ក្រុងរីយ៉ូដឺហ្សាណេរូ៖ ក្រុមជម្រើសជាតិប្រេស៊ីលត្រូវប្រឈមនឹងបញ្ជីឈ្មោះកីឡាកររបួស ដែលកំពុងកើនឡើង ក្នុងនោះរួមទាំងខ្សែប្រយុទ្ធឆ្នើម Neymar ពេលពួកគេចាប់ផ្ដើមប្រកួតវគ្គជម្រុះ World Cup នៅសប្តាហ៍នេះ ខណៈអាហ្សង់ទីននឹងបន្តពង្រីកការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ខ្លួននៅផ្ទះ ពេលជួបប្រទេសជិតខាងប៉ារ៉ាហ្គាយ។
ម្ចាស់ជើងឯកពានរង្វាន់ Copa America ប្រេស៊ីលធ្វើជាម្ចាស់ផ្ទះទទួលក្រុមវ៉េណេស៊ុយអេឡា នៅក្រុងសៅប៉ូឡូនៅថ្ងៃសុក្រ ដើម្បីបានឈ្នះជាលើកទី៣ នៃការប្រកួតជាច្រើនបន្ទាប់ពីបើកយុទ្ធនាការប្រកួតប្រជែង ដើម្បីដណ្ដើមសិទ្ធិទៅនៅប្រទេសកាតា ឆ្នាំ ២០២២ ជាមួយនឹងជ័យជម្នះលើប្រទេសបូលីវី និងប៉េរូ។
តែទោះយ៉ាងណា ក្រុមរបស់លោក Tite នឹងមិនមានវត្តមានកីឡាករ Neymar ទេ បន្ទាប់ពីកីឡាករថ្លៃបំផុតលើលោករូបនេះ បានរងរបួសភ្លៅ ខណៈពេលកំពុងបំពេញភារកិច្ចនៅ Champions League ជាមួយក្រុម Paris Saint-Germain នៅប្រទេសតួកគី កាលពីខែមុន។
ទោះបីជាមានបញ្ហារបួសនេះ ក៏ Neymar នឹងនៅតែធ្វើដំណើរជាមួយក្រុម ចំពេលមានសង្ឃឹមថា គេអាចនឹងជាសះស្បើយទាន់ពេល សម្រាប់ការធ្វើដំណើរទៅអ៊ុយរូហ្គាយនៅថ្ងៃទី ១៧ ខែវិច្ឆិកា។
ទោះយ៉ាងណា អ្នកសម្របសម្រួលក្រុមជម្រើសជាតិលោក Juninho Paulista និយាយថា លោក Tite បានប្រាប់នាយកកីឡា PSG លោក Leonardo ថា លោកនឹងមិនប្រថុយចំពោះបញ្ហាសុខភាពរបស់កីឡាករឡើយ។
Thiago Silva បានធ្វើឱ្យតំបន់ក្រោមរបស់ក្រុម Chelsea រឹងមាំជាងមុន ចាប់តាំងពីបានមកដល់ទឹកដីអង់គ្លេស តែកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានព្រមានថា ការប្រកួតញឹកពេកនៅលើពិភពលោក កំពុងធ្វើឱ្យប៉ះពាល់ដល់កីឡាករ។
កីឡាករ Silva បាននិយាយថា៖ «អ្នកត្រូវតែបន្តធ្វើឱ្យខ្លួនឯងប្រសើរឡើង ដោយគ្មានទីបញ្ចប់។ យើងកំពុងបាត់បង់កីឡាករ ដែលឆ្លងជំងឺកូវីដ ១៩ ឬអ្នកផ្សេងទៀត ដែលរងរបួសដោយសារយើងបានប្រកួតច្រើនពេក។ យើងមិនមែនជាម៉ាស៊ីនទេ»។
ខ្សែការពាររូបនេះបន្តថា៖ «យើងឃើញការសិក្សាថ្មីៗ បានបង្ហាញថា អ្នកទំនងជារងរបួសបន្ទាប់ពី ៤ ឬ ៥ ប្រកួតនឹងមានម្នាក់របួសបន្ទាប់មកអ្នកផ្សេងទៀត (រៀងរាល់ ៣ ថ្ងៃម្តង)។ វាគួរឱ្យព្រួយបារម្ភណាស់សម្រាប់ពួកយើង»។
បើទោះអ្នកចាំទី Alisson Becker និងខ្សែប្រយុទ្ធ Gabriel Jesus ត្រឡប់មកវិញ ក្រោយមានបញ្ហារបួសក៏ដោយ ក៏ក្រុមប្រេស៊ីល នឹងអវត្តមានកីឡាករ Casemiro, Philippe Coutinho និង Fabinho ដដែល។
ចំណែកអាហ្សង់ទីន ដែលបានចាប់ផ្តើមប្រកួតជម្រុះជាមួយនឹងជ័យជម្នះទៅលើក្រុមអេក្វាឌ័រ និងបូលីវី កំពុងសង្ឃឹមថា កីឡាករ Lionel Messi នឹងបានជាសះស្បើយទាន់សម្រាប់ការប្រកួតទាំង ២ របស់ពួកគេ ទល់នឹងក្រុមប៉ារ៉ាហ្គាយ និងប៉េរូ។
ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេប្រាប់ថា កំពុងឈឺកជើង ដែលធ្វើឱ្យគ្រូបង្វឹកអាហ្សង់ទីន លោកLionel Scaloni ពិចារណាជម្រើសរបស់គាត់ ប្រសិនបើប្រធានក្រុមរូបនេះមិនអាចលេងបានទេ។
សម្រាប់ការប្រកួតជម្រុះ FIFA World Cup 2022 នៅតំបន់អាមេរិកឡាទីន (CONMEBOL) នេះ ក្រោយបញ្ចប់ទៅ ២ ប្រកួត ប្រេស៊ីល នៅលេខ ១ និងអាហ្សង់ទីន លេខ ២ មាន ៦ ពិន្ទុស្មើគ្នា៕ AFP/VN