ភ្នំពេញ៖ អ្នក​ប្រដាល់​មិន​តិច​ទេ​ នា​សម័យ​បច្ចុប្បន្ន ​​ដែល​បាន​​ចំណាយ​ពេល​ទៅ​ហ្វឹកហាត់​ប្រដាល់ ​ដើម្បី​ឡើង​​ប្រកួត​យក​ថវិកា​មក​​ទ្រទ្រង់​ជីវភាព​គ្រួសារ​ និង​បន្ត​ការ​សិក្សា​។​ ​ជាក់​ស្តែង​អ្នក​ប្រដាល់​ឆ្នើម​ល្បីល្បាញ​ក្នុង​កម្រិត​មធ្យម ​២ នាក់​បង​ប្អូន ​ជា​កូន​ភ្លោះ​ គឺ​កីឡាករ សយ​ សុខ​ និង ​សយ ​សី ​របស់​​ក្លិប​វិបុល​ដារិទ្ធិ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បាន​សាង​​នូវ​ស្នាដៃ​អាច​ចាត់​ទុក​ជា​គំរូ​សម្រាប់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​។​

អ្នក​ប្រដាល់​ ដែល​មាន​មុខ ​និង​រូបរាង​ដូច​គ្នា​ជា​បងប្អូន​ភ្លោះ​ទាំង ២ នាក់​នេះ ​​មាន​ជីវភាព​ក្រីក្រ​បំផុត ហើយ​​បាន​ចាប់​យក​មុខ​របរ​ជា​កីឡាករ​ប្រយុទ្ធ ​ឡើង​ប្រកួត​រក​លុយ​​យក​មក​​​រៀន​សូត្រ​​រហូត​បាន​បញ្ចប់​បរិញ្ញាបត្រ​។ ​ចំណុច​ល្អ​ពិសេស​របស់​កីឡាករ​កូន​ភ្លោះ​នេះ​ មាន​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រកួត​ និង​រៀន​បាន​ខ្ពស់​ផង​ដែរ ​ដោយ​​បាន​ចាត់​ទុក​ថា ​ការ​តស៊ូ​លំបាក​ក្នុង​ពិភព​កីឡា​ប្រដាល់​គុន​ខ្មែរ​ ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ គួរ​ជា​ទី​ពេញ​ចិត្ត​។​

នៅ​ក្នុង​បទសម្ភាស​ជា​មួយ​ ភ្នំពេញ ​ប៉ុស្តិ៍​ ​សយ​ សុខ​ និង​ សយ​ សី​ គឺ​ជា​កូន​កសិករ​ មាន​ជីវភាព​គ្រួសារ​ក្រីក្រ​ ដែល​មាន​បងប្អូន​ច្រើន​ដល់​ទៅ ​៧ ​នាក់​ ក្នុង​នោះ​មាន​តែ​កូន​ទី ​៥ ​ជា​កូន​ភ្លោះ​ទាំង ​២ ​នេះ​ទេ ដែល​ហក់​ចូល​ក្នុង​ពិភព​ប្រដាល់​ ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​បាន​ផង ​និង​រៀន​បាន​ចប់​កម្រិត​បរិញ្ញាបត្រ​ផង។​

សយ​ សុខ​ និង ​សយ ​សី ​មាន​អាយុ ​២៦ ​ឆ្នាំ ​បាន​ចំណាយ​ពេល​ក្នុង​ប្រដាល់​រយៈពេល​ ​៨ ​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះ ​សយ ​សី ​ជា​បង​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​​អគ្គីសនី ​ពី​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស ​ហៅ​កាត់​ថា​ ​NTTI​​។ ​ចំណែក​ សយ​ សុខ​ ​បាន​បញ្ចប់​ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​។

សយ ​សី ​​និយាយ​ថា​៖ «​ខ្ញុំ​មាន​បងប្អូន​ច្រើន ​ជីវភាព​លំបាក ​ដោយ​ឪពុក​ម្តាយ​ គាត់​ធ្វើ​ស្រែ​ចម្ការ។ ​ពេល​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ​១០ ​គឺ​ជីវភាព​កាន់​តែ​លំបាក ហើយ​ពេល​នោះ​ខ្ញុំ​គិត​ជាមួយ​ប្អូន​ថា​ ចូល​ហាត់​ប្រដាល់​ ដើម្បី​ប្រកួត​រក​លុយ​ ព្រោះ​ស្គាល់​លោកគ្រូ​ប្រដាល់ ​ឡុង ​វិបុល ​នៅ​ស្រុក​ជាមួយ​គ្នា។ បន្ទាប់​មក យើង​​បាន​សុំ​គាត់​ហាត់​ និង​ឡើង​ប្រកួត ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា​ ហើយ​ជា​បន្ត​បន្ទាប់​ ពួក​ខ្ញុំ​បាន​ឡើង​ប្រកួត ​ព្រម​ទាំង​ទទួល​បាន​តម្លៃ​ខ្លួន​យក​ទៅ​រៀន​​រហូត​ដល់​ពេល​នេះ​»។​

ចំណែក សយ​ សុខ​ បាន​បន្ថែម​ថា​៖ ​«ខ្ញុំ​មាន​ឪពុក​ឈ្មោះ ​សយ ​ជឹម ​អ្នក​ម្តាយ​ ឈ្មោះ​ យ៉ន ​ថុល រស់នៅ​ភូមិ​តាលន ​ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃ​ឈរ ​ខេត្ត​កំពង់ចាម​ មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​តិច​តួច​។ ​ដើម​ឡើយ ​២ ​នាក់​បង​ប្អូន​ខ្ញុំ ​រៀន​នៅ​វិទ្យាល័យ​នរោត្តម​រណឫទ្ធិ​គន្ធបុប្ផា​នៅ​ខេត្ត ​និង​មក​បន្ត​រៀន​វិទ្យាល័យ​នៅ​ភ្នំពេញ​ ហើយ​​ក្នុង​រយៈពេល​ជាង ​៤ ​ឆ្នាំ ការ​ចំណាយ​លើ​ការ​បង់​សាលា​ និង​ហូប​ចុក ​គឺ​បាន​ពី​ការ​ប្រកួត​ប្រដាល់​ រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា»​។​​

សយ ​សុខ ​បញ្ជាក់​​ថា​៖ «ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ និង​បងខ្ញុំ ​មិន​ដែល​ដណ្តើម​បាន​ជើងឯក ​ឬ​ខ្សែ​ក្រវាត់​ទេ​ គឺ​បាន​ត្រឹម​ជើងឯក​រង ​ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ​​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ និង​គោរព​វិន័យ​បាន​ល្អ​ គឺ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​បាន​លុយ​ជួយ​ជីវភាព​ជានិច្ច​»។​

«ក្រោយ​បញ្ចប់​ការ​សិក្សា​នឹង​ស្វែង​រក​ការងារ​ធ្វើ ​ដើម្បី​អភិវឌ្ឍ​​ខ្លួន​ឱ្យ​បាន​​ប្រសើរ​​ដូច​គេ ​​តែ​នៅ​តែ​មិន​ដាច់​អាល័យ​ ពី​ការ​ហ្វឹកហាត់​ក្បាច់​គុន ​​និង​ឡើង​ប្រកួត​ទៅ​តាម​សមត្ថភាព​ សុខភាព​ និង​ពេល​វេលា​ជាក់​ស្តែង​ ​ព្រោះ​ជា​​របរ​ស្រប​​ច្បាប់​ ដែល​ផ្តល់​សុខភាព​ និង​កំណើត​ឱ្យ​យើង​ខ្ញុំ​»។​ នេះ​ជា​សម្ដី​របស់ សយ សុខ និយាយ​បន្ថែម​។​

ចំណែក​ សយ​ សី​ ជា​បង​ បន្ថែម​ថា​៖ «​ជា​វិស្វករ​ មិន​លំបាក​រក​ការងារ​ធ្វើ​ទេ​ នៅ​ក្រុមហ៊ុន​វិស័យ​ឯកជន​មួយ​ចំនួន​ ព្រោះ​គេ​​ត្រូវ​ការ​ជំនាញ​នេះ​ដែរ​ ពិសេស​ខ្ញុំ​ធ្លាប់​ទទួល​ការ​លំបាក ​ក្នុង​ជីវភាព​ក្រីក្រ​ តស៊ូ​ក្នុង​ជីវិត គឺ​ខ្ញុំ​នឹង​ឈាន​ទៅ​រក​ការងារ​តាម​បច្ចេកទេស​ជំនាញ​គិត​ថា​ ជីវិត​នឹង​ប្រសើរ​ជាង​ពី​មុន។ ​ខ្ញុំ​មិន​ភ្លេច​កំណើត​ជា​កីឡាករ​​ទេ ​ពិសេស​គ្រូ​បង្វឹក​ អ៊ីចឹង​​ពេល​ខ្ញុំ​មាន​ជីវភាព​ធូរ​ធា ​ខ្ញុំ​ចង់​បង្កើត​ក្លិប​មួយ​ ដើម្បី​បណ្តុះបណ្តាល​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ ដើម្បី​ឱ្យ​មាន​ឱកាស​បាន​ប្រកួត​រក​ប្រាក់​យក​ទៅ​​បន្ត​ការ​រៀន​សូត្រ​ដូច​រូប​ខ្ញុំ​»​៕