ក្រុង​ប៉ារីស៖ កីឡដ្ឋាន​បាល់ទាត់​នៅ​​បារាំង​នឹង​បើក​ឲ្យ​មាន​អ្នក​គាំទ្រ​វិញ នៅ​ថ្ងៃ​ទី ​១១ ខែ​កក្កដា​ ខណៈ​​ប្រទេស​​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ បន្ត​ការ​បន្ធូរ​បន្ថយ​​វិធានការ ដែល​បាន​ដាក់​ចេញ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ ​១៩។ នេះ​បើ​តាម​ការ​ប្រកាស​​​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​។

តែ​យ៉ាង​ណា អ្នក​គាំ​ទ្រ​ចំនួន​ច្រើន​បំផុត​ត្រឹម​ ៥ ០០០ ​នាក់​ប៉ុណ្ណោះ ដែល​​នឹង​ត្រូវ​​អនុញ្ញាត​ឲ្យ​ចូល​​ក្នុង​កីឡដ្ឋាន ហើយ​​នឹង​អាច​​ត្រូវ​បន្ធូរ​បន្ថយ​ជាង​នេះ នៅ​រដូវ​ក្ដៅ ពេល​​រដូវកាល​ថ្មី ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នា​ថ្ងៃទី​ ​២២ ​ខែ​សីហា​។

ដូច្នេះ​ការ​ប្រកួត​ដណ្ដើម​ពាន​ French Cup និង League Cup វគ្គ​ផ្ដាច់​ព្រ័ត្រ ឥឡូវ​នេះ អាច​មាន​ទស្សនិកជន​ហើយ ហើយ​អ្នក​គាំ​ទ្រ ក៏​នឹង​អាច​មើល​ក្រុម​របស់​ខ្លួន​លេង​កម្ដៅ​សាច់​ដុំ មុន​រដូវកាល​ថ្មី​ដែរ។

សេចក្ដី​ប្រកាស​នោះ ឲ្យ​ដឹង​ថា​៖ «​ការ​ពិនិត្យ​ឡើង​វិញ​បន្ថែម​ទៀត​នូវ​​ស្ថាន​ភាព​រោគ​រាត​ត្បាត​​​ជាតិ នឹង​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ដើម្បី​សម្រេច​ថា តើ​ការ​បន្ធូរ​បន្ថយ អាច​ធ្វើ​ទៅ​បាន​ ឬ​ទេ ​សម្រាប់​ឆមាស​ទី២ ក្នុង​ខែ​សីហា​។ យោង​តាម​ការ​វាយ​តម្លៃ​ថ្មី​នៃ​ស្ថានភាព​រាត​ត្បាត​ការ​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ថ្មី អាច​ត្រូវ​បាន​សម្គាល់​ដោយ​ការ​បន្ធូរ​បន្ថយ​ថែម​ទៀត​​នៃ​ការ​រឹត​បន្តឹង​»​។

លីក​លំដាប់​កំពូល​ផ្សេង​ៗ ​នៅ​អឺរ៉ុប ដូច​ជា​ក្របខ័ណ្ឌ​ Bundesliga អាល្លឺម៉ង់, La Liga អេស្ប៉ាញ, Premier League អង់គ្លេស និង Serie A របស់​ប្រទេស​អ៊ីតាលី សុទ្ធ​តែ​បាន​ចាប់​​ផ្ដើម​ការ​ប្រកួត​ប្រជែង​​​វិញ តែ​ប្រទេស​បារាំង សម្រេច​បញ្ចប់​​ក្របខ័ណ្ឌ Ligue 1 ​រដូវកាល​ ២០១៩-២០២០ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ​៣០ ខែ​មេសា។

ក្រុម​​ Paris St Germain គឺ​ម្ចាស់​ជើងឯក​​ ក្រោយ​គណៈ​គ្រប់គ្រង​ជ្រើស​យក​វិធី​នេះ ខណៈ​​​ការ​ធ្វើ​បែប​ហ្នឹង​នាំ​ឲ្យ​លីក​កំពូល​មួយ​នេះ ក្លាយ​ជា​លីក​ដ៏​ល្បី​​តែ​មួយ​គត់​របស់​អឺរ៉ុប ដែល​​រំសាយ​រដូវ​កាល​របស់​ខ្លួន​ដោយសារ​តែ​​វីរុស​កូរ៉ូណា​៕​ AFP/VN