ភ្នំពេញៈ អ្នក​ប្រដាល់​វ័យក្មេង​មកពី​ខេត្ត​កោះកុង​មាន​ក្បាច់​ជង្គង់​ល្អ បាង កាយ៉ាក ដែល​បាត់​មុខ​យូរ​ពី​សង្វៀន​ក្នុង​ស្រុក​នោះ​នឹង​លេច​មក​ជាថ្មី​ម្តង​ទៀត នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ថ្ងៃ​សៅរ៍​នេះ​ដោយ​រូបគេ​ចង់​យក​ឈ្នះ​កីឡាករ​ថៃ កាថាប់វស៊ុង​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទម្ងន់​ ៥៧ ​គីឡូក្រាម ដើម្បី​ស្តារ​ភាពល្បីល្បាញ​ឡើង​វិញ​។

កីឡាករ បាង កាយ៉ាក ធ្លាប់​បាន​សាង​ភាពល្បីល្បាញ​នៅ​ស្រុកថៃ​ច្រើន​ជាង​សង្វៀន​ស្រុក​ខ្មែរ ហើយ​ការវិល​មក​ប្រកួត​ក្នុង​ស្រុក​វិញ​ជាថ្មី ក្រោយ​អវត្តមាន​ជិត​ ៣ ​ឆ្នាំ​មក​នេះ​ធ្វើឲ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ខណៈ​ការបង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន CNC កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បាង កាយ៉ាក ត្រូវ​បាន​កីឡាករ​ជើង​ខ្លាំង​មកពី​ប្រទេស​អ៊ីរ៉ង់ Ghodratisraskan ផ្តួល​ឲ្យ​សន្លប់​ធំ​ងើប​លែង​រួច​ត្រឹម​ទឹក​ទី ៣ ស្រប​ពេល​ដែល​មហាជន​នៅ​មន្ទិល​ពី​សមត្ថភាព​ថា​នៅ​ខ្លាំង​ដូច​មុន ឬ​ធ្លាក់​ចុះ​?

លោកស្រី សាំង សុម៉ាលី ប្រពន្ធ អេ ភូថង ដែល​មើល​ថែទាំ​ការស្នាក់នៅ​ហូបចុក និង​ហ្វឹកហាត់​ដល់ បាង កាយ៉ាក បាន​ប្រាប់​ថា​៖ «​បាង កាយ៉ាក វា​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​បាន​ល្អ​គឺ​វ៉ៃ​ក្នុង​សប្តាហ៍​នេះ​ជាមួយ​កីឡាករ​ថៃ​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​។ ​ការប្រកួត​របស់​វា​លើក​នេះ ខ្ញុំ​ដឹង​ថា​ជួប​ការប្រកួត​លំបាក ព្រោះ​កីឡាករ​ថៃ កាថាប់វស៊ុង មាន​សមត្ថភាព​ក្បាច់គុន​ល្អ​ដែរ ប៉ុន្តែ​វា​ចង់​ឈ្នះ​ខ្លាំង ដើម្បី​ទទួល​បាន​ចាប់​គូប្រកួត​លក្ខណៈ​អន្តរជាតិ​បន្ត​ទៀត​»​។

ចំណែក បាង កាយ៉ាក បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​យក​ឈ្នះ​ ស្តារ​មុខមាត់​ភាពល្បីល្បាញ​ឡើង​វិញ ព្រោះ​ខ្ញុំ​ខកខាន​ប្រកួត​នៅ​ស្រុក​ខ្មែរ​យូរ​គ្រាន់​ដែរ​»​។ ​ទាក់ទង​ទៅ​នឹង​មូលហេតុ​ប្រកួត​ចាញ់​ដោយ​សន្លប់​ក្រោម​កណ្តាប់ដៃ​កីឡាករ​មកពី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​ដែល​នាំ​ឲ្យ​មហាជន​កំពុង​មន្ទិល​ពី​សមត្ថភាព​វិជ្ជាគុន​នោះ ត្រូវ​បាន​កីឡាករ បាង កាយ៉ាក បកស្រាយ​ថា ការហ្វឹកហាត់​មិន​ទាន់​បានល្អ មិន​បាន​ធ្វើ​គីឡូ​ (​ទម្ងន់​) ​ឲ្យ​ស្រក​គឺ​ចាញ់​ប្រៀប​ផ្នែក​កម្លាំង​។

បាង កាយ៉ាក បាន​បន្ថែម​ថា​៖ «​កាលពី​សប្តាហ៍​មុន កីឡាករ​អ៊ីរ៉ង់​នោះ​ខ្លាំង​មាន​ប្រវត្តិ​ចាញ់​តែ​ម្តង​គត់ ហើយ​ខ្ញុំ​ចាញ់​ប្រៀប​ដោយ​ចូល​ចាប់​លេង​ក្បាច់​ជង្គង់​មិន​បាន និង​ចាញ់​កណ្តាប់ដៃ​គេ​ទៀត​។ ​នៅពេល​ខ្ញុំ​ចាញ់​ប្រៀប​គេ ដោយ​អាជ្ញាកណ្តាល​រាប់​ខ្ញុំ​ចំនួន​ ២ ​លើក​នោះ ខ្ញុំ​ស្ទុះ​ចូល​ផ្សង​ចាប់​លេង​ជង្គង់ តែ​ត្រូវ​មួយ​ដៃ​របស់​គេ​បន្ថែម សន្លប់​តែ​ម្តង ចំណែក​ការប្រកួត​លើក​នេះ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​លើ​ថៃ​ ៨០ ​ភាគរយ​គឺ​ខ្ញុំ​ប្រឹង​វ៉ៃ​យក​ឈ្នះ​ឲ្យ​ទាល់​តែ​បាន បន្ទាប់ពី​ខំ​ហ្វឹកហាត់​បាន​ល្អ​ជាមួយ​លោកគ្រូ អេ ភូថង​»​។

លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​ថា​កីឡាករ​ថៃ កាថាប់វស៊ុង មិន​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​ប្រវត្តិ​ប្រកួត​របស់​គេ​ល្អ និង​មាន​ក្បាច់​ជង្គង់​ល្អ​។ លោក​បាន​និយាយ​ថា​៖ «​ពួកគេ​ជំនាញ​ជង្គង់ វ៉ៃ​ក្បាច់​ល្អ​ដូច​គ្នា ហើយ​ខ្ញុំ​គិត​ថា ស៊ីសង​ពេល​ប្រកួត​ជាក់ស្តែង​នៅលើ​កម្លាំង​ចំនួន​ ៥ ​ទឹក បើ​អ្នក​ណា​កម្លាំង​ថេរ​ល្អ​គឺ​ឈ្នះ​។ ​ទោះ​ជា​យ៉ាងណា​តាម​ខ្ញុំ​ពិនិត្យ​មើល​ បាង កាយ៉ាក សព្វថ្ងៃ​អាច​ខ្សោយ​ជាង​លើក​មុនៗ ហើយ​ការខកខាន​ប្រកួត​យូរ​ក៏លំបាក​យក​ឈ្នះ​ដៃគូ​ដែរ​»​។

ចំណែក​លោក ហេង ប៊ុនឃីម គ្រូ​ប្រដាល់​គុន​ខ្មែរ​ម្នាក់​វិភាគ​ថា​៖ «​ខ្ញុំ​គិតថា កីឡាករ បាងកាយ៉ាក អាច​លំបាក​ឈ្នះ​ដោយ​បញ្ហា​កម្លាំង​នេះ​ឯង ព្រោះ​ខ្ញុំ​សង្កេត​កាលពី​ប្រកួត​នៅ​សប្តាហ៍​មុន ដូចជា​កម្លាំង​ឆាប់​ស្រុតចុះ​ជាង​មុន​។ ទោះបី​ជា​យ៉ាង​ណា ខ្ញុំ​មិន​ហ៊ាន​ថា​ទេ ព្រោះ​កីឡាករ​ថៃ​នោះ​វា​ទំនង​ដូចជា​ខ្សោយ​មុខ បើ​យើង​វ៉ៃ​មុខ​ឲ្យ​ច្រើន​មាន​ប្រៀប​ជាង​ក៏​ថា​បាន​»៕