ប៉ារីស៖ ការ​បំបាក់​​អ៊ុយ​ក្រែន ៧-១ របស់​បារាំង ជា​ការ​ប្រកួត​មិត្តភាព​ល្អ​បំផុត​នៅ​អឺរ៉ុប​កាល​ពី​​ថ្ងៃ​ពុធ ខណៈ​ដែល​អេស្ប៉ាញ​ស្មើ​នៅ​ទីក្រុង​លីសបោន ហើយ​តួកគី​មាន​មោទនភាព​ជាមួយ​នឹង​គ្រាប់​បាល់​ចុង​ម៉ោង ដែល​បំប៉ោង​សំណាញ់​ទី​​អាល្លឺម៉ង់​នៅ​​ក្រុង​ Cologne។

នៅ​ឯ​កីឡដ្ឋានជាតិ​ Stade de France របស់​បារាំង គឺ​កីឡាករ​យុវជន Eduardo Camavinga និង​កីឡាករ​ចាស់​វស្សា Olivier Giroud ជួយ​ឱ្យ​ក្រុម​​របស់​លោក​ Didier Deschamps បង្កើត​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​តែ​ជំងឺ​កូវីដ ១៩​។

Camavinga វ័យ ១៧ ឆ្នាំ ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ល្បីល្បាញ​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ស៊ុត​បញ្ចូល​ទី​​ឱ្យ​ក្រុម​មាន់​គក ក្នុង​រយៈពេល​ជាង ១ ​សតវត្សរ៍​ជាមួយ​នឹង​ការ​ទាត់​បក​រំលង​ក្បាល​ចូល​ទីយ៉ាង​ស្អាត​នៅ​នាទីទី​៩​។

លោក Deschamps បាន​ប្រគល់​តួនាទី​ប្រធាន​ក្រុម​ឱ្យ Giroud នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ទី ​១០០ របស់​គេ ហើយ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Chelsea តប​មក​វិញ​ ដោយ​ការ​ទម្លុះ​សំណាញ់​ទី ​២ គ្រាប់ នៅ​វគ្គ​ទី​១ ដែល​​ធ្វើ​ឱ្យ​គេ​មាន​គ្រាប់​បាល់​អន្តរជាតិ​ចំនួន ៤២ ​គ្រាប់​ហើយ ដោយ​តិច​ជាង​អតីត​កីឡាករ Thiery Henry តែ ៩ ​គ្រាប់​ប៉ុណ្ណោះ​។

«ល្អ​នោះ​គឺ ២ គ្រាប់​បន្ថែម​ទៀត ហើយ​វា​ជា​របស់​មាន​តម្លៃ​ណាស់​មិន​អ៊ីចឹង​?​»។ នេះ​ជា​សម្ដី​របស់​លោក​ Deschamps ដែល​​បន្ត​ទ្រាំ​ជាមួយ​ Giroud ពេល​ក្រុម​ហាក់​មាន​បញ្ហា​ខ្វះ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ៗ​​។

Kylian Mbappe របស់​ក្រុម Paris Saint-Germain Corentin Tolisso របស់​ក្រុម Bayern Munich និង​ Antoine Griezmann របស់​ក្រុម Barcelona សុទ្ធ​តែ​បាន​រួម​ចំណែក​ម្នាក់ ១ ​គ្រាប់​បន្ថែម​លើ​គ្រាប់​ ដែល​ធ្វើ​ឱ្យ​​ចូល​ទី​ខ្លួន​ឯង​របស់​ Vitalii Mykolenko​។

ក្នុង​ជំនួប​ Nations League នៅ​ថ្ងៃ​អាទិត្យ ​បារាំង​​ស្វាគមន៍​​ព័រទុយហ្គាល់ ដែល​ធ្វើ​ឱ្យ​ខ្លួន​ទឹក​ភ្នែក​នៅ​ Stade de France នេះ កាល​ពី​ប្រកួត Euro 2016 វគ្គ​ផ្ដាច់​ព្រ័ត្រ ខណៈ​ក្រុម​របស់​លោក Fernando Santos ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ក្រុម​​អេស្ប៉ាញ បញ្ចប់​ត្រឹម ០-០​។

កីឡាករ Cristiano Ronaldo និង​ Renato Sanchez សំណាង​មិន​ល្អ​ដូច​គ្នា ដោយ​ការ​ស៊ុត​បាល់​បុក​របារទី ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​គួរ​ឈ្នះ​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​តែ​ខ្សែ​ប្រយុទ្ធ Joao Felix ធ្វើ​មិន​បាន​ល្អ​។​ អេស្ប៉ាញ​លេង​ល្អ​ជាង នៅ​ដើម​តង់​នៃ​ការ​ប្រកួត ​នា​កីឡដ្ឋាន​ Jose Alvalade ហើយ​​ការពារ​​បាន​រឹងមាំ​ផង​ដែរ​។

គ្រូបង្វឹក​​របស់​ក្រុម​អេស្ប៉ាញ លោក Luis Enrique និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា យើង​ល្អ​ជាង​ព័រទុយហ្គាល់​។ មែន​ ពួក​គេ​ស៊ុត​បុក​របារ​ទី ២ ​ដង​ និង​ម្ដង​ទៀត​ ត្រូវ​​អ្នក​ចាំទី Kepa Arrizabalaga រារាំង ប៉ុន្តែ​យើង​ក៏​មាន​ឱកាស​ល្អៗ​ច្រើន​ដូច​គ្នា​ដែរ​»​។

រីឯ​លោក​គ្រូ​បង្វឹក​ Joachim Loew របស់​អាល្លឺម៉ង់ ​រអ៊ូ​រទាំ​នឹង​កូន​ក្រុម​ ដោយសារ​មិន​អាច​បិទ​តួកគី​នៅ​ចុង​ម៉ោង ដែល​នាំ​ឱ្យ​ស្មើគ្នា ៣-៣ ទាំង​ដែល​ខ្លួន នាំ​មុខ​ម្ដង​ហើយ​ម្ដង​ទៀត​។​

លោក Loew ប្រាប់​ថា​៖ «​ខ្ញុំ​ខក​ចិត្ត និង​មួម៉ៅ​ណាស់។ បញ្ហា​ កើត​ឡើង​ដដែលៗ​បែប​នេះ​ ដូច​នៅ​ប្រកួត​​ផ្សេងៗ​មាន​មក ១ រយៈហើយ»​​​៕ AFP/VN