ភ្នំពេញ: អតីតកីឡាករជើងខ្លាំង នួន ភារម្យ បាន និងកំពុងចាត់ទុកខ្លួនឯងជាជនពិការ ដែលមិនអាចមានលទ្ធភាពក្នុងការរកប្រាក់សម្រាប់បង់រំលស់ផ្ទះ និងជួយទំនុកបម្រុងដល់សិស្សរបស់ខ្លួន បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់ស្មងជើងស្តាំ និងស្រាំឆ្អឹងជំនីរ កាលពីថ្ងៃពុធ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើង នៅពេលលោក នួន ភារម្យ វិលត្រឡប់មកពីបំពេញការងារជាអាជ្ញាកណ្តាល ចៅក្រម ក្នុងការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ នៅឯទីលានឯកជនមួយរបស់ក្រុមហ៊ុន Sky Land ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាម៉ោង ៩ យប់ កាលពីថ្ងៃពុធ ហើយកីឡាករជើងចាស់ សង សារិទ្ធ ដែលបានជិះម៉ូតូជាមួយ នួន ភារម្យ ក៏បានបែកក្បាល និងធ្លាក់ស្មាខាងឆ្វេងដែរ។
នួន ភារម្យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ៖«ការជិះបុកបង្កាន់ដៃស្ពាននេះ គឺខ្ញុំគ្មានផឹកស្រាអ្វីទាំងអស់។ ក្រោយធ្វើគណៈកម្មការប្រកួតចប់ម៉ោង ៩ យប់ ថ្ងៃពុធនោះ ខ្ញុំជិះម៉ូតូរាងលឿនដែរ ព្រោះខ្លាចដចម្លងបិទ ហើយពេលជិះនោះ ខ្ញុំអត់ដឹងថា នៅខាងមុខមានស្ពានទេ ព្រោះមានទួលមួយបាំងបាត់ តែពេលជិះឆ្លងទួលនោះ ម៉ូតូរបស់ខ្ញុំ បានហោះទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យខ្ញុំបាក់ស្មងជើងស្តាំ និងបុកដើមទ្រូង ធ្វើឲ្យស្រាំឆ្អឹងជំនីរទៀត ចំណែក សង សារិទ្ធ បានបែកក្បាល ដេរច្រើនថ្នេរដែរ និងមានរបួសខ្លួនប្រាណ ព្រមទាំងមានរបួសធ្លាក់ស្មាខាងឆ្វេងផងដែរ»។
ជាមួយគ្រោះថ្នាក់ដ៏អាក្រក់នេះ នួន ភារម្យ និង សង សារិទ្ធ ត្រូវបានលោក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកវេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោកឧកញ៉ា ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុន 7NG ជាអ្នករ៉ាប់រងលើការវះកាត់ និងព្យាបាលរបួសរបស់ពួកគាត់។ នេះបើតាមការបញ្ជាក់របស់ នួន ភារម្យ ហើយក៏មានសប្បុរសជនមួយចំនួនទៀត បានជួយឧបត្ថម្ភខ្លះៗផងដែរ។
យ៉ាងណាក៏ដោយ នួន ភារម្យ ដែលបានចាត់ទុកខ្លួនឯងជាជនពិការនោះ កំពុងមានការបារម្ភខ្លាំងទៅលើជីវភាពគ្រួសារ ដែលនឹងជួបភាពទីទ័លខ្លាំង។ លោកបាននិយាយថា៖ «ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះតាំងពីតូចមកខ្ញុំមិនដែលមានគ្រោះថ្នាក់ដល់បាក់ដៃបាក់ជើងបែបនេះទេ ហើយការបាក់ជើងស្តាំនេះ វាដូចជាខ្ញុំពិការបាត់ទៅហើយ ហើយនៅក្នុងអំឡុងព្យាបាលរបួស ដែលអាចប្រើពេល ៣ ទៅ ៤ ខែនេះ ខ្ញុំមិនដឹងថា ជីវភាពគ្រួសាររបស់ខ្ញុំ នឹងទៅជាយ៉ាងណានោះទេ?»។
អតីតកីឡាករជើងខ្លាំងរបស់កម្ពុជារូបនេះ បាន ត្អូញត្អែរបន្តថា៖ «សព្វថ្ងៃនេះ ខ្ញុំមានតែមុខទេ ហើយមនុស្សភាគច្រើនមើលមកថា ខ្ញុំមានជីវភាពគួរសមហើយ ប៉ុន្តែតាមពិតខ្ញុំគ្មានអ្វីទេ។ ខ្ញុំមានផ្ទះផ្ទាល់ខ្លួនមែន តែខ្ញុំត្រូវបង់រំលស់១ខែៗពី ៣០០ ទៅ ៤០០ ដុល្លារ ព្រោះខ្ញុំនៅជំពាក់គេជាង ២ ម៉ឺនដុល្លារទៀត ហើយម្យ៉ាងទៀត ខ្ញុំត្រូវរ៉ាប់រងចិញ្ចឹមសិស្ស ៥ នាក់ ដែល ១ ខែត្រូវចំណាយអង្ករ ២ បេ និងទិញម្ហូបអាហារថ្ងៃៗជាង ៣ ម៉ឺនរៀល អ៊ីចឹងដល់ពេលខ្ញុំមានបញ្ហាបែបនេះ គឺជីវភាពរបស់ខ្ញុំទ័លខ្លាំងតែម្តង»។
ជាមួយគ្នានេះ នួន ភារម្យ ក៏បានសុំក្តីមេត្តាពីសប្បុរសជនឲ្យជួយដល់រូបលោកផងដែរ ព្រោះបុរសវ័យ ៤៦ ឆ្នាំ មានកូនប្រុសស្រី ២ នាក់រូបនេះ គ្មានការងារអ្វី ក្រៅពីវិស័យប្រដាល់នោះទេ គឺសូម្បីតែភរិយារបស់គាត់ ក៏ធ្វើជាគណៈកម្មការប្រដាល់ដែរ។
នួន ភារម្យ បាននិយាយទាំងអួលដើមកថា៖ «ខ្ញុំទ័លខ្លាំង ដល់ថ្នាក់ពេលខ្លះដេញឲ្យសិស្សទៅចាប់មាន់ និងរកបន្លែបង្ការនៅឯស្រុកមកដោះបានមួយពេលៗ ហេតុនេះសូមសម្តេច ឯកឧត្តម អស់លោក លោកស្រី និងបងប្អូនដែលមានចិត្តធម៌ មេត្តាជួយឧបត្ថម្ភដល់គ្រួសារខ្ញុំ នៅក្នុងគ្រាអាសន្ន ដែលខ្ញុំព្យាបាលរបួសនេះផង»។
ទោះបីជាយ៉ាងណា លោក តែម ម៉ឺន បានប្រាប់ថា៖ «ក្រៅពីការជួយបង់ថ្លៃព្យាបាលដល់ នួន ភារម្យ គឺយើងនឹងនៅតែផ្តល់ប្រាក់របបសម្រាប់ការបំពេញការងារជាអាជ្ញាកណ្តាល ចៅក្រម នៅសង្វៀនបាយ័នដល់គាត់ក្នុងអំឡុងពេលសម្រាកព្យាបាលរបួសនេះ ព្រោះខាងទូរទស្សន៍បាយ័ន គេមានចិត្តធម៌មេត្តាណាស់ ក្នុងការជួយដល់គណៈកម្មការរបស់យើង អ៊ីចឹងគេនឹងទុកប្រាក់របបឲ្យ នួន ភារម្យ រហូតដល់គាត់អាចទៅបំពេញការងារបានវិញ»៕