ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ត្រៀម​បញ្ជូន​គ្រូ​បង្វឹក​ និង​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ទៅ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​​រយៈពេល​វែង ​នា​ចុង​ខែ​កក្កដា​ ឆ្នាំ ២០២១ នេះ ​​ពោល​គឺ​ឱ្យ​បាន​មុន​​ការ​​ប្រកួត​ស៊ីហ្គេម​លើកទី​៣១ ​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​នា​ខែ​វិច្ឆិកា ឆ្នាំ ​២០២១​ ហើយ​​គម្រោង​ការ​ហ្វឹកហាត់​របស់​សហព័ន្ធ​នៅ​ក្រៅ​ប្រទេស​នេះ​ ស្រប​ទៅ​នឹង​ចក្ខុ​វិស័យ​របស់​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​និង​ CAMSOC ​​ក្នុង​ការ​ស្វែងរក​ការ​ហ្វឹកហាត់​ជា​លក្ខណៈ​​អន្តរជាតិ ​ដើម្បី​ពង្រឹង​គុណភាព​បច្ចេកទេស​ឱ្យ​ល្អ​។​

លោក ​បឹង​ គីមតោ​ អនុ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ និង​ជា​អគ្គ​លេខាធិការ​​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​បាន​​ប្រាប់​​ថា​៖ «​សហព័ន្ធ​នឹង​រៀបចំ​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន​គ្រូ​បង្វឹក​ និង​កីឡាករ ១ ​ក្រុម​ ​ទៅ​ហាត់​​នៅ​ប្រទេស​ចិន ហើយ​ការ​​ទៅ​ហ្វឹកហាត់​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២១​​ នៅ​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ​​ព្រោះ​យើង​​រង់ចាំ​ការ​សម្របសម្រួល​ជាមួយ​ CAMSOC និង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​»។​

លោក​បន្ត​ថា ​ចំពោះ​គម្រោង​ទៅ​​ហាត់​ហ្វឹកហ្វឺន​នៅ​ប្រទេស​ចិន ​នេះ ​មាន​រយៈ​ពេល​ ​៩០ ថ្ងៃ​ ​គឺ​ហ្វឹកហាត់​​ឱ្យ​​មាន​គុណភាព​មុន​នឹង​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ​ឆ្នាំ ២០២១ ​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​​ហើយ​មុន​​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នេះ កីឡាករ​ត្រូវ​បាន​​បង្រៀន​នូវ​ភាសា​ចិន​ថ្នាក់​មូលដ្ឋាន​ទាក់ទង​ទៅ​នឹង​ពាក្យ​​ប្រើ​ជា​បច្ចេកទេស ពេល​​ហ្វឹកហាត់​ ​និង​ប្រកួត​។

អគ្គលេខាធិការ​រូប​នេះ បាន​បន្ថែម​​ថា​៖ «​តាម​ផែនការ​យុទ្ធសាស្ត្រ​ គឺ​ក្រោយ​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​នៅ​វៀតណាម​ចប់​ យើង​ត្រូវ​សម្រួច​ទៅ​លើ​ការ​ហ្វឹកហាត់​បន្ថែម​ ក្នុង​រយៈពេល​វែង​ទៀត​តាម​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ប្រទេស​ចិន​ ដើម្បី​គោលដៅ​ធំ​​ឆ្ពោះ​ទៅ​កាន់​​ការ​ប្រកួត​​​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»​។​

តាមរយៈ​ការ​សម្ភាស​​ជាមួយ​មន្ត្រី​បច្ចេកទេស​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​​ក្លិប​វិសាខា​ក្នុង​លក្ខណៈ​ជា​ក្រុម​ដោយ​មិន​អាច​ហាត់​ជា​លក្ខណៈ​ឯកជន​បាន​ដូច​ប្រភេទ​កីឡាករ​​ផ្សេងៗ​បាន​​ទេ​ ប៉ុន្តែ​យើង​រក្សា​អនាម័យ​ និង​ប្រុងប្រយ័ត្ន​ការពារ​យ៉ាង​ល្អ​ ដើម្បី​​ការពារ​ការ​ឆ្លង​ជំងឺ​​កូវីដ ​១៩​។

សម្រាប់​ឆ្នាំ ​២០២១ ​នេះ​ កីឡា​បាល់​ទះ​កម្ពុជា​មាន​ជម្រើស​ជាតិ​ចំនួន ​​១៩ ​នាក់​ ដែល​ពួក​គេ​សុទ្ធ​តែ​កីឡាករ​របស់​ក្លិប​វិសាខា ក្នុង​នោះ​មាន​ សួន ចាន់ណារ៉ូ, គួន ម៉ុម, សឿន ហេង, អាន សុខហេង, ឡាង រាសីកែវ, មី សុផណ្ណា, ឈាង ​ភារដ្ឋ, ពិន សារុន, វឿន វាសនា, ផុល រតនៈ, គង់ ពិសិដ្ឋ, ខឹម សុវណ្ណារ៉ា, ម៉ន សុខនាង, មី រស្មី, មួន និមល, ផល ផានីត, ភុំ ចាន់តុលា, ឈីម ឈាងនី និង សៅ តាន។ សហព័ន្ធ​មួយ​នេះ ​មាន​លោក​នាយ​ឧត្តមសេនីយ៍​ នេត​ សាវឿន​ ហើយ​កម្រិត​បច្ចេកទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ​គឺ​បាល់​ទះ​កម្ពុជា​មាន​លំដាប់​ទី​៥ ​មិនមែន​នៅ​បាត​តារាង​នោះ​ឡើយ​៕​​