ក្រុង​ប៉ារីស៖ ក្រុម​ជើងឯក​ពិភព​លោក​បារាំង និង​​អាល្លឺម៉ង់ ទទួល​បាន​លទ្ធផល​ជា​ទី​​គាប់​ចិត្ត​ដូច​គ្នា សម្រាប់​ការ​ប្រកួត​ក្នុង​កម្មវិធី UEFA Nations League កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពេល​ក្រុម​ទាំង ​២ បាន​​យក​ឈ្នះ​លើ​គូ​ប្រកួត​រៀងៗ​ខ្លួន​នោះ​។

ខ្សែ​បម្រើ​ N''Golo Kante របស់​ក្រុម​តោខៀវ Chelsea ទើប​តែ​អាច​​ស៊ុត​​គ្រាប់​ទី ២ របស់​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ តែ​វា​ជា​គ្រាប់ ដែល​ជួយ​ឱ្យ​​បារាំង​ឈ្នះ​​ក្រុម​ជើងឯក​អឺរ៉ុប​ព័រទុយហ្គាល់ ១-០ ក្នុង​អំឡុង​ការ​ប្រកួត​នៅ​ឯ​ក្រុង​លីសបោន ហើយ​ជ័យជម្នះ​នេះ​ បាន​ធានា​ឱ្យ​ក្រុម​របស់​លោក Didier Deschamps ជា​ក្រុម​ដំបូង​គេ ដែល​បាន​កក់​កៅអី​នៅ​វគ្គ​ចុង​ក្រោយ​នា​ឆ្នាំ ​២០២១​។​

ក្រុម​បារាំង​ពេល​នេះ កំពុង​នាំ​ក្រុម​ព័រទុយហ្គាល់​របស់​កីឡាករ Cristiano Ronaldo ៣ ​ពិន្ទុ ប៉ុណ្ណោះ មុន​ការ​ប្រកួត​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​ស៊ុយអែត នាក្រុង​ប៉ារីស នៅ​ថ្ងៃ​អង្គារ តែ​ពួក​គេ​ទទួល​បាន​នូវ​ការ​រ៉ាប់រង​នូវ​ចំណាត់​ថ្នាក់​​លេខ ១ ក្នុង​ក្រុមទី ៣ លីគ A ដោយសារ​មាន​កំណត់ត្រា​ជួប​គ្នា ឬ​ប្រកួត​គ្នា (head-to-head) ល្អ​ជាង​។

«​ជា​រឿង​ប្រសើរ​ណាស់ ដែល​ឃើញ​កូន​ក្រុម​ដណ្ដើមជ័យ​ជម្នះ​បាន​ ហើយ​វា​សម​តែ​អ៊ីចឹង​។ យើង​បាន​បំពេញ​តាម​គោល​បំណង​របស់​យើង​ហើយ គឺ​ការ​បញ្ចប់​​នៅ​លេខ ១​»​។ នេះ​ជា​សម្ដី​របស់​គ្រូ​បង្វឹក​ក្រុម​បារាំង​លោក Deschamps ​ក្រោយ​ឈ្នះ​លើ ព័រទុយ ហ្គាល់ ដែល​បាន​លើក​ពាន​កម្មវិធី​ Nations League នេះ ដំបូង​គេ នៅ​ផ្ទះ​ខ្លួន​ឯង​ក្នុង​ឆ្នាំ ​២០១៩​។

ចំណែក​មិត្ត​រួម​ក្រុម​របស់ Kante ដែល​ប្រកប​អាជីព​នៅ​​ Premier League អង់គ្លេស​ជាមួយ​គ្នា គឺ​ខ្សែ​ប្រយុទ្ធ Timo Werner ស៊ុត​បញ្ចូល​ទី​បាន ​២ ​គ្រាប់ នៅ​ថ្ងៃ​ត្រឡប់​មក​កាន់​កីឡដ្ឋាន​នៃ​ក្រុម​ចាស់​របស់​ខ្លួន RB Leipzig លើក​ដំបូង ដោយ​គ្រាប់​បាល់​នោះ បាន​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​​អាល្លឺម៉ង់ ឈ្នះ​អ៊ុយក្រែន ៣-១​។

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Werner បាន​ចំណាយ​ពេល ៤ ​ឆ្នាំ នៅ​ក្រុង Leipzig មុន​​នឹង​ចាកចេញ​ទៅ​ក្រុង​ឡុងដ៍ តែ​រូប​គេ​នៅ​តែ​លេច​ធ្លោ​ដដែល ​ដូច​បរិយាកាស​ពី​មុន​អ៊ីចឹង នា​កីឡដ្ឋាន Red Bull Arena នេះ បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​អ្នក​គាំទ្រ​ក៏​ដោយ​ចុះ​។

ជាមួយ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​អាល្លឺម៉ង់ លេង​អត់​ចាញ់​សោះ​ឡើយ​ក្នុង​ចំណោម​ ១២ ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន ហើយ​ឥឡូវ​នេះ ឡើង​ទៅ​ឈរ​នៅ​​កំពូល​នៃ​គ្រុប​ទី៤ ដោយ​មាន ​៩ ​ពិន្ទុ ពោល​គឺ​មាន ​១ ​ពិន្ទុ​ នាំ​មុខ​ក្រុម​លេខ ២ អេស្ប៉ាញ​ ខណៈ​ទាំង ២ ក្រុម ត្រូវ​ប្រឈម​ជាមួយ​គ្នា នៅ​ក្រុង Sevilla នា​​ថ្ងៃ​អង្គារ​។​

កីឡាករ​ Werner បាន​និយាយ​ប្រាប់​ទូរទស្សន៍ ZDF ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​មាន​រយៈពេល ៤ ឆ្នាំ ដ៏​ជោគជ័យ​នៅ​ទី​នេះ ហើយ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ ដែល​ត្រឡប់​មក​វិញ ហើយ​ឈ្នះ​»​។

យ៉ាង​ណា សម្រាប់​ប្រកួត​នេះ ក្រុម​អាល្លឺម៉ង់ ដែល​ដឹកនាំ​ដោយ​លោក Joachim Loew មាន​ការ​ហត់​នឿយ​បន្តិច​ដែរ ក្រោយ​ត្រូវ​ក្រុម​ភ្ញៀវ​ អ៊ុយក្រែន ធ្វើ​ការ​នាំ​មុខ​មុន​យ៉ាង​លឿន​ នៅ​នាទីទី ​១២ ដែល​ស៊ុត​ដោយ​ Roman Yaremchuk តែ​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ តាម​ស្មើ​វិញ នៅ​នាទីទី​២៣​។

Werner ជា​​អ្នក​ជួយ​ឱ្យ​ក្រុម​អាល្លឺម៉ង់​នាំមុខ​វិញ​ម្ដង​ នៅ​នាទីទី​៣៣ ហើយ​ក្រោយ​មក​ក៏​មាន​ឱកាស​ស៊ុត​គ្រាប់​បាល់​​ទី​២ នៅ​នាទីទី​៦៤​ ក៏​ដូច​ជា​គ្រាប់​ជ័យជម្នះ​ចុង​ក្រោយ​របស់​ក្រុម​ផង​ដែរ។​ «​យើង​អត់​មាន​​កីឡាករ​សំខាន់​ៗ ២-៣​ នាក់ ដែល​ធ្វើ​ឱ្យ​ក្រុម​យើង​ពិបាក​ក្នុង​ការ​រក​ឱ្យ​ឃើញ​ចង្វាក់​នៃ​ការ​លេង​»​។ នេះ​ជា​សម្ដី​បន្ថែម​របស់​កីឡាករ​វ័យ ​២៤ ​ឆ្នាំ Werner ដែល​បាន​និយាយ​ដល់​អវត្តមាន​របស់​ខ្សែ​បម្រើ Toni Kroos ដោយសារ​ជាប់​ពិន័យ និង​ខ្សែបម្រើ​ការពារ Joshua Kimmich ដោយសារ​របួស​ជង្គង់​។

ចំណែក​គ្របង្វឹក​ក្រុម​អាល្លឺម៉ង់ លោក Loew បាន​និយាយ​ថា​៖ «យើង​លេង​ដោយ​អត់​មាន​យុទ្ធសាស្ត្រ​សោះ​នៅ​វគ្គ​ទី១ យើង​ចាប់​ផ្ដើម​គ្រប់គ្រង​ការ​ប្រកួត​បាន​ ក្រោយ​សម្រាក ១៥ ​នាទី។ ជា​រួម​ យើង​រីករាយ​ជាមួយ​នឹង​ជ័យជម្នះ​នេះ​»​៕ AFP/VN