ភ្នំពេញៈ ការប្រកួត​កីឡាបាល់បោះ​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០១៨ បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ហើយ​ក្រុម Blue Technology និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប បាន​ចែក​គ្នា​លើក​ពាន នៃ​ការ​ប្រកួត​កម្រិត​អាយុ​ក្រោម ២៣ ឆ្នាំ (U23) ទាំង ២ ភេទ​នៅ​ឆ្នាំ​នេះ ខណៈ​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ត្រឹម​លេខ ២ ទាំង​ផ្នែក​បុរស និង​ផ្នែក​នារី។

សម្រាប់​ការប្រកួតប្រជែង នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ និង​បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ មាន​ក្រុម​ចូលរួម​ចំនួន ១៣ (ស្រី ៥ ក្រុម) លេង​តំណាង​ឲ្យ​ក្លិប និង​ស្ថាប័ន​ចំនួន ១១ ប៉ុន្តែ​មាន​តែ​ក្លិប និង​ស្ថាប័ន​ចំនួន ៤ ប៉ុណ្ណោះ ដែល​ដណ្តើម​បាន​ជយ​លាភី​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ។

ចំពោះ​ការប្រកួត​ផ្នែក​នារី​ទាំង ៥ ក្រុម ដែល​តម្រូវ​ឲ្យ​ប្រកួត​វិលជុំ រួច​កំណត់​យក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ជា​ក្រុម​ម្ចាស់​ជើង​ឯក​នោះ គឺ​ក្រុម Blue Technology ធ្វើ​បាន​ល្អ និង​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ដើម្បី​ទទួល​បាន​លេខ ១ ឯ​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លេខ ២ ដោយសារ​ពួកគេ​បាន​ចាញ់ Blue Technology ជាមួយ​ពិន្ទុ ៥៥-៤៨ ហើយ​លេខ ៣ បាន​ទៅ​ក្រុម​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប។

ចំណែក​ការប្រកួត​ផ្នែក​បុរស ដោយមាន​ការបែងចែក​ការប្រកួត​ជា ២ ពូល​នោះ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប និង​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាក់ សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ក្រុម Conquistador នៅ​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ ដើម្បី​ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ជា​លទ្ធផល​ក្រុម​ខេត្ត​សៀមរាប បាន​យក​ឈ្នះ​ជាមួយ​ពិន្ទុ ៩៨-៥០ ដើម្បី​លើក​ពាន ហើយ​ក្រុម​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​យក​ឈ្នះ​ក្រុម Conquistador ជាមួយ​ពិន្ទុ ៦០-៣៣ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ ៣។

យ៉ាងណាក៏ដោយ តំណាង​ក្លិប និង​ស្ថាប័ន​ទាំង ១១ ដែល​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន មក​ចូលរួម នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់​បោះ​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នេះ សុទ្ធ​តែ​ទទួល​បាន​ប័ណ្ណ​សរសើរ​​ពី​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា​ដូចគ្នា ខណៈ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ចាត់​ទុក​ការ​ប្រកួត​នេះ​ថា ជាការ​លើក​ស្ទួយ​កីឡា​បាល់​បោះ និង​អភិវឌ្ឍ​កីឡា​បាល់​បោះ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន ពិសេស​ជ្រើសរើស​អត្តពលិក​មាន​ទេព​កោសល្យ​ចូល​ប្រមូល​ផ្តុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ។

លោក ប៉ុន សុខ បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះដែរ​ថា៖ «ក្នុង​នាម​ឲ្យ​ឯកឧត្តម ស៊ាន បូរ៉ាត ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​អបអរ​ចំពោះ​ក្រុម​ទាំង​អស់ ដែល​បាន​ចូលរួម ហើយ​គោល​បំណង​របស់​សហព័ន្ធ ក្នុង​ការ​រៀប​ចំការ​ប្រកួត​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​នេះ គឺ​ដើម្បី​ត្រួត​ពិនិត្យ​ជ្រើសរើស​អត្តពលិក​វ័យ​ក្មេង ដែល​មាន​ទេព​កោសល្យ យក​មក​ហាត់​ហ្វឹកហ្វឺន ដើម្បី​ក្លាយជា​អត្តពលិក​តំណាង​ឲ្យ​ជាតិ ក្នុង​ការ​ដណ្តើម​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ»៕