ភ្នំពេញ: ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រាបៀរ​អាន់ឆ័រ លើក​ទី​ ២ នឹង​ប្រកួត​បញ្ចប់​មណ្ឌល​ចុងក្រោយ​ក្របខ័ណ្ឌ 1-Star World Tour ផ្នែក​នារី​នៅ​ខេត្ត​បាត់ដំបង​ពី​ថ្ងៃ​ទី​ ៤ ដល់​ទី​ ៧ ខែ​មេសា​នេះ​ដើម្បី​រក​ក្រុម​ម្ចាស់​ជយលាភី​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour Olympics 2020 ដើម្បី​ឈាន​ទៅ​រក​ការឈ្នះ​ជើងឯក​ពិភពលោក​។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ក្រុម​ប្រទេស​ផ្សេងៗ​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​នៅ​ខេត្ត​បាត់ដំបង​នេះ សុទ្ធតែ​បាន​ចុះ​ឈ្មោះ​តាម​វេបសាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​ពិភពលោក អ៊ីចឹង​ចំនួន​ក្រុម​ចូលរួម​លុះ​ដល់​ថ្ងៃ​ប្រកួត​ទើប​ដឹង​ច្បាស់​។

យ៉ាងណា​ក៏ដោយ​មន្ត្រី​គណៈកម្មការ​ដដែល​នេះ​បាន​បញ្ជាក់​ថា​៖ «​ក្រុម​ចុះឈ្មោះ​ចូលរួម​ការប្រកួត​ក្របខ័ណ្ឌ 1-Star World Tour ផ្នែក​នារី​នេះ​មាន​ ២ ​ដាច់​ដោយឡែក​ពី​គ្នា​គឺ​ក្រុម​ប្រកួត​ជម្រុះ និង​ក្រុម​ប្រកួត​វិលជុំ​។ មាន​ន័យ​ថា ក្រុមជម្រុះ​ពួកគេ​នឹង​ប្រកួត​ជម្រុះ​រហូត​ដល់​ឃើញ​ក្រុម​ឈ្នះ​ចុងក្រោយ​ចំនួន​ ៤ ដើម្បី​យក​មក​ដាក់​ឲ្យ​លេង​នៅ​វគ្គ​ ១៦ ​ក្រុម​ជាមួយ​ក្រុម​វិលជុំ ហើយ​វគ្គ​ ១៦ ​ក្រុម​នេះ​ចែក​ការប្រកួត​ទៅ​តាម​ពូល​រួច​យក​ក្រុម​ឈ្នះ​តាម​ពូល​នីមួយៗ ឡើង​ទៅ​ប្រកួត​វគ្គ​ ៨ ​ក្រុម​រួច​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​រក​ក្រុម​ម្ចាស់​ជើងឯក​តែ​ម្តង​»​។

ជាមួយ​នឹង​ការប្រកួតប្រជែង​នេះ​គណៈកម្មការ​បាន​កំណត់​យក​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ លេខ​ ២ និង​លេខ​ ៣ នៅ​តាម​មណ្ឌល​ទាំង​ ៤ សម្រាប់​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour Olympics 2020 ដើម្បី​ឈាន​ទៅ​រក​ក្រុម​ឈ្នះ​ជើងឯក​ពិភពលោក ខណៈ​មណ្ឌល​ភ្នំពេញ មណ្ឌល​ខេត្ត​កំពង់ស្ពឺ និង​មណ្ឌល​ខេត្ត​សៀមរាប​បាន​បញ្ចប់​ការប្រកួត​ហើយ​។

តាម​ការប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​ក្របខ័ណ្ឌ 2-Star World Tour ផ្នែក​នារី​កាលពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី​ ២៤ កុម្ភៈ កីឡាការិនី Vasiliki Arvaniti និង Penny Karagkouni របស់​ប្រទេស​ក្រិក​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្រោយ​យក​ឈ្នះ​ក្រុម​អាមេរិក​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ជប៉ុន​បាន​លេខ​ ៣​។

ចំណែក​ការប្រកួត 2-Star World Tour ផ្នែក​បុរស​នៅ​ខេត្ត​កំពង់ស្ពឺ​ពី​ថ្ងៃ​ទី​ ៩ ដល់ទី​ ១០ ខែ​មីនា​កីឡាករ​រុស្ស៊ី Sivollap និង Yarzutkin បាន​យក​ឈ្នះ​ក្រុម​អាហ្វ្រិក​ខាង​ត្បូង​វគ្គ​ផ្តាច់ព្រ័ត្រ​យក​លេខ​ ១ ខណៈ​លេខ​ ៣ ​បាន​ទៅ​ក្រុម​ដាណឺម៉ាក​។

ដោយឡែក​ការប្រកួត​ក្របខ័ណ្ឌ 1-Star World Tour ផ្នែក​បុរស​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២២ ដល់​ទី​ ២៤ ខែ​មីនា​កីឡាករ Dresslor និង​កីឡាករ Huber របស់​ប្រទេស​អូទ្រីស​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​ក្រុម​កីឡាករ​របស់​របស់​ប្រទេស​រុស្ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​លេខ​ ៣ ​បាន​តៅ​ក្រុម​ស្វ៊ីស​៕