ភ្នំពេញៈ សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាននិងកំពុង​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការ​ប្រកួត​កីឡា​បាល់​បោះ​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ទាំង​ផ្នែក​បុរស និង​នារី លើ​ប្រភេទ​អាយុ​ក្រោម ២៣ ឆ្នាំ។

លោក ឈី សម្បត្តិ អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ការ​ប្រកួត​នេះ គឺជា​ការ​ជួប​ជុំ​គ្នា​មួយ​រវាង​ក្រុម​ក្មួយៗ​ជា​កីឡាករ កីឡាការិនី​បាល់​បោះ ដើម្បី​ធ្វើការ​ប្រកួត​ផ្លាស់ប្តូរ​បទពិសោធ បញ្ចេញ​សមត្ថភាព​បច្ចេកទេស ទេព​កោសល្យ និង​កល​ល្បិច​រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​ដណ្តើម​ជ័យ​ជម្នះ ជា​ជើង​ឯក ក្នុង​ឆ្នាំ ២០១៨»។

លោក​បាន​បន្ថែមថា៖ «ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ក្នុងការ​ប្រកួត​នេះ ជា​មួលដ្ឋាន​គ្រឹះ គឺ​យើង​ត្រូវ​គោរព​វិន័យ បទបញ្ជា​បច្ចេកទេស ការ​សម្រេច​របស់​អាជ្ញា​កណ្តាល រក្សា​សណ្តាប់​ធ្នាប់ សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស ដោយ​ត្រូវ​យោគ​យល់​គ្នា មាន​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​សម​ស្រប​ជា​យុវជន ដែល​កំពុង​មាន​ការ​អភិវឌ្ឍ»។

សម្រាប់​ការប្រកួត ដែល​បាន​ចាប់ដំណើរការ​តាំងពី​ថ្ងៃ​អង្គារ ហើយ​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ គឺ​មាន ១៣ ក្រុម (នារី ៥ ក្រុម) ចូលរួម ដោយ​ក្នុង​នោះ​ក្លិប​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជូន​ទាំង​ក្រុម​បុរស និង​នារី មក​ចូលរួម​ដូចគ្នា ឯ​ក្រុម​នារី ៣ ក្រុម​ទៀត មាន​មក​ពី​ក្លិប Blue Technology សហភាព​សហព័ន្ធ​កីឡា​បាល់​បោះ​ស្រុក​ស្វាយ​អន្ធរ និង​ក្រុម Eagles របស់​ខេត្ត​កណ្តាល។

ចំណែក​ក្រុម​បាល់បោះ​បុរស​ចំនួន ៦ ក្រុម​ទៀត មាន​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប វិទ្យាល័យ​ហ៊ុនសែន តាខ្មៅ ខេត្ត​ពោធិ៍សាត់ ខេត្ត​ស្វាយរៀង ក្លិប​កីឡា​បាល់​បោះ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុន រ៉ានី​ផ្សារ​ដើមថ្កូវ និង​ក្រុម Conquistador ហើយ​រូបមន្ត​ប្រកួត​គឺ​ក្រុម​នារី​ទាំង ៥ ត្រូវ​ប្រកួត​វិល​ជុំ រួច​កំណត់​យក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ក្រុម​លេខ ១ លេខ ២ និង​លេខ ៣ តែ​ម្តង ប៉ុន្តែ​ក្រុម​បុរស​ទាំង ៨ បាន​ចែក ការ​ប្រកួត​ជា ២ ពូល រួច​យក ២ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ តាម​ពូល​ទាំង ២ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ។

ចំពោះ​គោលបំណង​នៃ​ការប្រកួត​នេះ​វិញ លោក កៅ កា​ណា​លី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ការ​ប្រកួត​នេះ យើង​ធ្វើ​ទៅ​តាម​ផែនការ​របស់​សហព័ន្ធ ដែល​កាល​ពី​ឆ្នាំ ២០១៧ យើង​ធ្វើ​ក្រុម U18 និង​ឆ្នាំ ២០១៨ នេះ យើង​ធ្វើ​ក្រុម U23 ហើយ​ការ​កំណត់​យក​អាយុ ២៣ ឆ្នាំ​ចុះ​បែប​នេះ ដើម្បី​រក​មើល​កីឡាករ កីឡាការិនី មាន​ទេព​កោសល្យ​ល្អៗ និង​មាន​កាយ​សម្បទា​ខ្ពស់​ល្អ ឲ្យ​ចូល​ហាត់​ក្នុង​ក្រុម​ធំ និង​ក្រុម​ថ្នាល​ជម្រើស​ជាតិ ត្រៀម​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន»។

តាមរយៈ​ការប្រកួតប្រជែង ២ ថ្ងៃ​កន្លងមកនេះ លោក កៅ កា​ណា​លី មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​រីក​ចម្រើន​របស់​ក្រុម​នារី។ លោក​បាន​និយាយ​ថា៖ «យើង​ឃើញ​ក្រុម​បាល់​បោះ​នារី មាន​ការ​រីក​ចម្រើន​ជាង​មុន ដោយ​មាន​បច្ចេកទេស​លេង​ល្អ និង​ភាគ​ច្រើន​មាន​កាយ​សម្បទា​ខ្ពស់ៗ​ល្អ ចំណែក​ផ្នែក​បុរស​នៅ​ឆ្នាំ​នេះ មាន​ខេត្ត​ចំនួន ៣ បាន​ចូលរួម​ផងដែរ គឺ​ខេត្ត​កណ្តាល ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ស្វាយរៀង ដែល​ធ្វើ​ឲ្យ​បរិមាណ​ប្រកួត មាន​ការ​កើន​ឡើង​ជាង​មុន»៕