ក្រុង​ប៊ែរឡាំង៖ មើល​ទៅ​ក្ដី​សង្ឃឹម​របស់​ក្រុម Werder Bremen ​ដែល​​តស៊ូ​ឲ្យ​ផុត​ពី​តំបន់​គ្រោះថ្នាក់​នៃ​ក្របខ័ណ្ឌ​​ Bundesliga អាល្លឺម៉ង់​មាន​តិច​ទៅៗ​​ហើយ ក្រោយ​បរាជ័យ​យ៉ាង​ដំណំ​នៅ​ផ្ទះ​ខ្លួន​ឯង ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ Eintracht Frankfurt ​៣-០ ក្នុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ពុធ​។​

Bremen ​ជាក្រុម​មួយ​ដែល​លេង​នៅ​លីក​លំដាប់​កំពូល​យូរ​ជាង​ក្លិប​ណា​ទាំង​អស់ ពោល​គឺ​ធ្លាក់​តែ​ម្ដង​គត់​ទៅ​លីក​​ទី ២ រដូវកាល ១៩៨០​-១៩៨១ តែ​ដោយ​ការ​ប្រកួត​សល់​តែ ៥ ​លើក ​​​ ហើយ​តាម​​ពី​ក្រោយ​ក្រុម​ឈរ​នៅ​ទី​សុវត្ថិភាព ៣ ពិន្ទុ ដូច្នេះ ឱកាស​ប្រឈម​នឹង​ការ​កាត់​ចោល​រដូវកាល​ក្រោយ​អាច​នឹង​ខ្ពស់​គួរ​សម​។​​

ការ​ប្រកួត​ ដែល​លេង​​​បិទ​ទ្វារ​នេះ ៣ ​គ្រាប់​របស់​ក្រុម​ភ្ញៀវ Frankfurt រក​បាន​ដោយ​កីឡាករ ២ ​រូប គឺ​គ្រាប់​ទី​១ ដោយ​​​​​ខ្សែ​ប្រយុទ្ធ Andre Silva នាទីទី ​៦១ ហើយ​គ្រាប់​ទី ​២ និង​ទី ​៣ ធ្វើ​បាន​ដោយ​កីឡាករ​បម្រុង គឺ​ខ្សែ​បម្រើ​​ Stefan Ilsanker តែ​ម្នាក់​ឯង នៅ​នាទីទី ៨១ និង ​៩០​។​

ចេញ​ពី​ប្រទេស​អាល្លឺម៉ង់ ទៅ​​ព័រទុយហ្គាល់​ឯណោះ​វិញ លីក​លំដាប់​កំពូល Primeira Liga របស់​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​ហើយ កាល​ពី​យប់​ថ្ងៃ​ពុធ ក្រោយ​​ផ្អាក​ដោយសារ​តែ​ការ​កើត​មាន​នូវ​វីរុស​កូរ៉ូណា​​ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​ក្រុម​ដែល​មាន​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​តារាង​បាន​លេង​ចាញ់​ក្រុម​​ Famalicao ២-១ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ។

បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​របស់​ក្រុម​ Porto ដែល​មាន ៦០ ​ពិន្ទុ ក្នុង​ចំណោម ២៥ ​សប្ដាហ៍​​កន្លង​មក​​នេះ​ បាន​បើក​ផ្លូវ​យ៉ាង​ទូលាយ​ឲ្យ​ក្រុម​លំដាប់​ទី ​២ Benfica ក្នុង​ការ​បាន​ឡើង​ទៅ​ឈរ​ទី​កំពូល​ជំនួស​វិញ ព្រោះ​កំពុង​តាម​ពី​ក្រោយ​តែ ១ ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​គ្រូបង្វឹក Bruno Lage សល់​ការ​ប្រកួត​មួយ​ក្នុង​ដៃ​។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ​ធ្វើ​ឲ្យ​​លីក​កំពូល​របស់​ព័រទុយហ្គាល់​ ក្លាយ​ជា​លីក​បាល់ទាត់​អាជីព​ទី​ ២ នៅ​តំបន់​អឺរ៉ុប​ ដែល​ចាប់​ផ្ដើម​ឲ្យ​មាន​ដំណើរការ​សកម្មភាព​ឡើង​វិញ គ្រាន់​តែ​ថា​ លីក​របស់​ប្រទេស​ព័រទុយហ្គាល់​ មួយ​នេះ មិន​ត្រូវ​បាន​​ចាត់​ចូល​ជា​លីក​កម្រិត​កំពូល​ដូច​ក្របខ័ណ្ឌ​ Bundesliga របស់​ប្រទេស​អាល្លឺម៉ង់ ​​ឡើយ​៕ AFP/VN