បារាំងៈ ប្រទេសបារាំងដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup នារីបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះប្រេស៊ីល ខណៈអង់គ្លេសឡើងទៅវគ្គនេះដែរក្រោយពីឈ្នះកាម៉េរូនទាំងចម្រូងចម្រាសក្នុងការប្រកួតវគ្គជម្រុះចេញនៅក្នុងព្រឹត្តិការណ៍នេះកាលពីថ្ងៃអាទិត្យ។
ក្នុងការប្រកួត ៩០ នាទីពេញលទ្ធផលប្រកួតស្មើគ្នា ១-១ ដោយបារាំងរកបាន ១ គ្រាប់មុននៅនាទីទី ៥៦ ដោយកីឡាការិនី V. Gauvin ហើយនៅនាទីទី ៦៣ ប្រេស៊ីលរកបាន ១ គ្រាប់វិញដោយកីឡាការិនី Thaisa ប៉ុន្តែនៅម៉ោងបន្ថែម ១៥ នាទី ២ ដង បារាំងរកបាន ១ គ្រាប់ទៀតនៅនាទីទី ១០៧ ដោយប្រធានក្រុមបារាំង Amandine Henry ធ្វើឲ្យឈ្នះប្រេស៊ីល ២-១។
ប្រធានក្រុមរូបនេះបាននិយាយថា នាងត្រូវការសំណាងខ្លះៗដើម្បីរកបាន ១ គ្រាប់នៅក្នុងម៉ោងបន្ថែមនេះដើម្បីជួយឲ្យម្ចាស់ផ្ទះឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នារីនេះ។
ខ្សែបម្រើការពារវ័យ ២៩ ឆ្នាំរូបនេះបានប្រាប់ Canal ថា៖ «ខ្ញុំបានឃើញ Amel ទាត់បាល់ free-kick ហើយខ្ញុំបានរត់ទៅទាត់បញ្ចូលតែម្ដង គឺខ្ញុំមានសំណាងតិចតួចដែរ។ បន្ទាប់មកខ្ញុំមិនដឹងថា មានអ្វីកើតឡើងទេ ខណៈខ្ញុំគ្មានទាំងមានកម្លាំងក្រោកឈរនោះ»។
គ្រូបង្វឹកជម្រើសជាតិបារាំងលោកស្រី Corinne Diacre បាននិយាយថា៖ «វាតឹងតែងគឺពិតជាតឹងតែងមែនទែននៅពេលប៉ះជាមួយក្រុមខ្លាំងបែបនេះ ខណៈយើងបានប្រើបច្ចេកទេសទាំងអស់ និងព្យាយាមជានិច្ច»។
ក្រុមជម្រើសជាតិបារាំងនឹងត្រូវប្រកួតជាមួយជម្រើសជាតិសហរដ្ឋអាមេរិកដែលកំពុងគ្រងជាម្ចាស់ជើងឯកនៃពាននេះ ឬក៏ជាមួយអេស្ប៉ាញនៅវគ្គ ៨ ក្រុមចុងក្រោយនៅកីឡដ្ឋាន Parc des Princes នៅទីក្រុងប៉ារីសនៅថ្ងៃសុក្រសប្ដាហ៍នេះ។
ទន្ទឹមនេះដែរក្រុមរបស់លោក Phil Neville គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ក្រោយពីឈ្នះជម្រើសជាតិកាម៉េរូនទាំងចម្រូងចម្រាស ៣-០ នៅតំបន់ Valenciennes។
ជុំវិញការប្រកួតរវាងអង់គ្លេស និងកាម៉េរូននេះប្រធានក្រុមអង់គ្លេស Steph Houghton រកបាន ១ គ្រាប់មុនគេនៅនាទីទី ១៤ បន្ទាប់មកគ្រាប់ទី ២ រកបានដោយកីឡាការិនី Ellen White នៅនាទីទី ៤៥ ហើយគ្រាប់ចុងក្រោយរកបានដោយ Alex Greenwood នៅនាទីទី ៥៨ ធ្វើឲ្យអង់គ្លេសឡើងទៅវគ្គបន្តដែលនឹងជួបជាមួយជម្រើសជាតិន័រវែស។
ទោះជាយ៉ាងណាការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនេះនឹងធ្វើឲ្យក្រុមជម្រើសជាតិកាម៉េរូនចងចាំបំផុតចំពោះការកាត់សេចក្ដីមួយចំនួនរបស់អាជ្ញាកណ្ដាល រួមទាំងការគំរាមដើរចេញពីទីលានប្រកួតនៅចំណុចណាមួយនោះផងដែរ។
លោក Neville បាននិយាយថា៖ «ខ្ញុំបានអង្គុយមើលការប្រកួតពេញ ៩០ នាទីនៅទីនោះទាំងអារម្មណ៍ខ្មាស់អៀនផង និងមោទនភាពផងចំពោះកូនក្រុមរបស់ខ្ញុំនៅក្រោមកាលៈទេសៈដែលខ្ញុំមិនធ្លាប់ឃើញនៅលើទីលានប្រកួតពីមុនមកនេះទេ ព្រោះខ្ញុំពិតជាខ្មាស់អៀនជាទីបំផុតចំពោះអាកប្បកិរិយារបស់គូប្រជែងនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «វាធ្វើឲ្យអ្នកនឹកឃើញដល់កាលអ្នកនៅក្មេងគឺនៅពេលអ្នកបានចាញ់ ហើយអ្នកបានដើរត្រឡប់ទៅផ្ទះទាំងទឹកភ្នែកជាមួយបាល់របស់អ្នក»។
ចំណែកគ្រូបង្វឹកកាម៉េរូនលោក Alain Djeumfa បានអះអាងថាក្រុមរបស់គាត់គឺជាជនរងគ្រោះនៃភាព «អយុត្តិធម៌» ហើយពួកគេពិតជាធ្វើបានត្រឹមត្រូវតាមលក្ខខណ្ឌនៃការប្រកួត ប៉ុន្តែអាជ្ញាកណ្ដាលបានពិន័យយើងទៅវិញដែលធ្វើឲ្យអង់គ្លេសមានឱកាសរកបាន ១ គ្រាប់មុននៅនាទីទី ១៤ នោះ៕ SN