រុស្ស៊ី: ស្រប​ពេលដែល​គូប្រជែង​ខ្លាំងៗ​មិន​អាច​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង បាន​សន្យា​ថា នឹង​បង្កើន​ទម្រង់​លេង​របស់​ខ្លួន និង​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ពួកគេ​ក្នុង World Cup តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ប៉េរូ នៅ​រាត្រី​នេះ។

ក្រុម​របស់លោក Didier Deschamps មិនបាន​ស្ថិតក្នុង​កម្រិត​កំពូល​របស់ខ្លួន​ឡើយ នៅ​ពេល​ដែល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួកគេ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​ពួកគេ​ត្រូវការ​ជំនួយ​ពី​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល (VAR) ដើម្បី​ទទួល​បាល់​ប៉េណាល់ទី​សម្រាប់ Antoine Griezmann បន្ទាប់​មក គ្រាប់​បាល់​បញ្ចូល​ទី​នៅ​រយៈពេល ១០ នាទី​ចុងក្រោយ ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១។

ប៉ុន្តែ បើទោះបី​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ជឿជាក់​ក៏ដោយ ប៉ុន្តែ ក្រុម​បារាំង ដែល​មាន​ខ្សែ​ប្រយុទ្ធ​ដ៏មុត​ស្រួច ៣ នាក់​រួម​មាន Griezmann ក៏​ដូចជា​តារា​ឆ្នើម​វ័យ​ក្មេង Kylian Mbappe និង Ousmane Dembele យ៉ាង​ហោច​ណាស់​បាន​គេច​ផុត​ពី​ភាព​អាម៉ាស់។

ស្រប​ពេលដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក អាល្លឺម៉ង់ ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក ហើយ​ក្រុម​អេស្ប៉ាញ អាហ្សង់ទីន និង​ប្រេស៊ីល សុទ្ធ​សឹង​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប៉េរូ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​បារាំង ក្នុង​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី។

ខ្សែការពារ Raphael Varane របស់​ក្លិប Real Madrid ដែលជា​អនុប្រធាន​ក្រុម​របស់​បារាំង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើង​បាន​ទទួល​នូវ​អ្វី​ដែល​យើង​ធ្វើ​បាន​ល្អ ឬ​មិន​ធ្វើ​បាន​ល្អ និង​មាន​ការ​យល់​ស្រប​ថា យើង​នឹង​ត្រូវ​​តែ​បង្កើន​ភាព​រឹងមាំ​ផ្នែក​រាងកាយ​របស់​យើង និង​បង្ហាញ​ពី​ទម្រង់​លេង​ជាទូទៅ​ឲ្យ​បាន​ល្អ។ យើង​ដឹង​ពី​ទិស​ដៅ​ដែល​យើង​ត្រូវ​តែ​ធ្វើ»។

លោក Deschamps ដែលជា​សមាជិក​ឈ្នះ​ពាន World Cup ក្នុងនាម​ជា​កីឡាករ​កាលពី​ឆ្នាំ ១៩៩៨ នោះ មាន​ខ្សែ​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ក្នុង​ការ​ជ្រើស​រើស និង​អាច​នឹង​ដាក់​ឲ្យ Olivier Giroud លេង​ក្នុង​ជម្រើស​ដំបូង។

ក្នុងពេល​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅមុន​ពេល​ការប្រកួត​ពូល C ក្នុង​ទីក្រុង Yekaterinburg កីឡាករ Varane បាន​ចេញ​មុខការ​ពារ Mbappe ដែល​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​ឡើយ ក្រោយ​ពី​លេង​បាន​ល្អ​នៅ​ដើម​តង់​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​អូស្ត្រាលី។

កីឡាករ Varane វ័យ ២៥ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា៖ «នេះ​គឺជា​កីឡាករ​ម្នាក់​ដែល​មាន​វ័យ​ត្រឹម​តែ ១៩ ឆ្នាំ ហើយ​ដែល​បាន​ធ្វើ​អ្វី​ដែល​កីឡាករ​តិច​តួច ឬក៏​មិន​អាច​ធ្វើ​បាន តាមរយៈ​ការ​លេង​ឲ្យ​ក្រុម​បារាំង​ក្នុង​វ័យ​ក្មេង​បែប​នេះ។ រូប​គេ​មាន​ទេពកោសល្យ​ជាច្រើន»។

ខ្សែការពារ​រូបនេះ ក៏បាន​គាំទ្រ​ខ្សែបម្រើ Paul Pogba របស់​ក្លិប Manchester United ដែល​ក៏បាន​ជួប​ភាព​ត្រដាប​ត្រដួស​លើ​ភាព​រឹងមាំ​ផង​ដែរ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​រដូវកាល​មុន និង​ភាគ​ច្រើន​លេង​ជា​កីឡាករ​បម្រុង។

ស្របពេល​ជាមួយគ្នានេះ ក្រុម​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ នឹង​ស្រេកឃ្លាន​ជ័យជម្នះ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក ក្នុង​ការ​ប្រកួត World Cup បើក​ឆាក​របស់​ពួកគេ៕

ម្មវិធី​ប្រកួត​រាត្រី​នេះ

ដា​ណឺ​ម៉ាក v អូស្ត្រាលី -7​ យប់

បារាំង v ប៉េ​រូ - 10 យប់

អា​ហ្ស​ង់​ទីន v ក្រូ​អាស៊ី -1 រំលង​អាធ្រាត្រ

លទ្ធផល​កាលពី​ថ្ងៃ​អង្គារ

កូ​ឡុំ​ប៊ី 1-2 ជប៉ុន

ប៉ូឡូញ 1-2 សេ​ណេ​ហ្គា​ល់

រុស្ស៊ី 3-1 អេ​ហ្ស៊ី​ប