ភ្នំពេញ៖ កីឡាការិនី នៅ ស្រីពៅ និងអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ របស់ក្រុមជម្រើសជាតិ សុទ្ធតែបានបង្ហាញក្តីសង្ឃឹមរហូតដល់ ១០០ ភាគរយ ក្នុងការឈ្នះបានមេដាយមាសពីការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ដែលកំពុងដំណើរការនៅពហុកីឡដ្ឋានជាតិ។
ការបង្ហាញពីក្តីសង្ឃឹមរបស់អ្នកទាំង ២ គឺបន្ទាប់ពីពួកគេបានរកឃើញការឈ្នះរៀងៗខ្លួន សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃចន្ទ ដោយក្នុងនោះ ម៉ាង ព្រហ្មម៉ាញ របស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលប្រកួតទម្ងន់ ៦៤ គីឡូក្រាម បានផ្តួលកីឡាករ វុទ្ធី ពិសី មកពីខេត្តមណ្ឌលគិរី ឱ្យសន្លប់ត្រឹមទឹកទី២ ចំណែក នៅ ស្រីពៅ បានឈ្នះ អេ ព្រីយ៉ានុត មកពីក្រសួងការពារជាតិ ដោយស្វ័យប្រវត្តិក្នុងការប្រកួតទម្ងន់ ៥៤ គីឡូក្រាម ហើយជ័យជម្នះនេះបានធ្វើអ្នកទាំង ២ មានការជឿជាក់កាន់តែខ្លាំង ដោយសារអ្នកដែលត្រូវជួបបន្តនៅមានឧបសគ្គបន្តិចបន្តួចប៉ុណ្ណោះ។
នៅ ស្រីពៅ បាននិយាយថា៖ «នៅក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ដែលត្រូវប្រកួតប្រជែងនៅឆ្នាំនេះ មានចំនួន ៥ នាក់ ក្នុងនោះ អេ ព្រីយ៉ានុត ជាដៃគូ ដែលខ្ញុំគិតថា ប្រកួតតឹងតែងលំបាកយកឈ្នះ គឺជាឧបសគ្គធំ ប៉ុន្តែពេលនេះ ខ្ញុំបានឈ្នះដោយស្វ័យប្រវត្តិ ដោយ អេ ព្រីយ៉ានុត អវត្តមានពេលប្រកួត»។
កីឡាការិនីដែលប្រកួតឱ្យសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមថា៖ «នៅក្នុងចំណោមកីឡាការិនីទាំង ៥ នាក់ ដែលចូលប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាមនេះ មានខ្ញុំ, អេ ព្រីយ៉ានុត, ធឿន សុខលី, ហេង ផានាថ និង វី ស្រីស្រស់ ហើយបើសិនខ្ញុំប៉ះជាមួយ វី ស្រីស្រស់ នៅវគ្គបន្ត ខ្ញុំគិតថា វាមានលក្ខណៈតឹងតែងបន្តិច ប៉ុន្តែនៅតែសង្ឃឹមឈ្នះ ១០០ ភាគរយ ខណៈដែល ធឿន សុខលី និង ហេង ផានាថ ខ្ញុំមិនបារម្ភអ្វីឡើយ»។
ចំណែកកីឡាករ ម៉ាង ព្រហ្មម៉ាញ បាននិយាយថា នៅក្នុងទម្ងន់ ៦៤ គីឡូក្រាម មាន ផង់ សុភាព មកពីខេត្តព្រៃវែង កែវ សំរិទ្ធ មកពីខេត្តរតនគីរី ឡុក សាវ័ន្ត មកពីស្វាយរៀង និង ភាព សថង មកពីខេត្តព្រៃវែង និង អេ វិរៈខាំឈិតភូថង មកពីក្រសួងការពារជាតិ ជាអ្នកខ្លាំងម្នាក់ ប៉ុន្តែពេលនេះ គេបានចាញ់ ផង់ សុភាព ដោយអវត្តមាន ហេតុនេះខ្ញុំអស់ឧបសគ្គធំហើយ ហើយខ្ញុំប្តេជ្ញា និងរំពឹងឈ្នះ ១០០ ភាគរយ យកលេខ ១ បន្តទៀត នៅឆ្នាំនេះ ទោះបីខ្ញុំនៅសល់ កែវ សំរិទ្ធិ ម្នាក់ទៀតក៏ដោយ ព្រោះគេមិនជាបញ្ហាធំនោះឡើយ»។
លោក គង់ ចាន់ធីណា ប្រធានប្រតិភូដឹកនាំកីឡាប្រដាល់ក្រសួងមហាផ្ទៃបានប្រាប់ថា៖ «នៅថ្ងៃបើកឆាកដំបូង កីឡាក្រសួងមហាផ្ទៃប្រកួតចំនួន ៥ នាក់ ឈ្នះ ៤ ចាញ់ ១ នាក់ ហើយសម្រាប់ការវាយតម្លៃជាបឋមខ្ញុំគិតថា ក្រសួងមហាផ្ទៃអាចនឹងប្រជែងយកលេខ ១ បាន។ ជាមួយគ្នានេះ អង្គភាពកីឡាក្រសួងមហាផ្ទៃបានឧបត្ថម្ភបន្ថែមដល់អត្តពលិកចូលរួមប្រកួតក្នុងម្នាក់ ១០ ម៉ឺនរៀល ហើយលោក ម៉ក់ សំអុល នឹងឧបត្ថម្ភម្នាក់ ១០ ដុល្លារ សម្រាប់អ្នកឈ្នះ»។
លោក ប៊ួយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ថា៖ «នេះជាការប្រកួត ដែលប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាការប្រកួតដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី សម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ ២០២១ សម្រាប់ត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រួមទាំងត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ»៕