ភ្នំពេញៈ ​សិក្ខាកាម​ជា​គ្រូ​បង្វឹក និង​ជា​​កីឡាករ​បាល់ទះ​ ​៣០ នាក់ បាន​និង​កំពុង​សិក្សា​​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង ជាមួយ​គ្រូ​ជំនាញ​បាល់ទះ ​មក​ពី​ប្រទេស ​បង់ក្លាដែស ​លោក Shameen-Al-Mamun នៅ​ក្នុង​វគ្គ​សិក្សា​សាមគ្គី ស្តីពី​គ្រូ​បង្វឹក​កីឡា​បាល់ទះ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ទីស្នាក់ការ NOCC នឹង​បញ្ចប់ នៅ​ថ្ងៃទី ​១ ខែ កញ្ញា។

លោក បឹង​ គឹមតោ អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ចាត់​ទុក​វគ្គ​សិក្សា​នេះ ថា​ជា​ការ​បង្កើត​នូវ​​ធនធាន​ឲ្យ​កាន់​តែ​សម្បូរ​បែប ដើម្បី​ពង្រីក​សក្តានុពល​វិស័យ​កីឡា​បាល់ទះ​កម្ពុជា ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក​​និយាយ​ថា៖​ «វគ្គ​សិក្សា គ្រូ​បង្វឹក​កីឡា​បាល់ទះ​​នេះ ​វា​ស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​របស់​សហព័ន្ធ ដើម្បី​បណ្តុះបណ្តាល​ធនធន​មនុស្ស​​ឲ្យ​បាន​កាន់​តែ​ច្រើន​ទៅ​តាម​​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់ NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ត្រៀម​ខ្លួន​​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣។

តាម​លោក បឹង គឹមតោ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ធ្លាប់​បាន​បើក​វគ្គ​សិក្សា​បែប​នេះ​ចំនួន ៦ ដង​ហើយ គឺ​លើកទី​១ នៅ​ឆ្នាំ ​១៩៩៦ ទី​២ ឆ្នាំ ​២០០២ ទី​៣ ឆ្នាំ ​២០០៦ ​ទី​៤ ឆ្នាំ ​២០១០ ទី​៥ ឆ្នាំ ​២០១៤ និង​លើក​ទី​៦ នៅ​ឆ្នាំ ​២០១៩ នេះ គឺ​វគ្គ​គ្រូ​បង្វឹក​កីឡា​​បាល់ទះ​កម្រិត ​១ នេះ​ឯង ដែល​​មាន​សិក្ខាកាម​ចូលរួម ​៣០ នាក់ មក​ពី​តាម​បណ្តា​ក្លិប ខេត្ត-រាជធានី​ចំនួន ​១២ ហើយ​វគ្គ​នេះ​មាន​រយៈពេល​តែ ​៥ ​ថ្ងៃ​ទេ។

អគ្គលេខាធិការ​រូប​នេះ បាន​បន្ថែម​ថា៖ ​«​បើ​ទោះ​បីជា​នេះ​ជា​វគ្គ​សិក្សា​​កម្រិត ​១ ប៉ុន្តែ​នេះ​ជា​វគ្គ​សំខាន់​ណាស់ ព្រោះ​នូវ​រាល់​ការងារ និង​បទបញ្ជា​​ជា​អន្តរជាតិ តែងតែ​កែ​ប្រែ អ៊ីចឹង​វគ្គ​នេះ​យើង​មាន​ការ​សិក្សា​ទាំង​ទៅ​លើ​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង ហេតុ​នេះ​សូម​សិក្ខាកាម​ទាំង​អស់ ខិតខំ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​ពី​គ្រូ​ឧទ្ទេស​​របស់​យើង ដើម្បី​យើង​អាច​យក​ចំណេះដឹង​នេះ ទៅ​បណ្តុះបណ្តាល​នៅ​តាម​ក្លិប និង​ខេត្ត​ ក្នុង​ការ​រក​អត្តពលិក​មាន​សមត្ថភាព ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ និង​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត»។

ចំណែក​លោក Shameem-Al-Mamun គ្រូ​ឧទ្ទេស​បាន​និយាយ​នៅ​ចំពោះ​មុខ​សិក្ខាកាម​ទាំង ​៣០ នាក់ ថា៖ ​«វគ្គ​នេះ​សំខាន់​ណាស់ ហេតុ​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង និង​បទពិសោធ ដែល​ខ្ញុំ​មាន​ទៅ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា អាច​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក​កម្រិត​ស្តងដា​អន្តរជាតិ និង​មាន​សមត្ថភាព​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​អត្តពលិក​កីឡា​បាល់ទះ ឲ្យ​មាន​កាន់​តែ​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស ​កម្ពុជា»៕