ១ ​លើកៗ ​ទៅ​តាម​កម្មវិធី​ផ្សេង​ពី​គ្នា​។ ហេតុ​នេះ ​ទោះ​ជា​ថ្ងៃ​អនាគត​ ខ្ញុំ​ប្រកួត​លែង​កើត​ ក៏​ខ្ញុំ​​នៅ​ចង់​បង្កើត​ក្លិប ​ធ្វើ​ជា​គ្រូ​ប្រដាល់​ក្នុង​អាជីព​មួយ​នេះ​ដែរ»​។​

ស្រី​ពៅ​ ជា​កូន​ទី​៧ ​ក្នុង​គ្រួសារ​មាន​បងប្អូន ​៨ ​នាក់ ដែល​មាន​ជីវភាព​ក្រីក្រ ​​ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង ៨ នេះ គឺ​មាន​តែ នូវ ស៊ីថា​ និង​រូប​នាង​ផ្ទាល់​ ដែល​ចាប់​យក​អាជីព​ប្រដាល់​រក​ប្រាក់​ជួយ​គ្រួសារ​បាន​មួយ​កម្រិត​ធំ​។ ការ​ហក់​ចូល​ក្នុង​ពិភព​ប្រដាល់​ដំបូង ​គឺ ស្រីពៅ ​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ ​បន្ទាប់​ពី​មាន​កណ្តាប់​ដៃ​ល្អ ​បាន​​ចូល​ទៅ​ប្រដាល់​សកល​ ព្រម​ទាំង​មាន​ឱកាស​បាន​ទៅ​ប្រកួត​វាយ​ដាក់​ទ្រុង​របស់ ONE Champion និង​ការ​ប្រកួត ​WLC ដោយ​​ដណ្តើម​បាន​ជយលាភី​គួរ​ឲ្យ​កត់​សម្គាល់​។​

ចំពោះ​ស្នាដៃ​ជា​ដុំ​កំភួន ដែល​នូវ ​ស្រីពៅ​ ទទួល​បាន គឺ​នាង​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​​ការ​​ប្រកួត​ស៊ីហ្គេម​នៅ​​ហ្វីលីពីន ​ឆ្នាំ ​២០១៩​, ឈ្នះ​ខ្សែ​ក្រវាត់​ប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ នា​ថ្ងៃ ​២៩ ខែ​ធ្នូ ​ឆ្នាំ ​២០១៨​ ឈ្នះ​ការ​ប្រកួត​ដ៏​កក្រើក​លើ​កីឡការិនី​ម្ចាស់​ផ្ទះ​របស់​ថៃ​ ក្នុង​កម្មវិធី ONE Championship កាល​​ឆ្នាំ ​២០១៩​ និង​ឈ្នះ​ការ​ប្រកួត​ទាំង ​២ ​លើក​​នៃ​ព្រឹត្តិការណ៍​ ​WLC ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​ឆ្នាំ ​២០១៩​ ដូច​គ្នា​។

កីឡាការិនី​មាន​អាយុ​ជាង ​២០ ​ឆ្នាំ​ កម្ពស់ ​១,៥៥ ​ម៉ែត្រ​ នូវ ​ស្រីពៅ​ បាន​ប្រាប់​បន្ត​ថា​៖ «​ក្នុង​គ្រួសារ​របស់​នាង​ខ្ញុំ ​លោក​ឪពុក​គាត់​មាន​ជំងឺ​​ប្រចាំ​កាយ ​ហើយ​ប្រាក់​ចំណូល​បាន​ពី​ការ​ប្រកួត​របស់​ខ្ញុំ ​ទោះបី​បាន​ច្រើន​ក៏​លំបាក​ទប់ទល់​នឹង​សេចក្តី​ត្រូវ​ការ​ចំណាយ​ច្រើន​នេះ​ដែរ ​ពិសេស​ក្នុង​រយៈពេល​ជំងឺ​កូវីដ ​១៩​ ខ្ញុំ​ត្រូវ​បាន​លុប​ចោល​ការ​ប្រកួត​នៅ​ជប៉ុន ​និង​អន្តរជាតិ​នានា ​ក្នុង​ប្រទេស​ថៃ ​ដែល​ធ្វើ​ឲ្យ​​​ជីវភាព​លំបាក​មែន​ទែន​​ ប៉ុន្តែ​ក្នុង​ខែ​នេះ​ ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ក្នុង​នាម​​ជា​កីឡាការិនី​ជម្រើស​ជាតិ​ ដែល​ទើប​តែ​ប្រមូល​ផ្តុំ​ថ្មីៗ»​។

នូវ ស្រី​ពៅ បន្ថែម​ថា​៖ «​ទោះ​បី​ក្នុង​ក្រុម​​ជម្រើសជាតិ​ប្រដាល់​សកល​ ឆ្នាំ​​​នេះ មាន​តែ​ខ្ញុំ​ម្នាក់​គត់​ជាស្ត្រី​ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​ហ្វឹកហាត់ ​ដើម្បី​ឲ្យ​រឹងមាំ ​និង​ត្រៀម​ប្រកួត​អន្តរជាតិ​នានា​ តាម​កម្មវិធី​ដែល​គ្រូ​ដាក់​ឲ្យ​ គឺ​មិន​បោះបង់​ចោល​ដាច់​ខាត​ចំពោះ​មុខ​របរ​មួយ​នេះ​»។​

លោក​ ប៊ុយ ​សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធកីឡា​ប្រដាល់​សកល​កម្ពុជា​ប្រាប់​ថា ​​ឆ្នាំ​ ២០២០ ​នេះ​ ក្រុម​ធំ​ជម្រើស​ជាតិ​ប្រដាល់​សកល​មាន ​៨ នាក់ ​ក្នុង​នោះ​មាន​កីឡាករ​ ​៧ ​នាក់ ​និង​កីឡាការិនី​មាន​តែ​ នូវ ​ស្រីពៅ ម្នាក់​គត់៕