The Phnom Penh Post Search

Search form

បារាំង ឈាន​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ World Cup ខណៈ​ប៉ា​រីស ផ្ទុះ​ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា

Content image - Phnom Penh Post
ខ្សែ​ការ​ពារ​អន្តរ​ជាតិ​បារាំង Samuel Umtiti អប​អរ ក្រោយពី​បាន​តែត​បាល់​បញ្ចូល​ទីលើ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​។ AFP

បារាំង ឈាន​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ World Cup ខណៈ​ប៉ា​រីស ផ្ទុះ​ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា

រុស្ស៊ី: ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ជាលើក​ទី​៣​របស់​ពួក​គេ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​អង្គារ ដែល​នាំ​ឲ្យ​មាន​ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ទីក្រុង​ប៉ា​រីស ខណៈ​ដែល​​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​​តាម​ដង​វិថី​នា​នា​។

ក្នុង​ទិដ្ឋ​ភាព​ដែល​នាំ​ឲ្យ​មាន​ការ​ចង​ចាំ​ដល់​ការ​ឈ្នះ​ពាន World Cup ឆ្នាំ​១៩៩៨ របស់​បារាំង អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​បាន​​ធ្វើ​ដំណើរ​ទៅកាន់​​ទីលាន Champs-Elysees និង​ប្រមូល​ផ្តុំ​គ្នា​នៅ Arc de Triomphe ដោយ​គ្រវី​ទង់​ជាតិ​ចុះឡើង និង​​បាញ់​កាំ​ជ្រួច​។

ការ​តែត​បាល់​បញ្ចូល​ទី​១​គ្រាប់​ពី​សំណាក់​ខ្សែ​ការ​ពារ Samuel Umtiti ក្នុង​ការប្រកួត​នៅ​ទីក្រុង Saint Petersburg គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​របស់​លោក Didier Deschamps ដណ្តើម​បាន​ជ័យ​ជម្នះ​​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​។

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Olivier Giroud (ឆ្វេង) ដណ្តើម​បាល់​ជា​មួយ​​នឹង​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​បែល​ហ្ស៊ិក Vincent Kompany​។ AFP

គ្រូបង្វឹក​វ័យ​៤៩​ឆ្នាំ​រូបនេះបច្ចុប្បន្ន នៅ​សល់​តែ​ជ័យ​ជម្នះ​មួយ​ទៀត​ប៉ុណ្ណោះ​ពី​ការឈ្នះ​ពាន​ World Cup ពោល​គឺ​រយៈ​ពេល​២០​ឆ្នាំ ក្រោយពី​លោក​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​បារាំង ក្នុង​ពេល​ពួក​គេ​លើក​​ពាន​​នៅ​លើ​ទឹកដីខ្លួន​ឯង​។

ក្រុម​ខ្លាំង​ប្រចាំ​យុទ្ធ​នា​ការ​មួយនេះ ត្រូវ​តែ​រង់​ចាំ​រយៈពេល​២៤​ម៉ោង​ទៀត ដើម្បី​​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់​​គ្លេស ឬ​ក្រូ​អាស៊ី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​​អាទិត្យ​នេះ ប៉ុន្តែ ពួក​គេ​នឹង​​ឈាន​ទៅកាន់​ការប្រកួត​នោះ​ដោយ​ការ​ជឿជាក់​។

លោក Deschamps បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយ​ជួស​កីឡាករ​របស់​ខ្ញុំ​។ វា​ពិត​ជា​លំ​បាក​ពេល​ប៉ះក្រុម​ខ្លាំង​ដូច​ជា​បែលហ្ស៊ិក​។ ខ្ញុំ​សូម​សម្តែង​នូវ​ការ​សរសើរ​ចំពោះ​កីឡាករ និង​បុគ្គ​លិក​របស់​ខ្ញុំ​»​៕ IS

Content image - Phnom Penh Post
អ្នក​គាំទ្រ​បារាំង អប​អរ ក្រោយពី​​ក្រុម​របស់​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ World Cup​។ AFP

អត្ថបទគួរចាប់អារម្មណ៍