ភ្នំពេញ: ករណីការចង់ចាកចេញពីក្រុមជម្រើសជាតិ និងក្រុមថ្នាលសកលពីសំណាក់កូនបង្កើតទាំង ៣ នាក់របស់អតីតកីឡាករជើងខ្លាំង អេ ភូថង រួមមានកីឡាការិនី អេ ព្រីយ៉ានុត កីឡាករ អេ អាំម៉ារីនភូថង និង អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា) បាននិងកំពុងបង្កឲ្យមានភាពចលាចលនៅក្នុងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ហើយភាគីត្រកូល «អេ» ក៏បានឡាយហ្វេសប៊ុកវាយប្រហារលោក ឆឹង យ៉ៅយ៉េន ដែលជាប្រធានសហព័ន្ធជុំវិញករណីនេះផងដែរ។
ទាក់ទងទៅនឹងភាពច្របូលច្របល់ជាមួយការចោទប្រកាន់គ្នាទៅវិញទៅមកនេះថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានៅតែប្រកាន់ជំហរដោយប្រើធម៌អហិង្សា ដើម្បីសម្របសម្រួលឲ្យកីឡាករ កីឡាការិនីត្រកូល «អេ» នៅបន្តជាក្រុមជម្រើសជាតិ ព្រោះកីឡាករថ្នាលក្រសួងអប់រំ យុវជន និងកីឡា ជួយឧបត្ថម្ភថវិកាប្រចាំខែក្នុងការប្រមូលផ្តុំប្រចាំឆ្នាំដើម្បីសម្រួចសមត្ថភាពពួកគេឲ្យបានល្អ ត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
មុនពេលសម្របសម្រួលនេះលោក ឆឹង យ៉ៅយ៉េន ជាប្រធានសហព័ន្ធចង់ឲ្យមានការគោរពច្បាប់ ព្រោះកូនរបស់ អេ ភូថង ទាំង ៣ នាក់នេះបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាលដោយទទួលបានរបបឧបត្ថម្ភពីក្រសួងអប់រំរយៈពេល ២ ឆ្នាំមកហើយ ហេតុនេះពួកគេមិនអាចចាកចេញទៅសហព័ន្ធផ្សេងដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ ប៉ុន្តែប្រសិនបើចាកចេញមែន ពួកគេគួរសងលុយទៅក្រសួងអប់រំ យុវជន និងកីឡាវិញ។
យ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញលោក ឆឹង យ៉ៅយ៉េន បានប្រាប់បែបនេះថា៖ «រឿងអ្វីៗដែលមានការខ្វែងគំនិតត្រូវបានហៅមកសម្របសម្រួលឡើងវិញហើយ»។ ប៉ុន្តែចំពោះព័ត៌មានពិស្តារ លោកមិនបាននិយាយឡើយ ខណៈដែលទូរស័ព្ទរបស់លោកត្រូវបានផ្តាច់ និងហៅលែងចូល។
ចំណែកលោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «កាលពីម្សិលមិញខ្ញុំបានជួបលោក អេ ភូថង ជាឪពុកហើយបានជម្រាបគាត់ឲ្យដឹកនាំកូនៗវិលមកហ្វឹកហាត់ជម្រើសជាតិថ្នាលវិញ ព្រោះពួកគេបានឆ្លងកាត់វគ្គប្រមូលផ្តុំចំនួន ២ ឆ្នាំមកហើយដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំណាយថវិកាជាតិជាច្រើនមកហើយ ហើយការចាកចេញណាមួយទៅហ្វឹកហាត់ជាមួយក្លិប ឬសហព័ន្ធដទៃដោយគ្មានការអនុញ្ញាតគឺមិនស្របតាមគោលការណ៍ច្បាប់នោះឡើយ»។
លោក ប៊ុយ សោភ័ណ្ឌ បានបន្តថា៖ «ថ្មីៗនេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ខិតខំប្រឹងប្រែងរកដៃគូសហការបានល្អដូចជាយើងត្រូវត្រៀមបញ្ជូនអត្តពលិកជម្រើសជាតិទៅហ្វឹកហាត់ជាមួយដៃគូសហការដែលមានប្រទេសថៃ និងប្រទេសជប៉ុន ប៉ុន្តែយើងនៅមានបញ្ហាលំបាកធនធានអត្តពលិកនេះតែម្តង ហើយកីឡាករមួយចំនួនចង់ទៅប្រដាល់គុនខ្មែរ ព្រោះមានការប្រកួតបានលុយភ្លាមៗតាមសង្វៀនឯកជន»។
ប្រភពច្បាស់ការមួយចំនួនឲ្យដឹងថា កូនៗរបស់លោក អេ ភូថង ឬក្រុមគ្រួសារទាំងមូលរកប្រាក់បានតាមរយៈវិស័យកីឡា ខណៈដែល អេ ភូថង និងកូនទទួលបានក្របខ័ណ្ឌជាទាហានផងមានប្រាក់មកពីការប្រកួតផង និងទទួលបានពីក្រុមជម្រើសជាតិដែលប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ហើយអ្វីៗដែលត្រកូល «អេ» ចង់ចាកចេញពីកីឡាប្រដាល់សកលត្រូវបានគេមើលឃើញថាដោយសារពួកគេសម្លឹងឃើញទៅហ្វឹកហាត់កីឡាវ៉ូវីណាមដែលចេញប្រកួតក្រៅប្រទេសងាយទទួលបានមេដាយ និងមានប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ដូចជា សែន រ៉ាឌី, សែន រ៉ាដេត និង ម៉ាត់ ឆ្វេង ជាដើមដែលសុទ្ធតែជាអតីតអ្នកប្រដាល់ជាកូនសិស្ស អេ ភូថង។
អ្នកស្រី សុម៉ាលី ជាប្រពន្ធលោក អេ ភូថង បាននិយាយថាកូនស្រីរបស់អ្នកស្រីឈ្មោះ អេ ព្រីយ៉ានុត ឆ្នាំនេះចង់ទៅចូលរួមជាកីឡាការិនីវ៉ូវីណាមវិញ។ ចំណែកកីឡាករ អេ អាំម៉ារីនភូថង និង អេ វីរៈខាំឈីតភូថង កំពុងតែគិត។ អ្នកស្រីបញ្ជាក់ថា៖ «ទោះយ៉ាងណាខ្ញុំមិនទាន់ដឹងច្បាស់ទេ ចាំសួរប្តីសិន» ប៉ុន្តែលោក អេ ភូថង មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទរបស់លោក ប្រពន្ធកាន់ទាំងអស់។
យ៉ាងណាក៏ដោយកាលពីសប្តាហ៍មុនមានការឡាយវីដេអូរបស់លោក អេ ភូថង ដោយមានការធ្វើអត្ថាធិប្បាយរិះគន់ទៅលើលោក ឆឹង យ៉ៅយ៉េន ដែលជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជំនាញបង្រៀនពេទ្យ ប៉ុន្តែមកកាន់ជាប្រធានសហព័ន្ធកីឡាប្រដាល់គឺមិនអាចដឹកនាំកីឡាប្រដាល់ឲ្យទទួលបានជោគជ័យនោះឡើយ។
ចំណែកករណីការកាត់លុយកីឡាករ កីឡាការិនីថ្នាលជម្រើសជាតិចំនួន ១០ ម៉ឺនរៀលក្នុង ១ ខែក៏ត្រូវបានលើកមកលាតត្រដាងពេលឡាយនោះដែរ។
ចំពោះបញ្ហានេះលោក ឆឹង យ៉ៅយ៉េន មិនបានបកស្រាយទេ ប៉ុន្តែលោក ប៊ុយ សោភ័ណ្ឌ បានបកស្រាយថាលុយ ១០ ម៉ឺនដែលកាត់នោះគឺបានប្រាប់ និងជូនដំណឹងគ្រប់គ្នាដើម្បីយកទៅឧបត្ថម្ភកីឡាករថ្នាលបម្រុងដែលគ្មានរបបសោះ ដើម្បីជួយគ្នា។
គ្រប់អត្តពលិកថ្នាលទាំងអស់ដែលមកប្រមូលផ្ដុំហ្វឹកហាត់សុទ្ធតែមានការព្រមព្រៀងគ្នាមានការចុះកិច្ចសន្យាត្រឹមត្រូវរវាងអាណាព្យាបាលជាមួយសហព័ន្ធ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃពីក្រសួងអប់រំ យុវជន និងកីឡាក្នុង ១ ថ្ងៃជាង ៤ ម៉ឺនរៀល ដើម្បីត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ហើយកីឡាករ អេ វីរៈខាំឈីតភូថង និង អេ អាំម៉ារីនភូថង មានឈ្មោះនៅក្នុងបញ្ជីប្រមូលផ្ដុំ ក្រុមថ្នាល ២ ឆ្នាំមកហើយ។
ចំណែកកីឡាការិនី អេ ព្រីយ៉ានុត ដែលស្ថិតនៅក្រុមជម្រើសជាតិទទួលបានរបបច្រើនជាងក្រុមថ្នាល៕