សៀមរាប៖ វគ្គ​សិក្សា​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​កម្រិត​អន្តរជាតិ ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣ ​ដែល​ហៅ​កាត់​ថា ​Camsoc បាន​បិទ​បញ្ចប់​កាល​​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី ​១៦ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៩​ នៅ​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ដោយ​មាន​សិក្ខាកាម​ចូល​សិក្សា​មក​ពី ​១៨ ​ក្នុង​អាស៊ី​​បូក​អូស្ត្រាលី ​អាហ្វ្រិក​ និង​ប្រទេស ​កម្ពុជា ​មាន​​សិក្ខាកាម​ចំនួន ​៣៨ ​នាក់​។​

ជាមួយ​គ្នា​នេះ​សម្រាប់​សិក្ខាកាម​របស់​កម្ពុជា​ដែល​បញ្ជូន​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចំនួន ​៥ ​នាក់ ​គី​មាន​អាយុ​វ័យ​ក្មេង​មាន​បទពិសោធ​ល្អ​ព្រម​ទាំង​ចេះ​​ភាសា​អន្តរជាតិ ខណៈ​ដែល​គ្រូ​ឧទ្ទេស​មិន​ប្រើ​ភាសា​ខ្មែរ​នោះ​ឡើយ​។

ការ​សិក្សា ​និង​អនុវត្ត​ផ្ទាល់​នៅ​លើ​ទីលាន ​គឺ​ត្រូវ​បាន​បង្ហាញ​និង​​អនុវត្ត​គ្រប់ៗ​សិក្ខាកាម​ទាំងអស់​​ដែល​បាន​ចូលរួម​មាន​រយៈពេល​​ ២ ​ថ្ងៃ​គឺ ​១៥​ និង​ថ្ងៃទី ​១៦ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៩ ​បន្ទាប់​មក​បាន​ទទួល​លិខិត​បញ្ជាក់​ផង​ដែរ​។​

លោក​សាស្ត្រាចារ្យ​ Borwornchaiyos Mongkholdey គ្រូ​ឧទ្ទេស​មក​ពី​សាកល​វិទ្យាល័យ​គរុកោសល្យ​កីឡា​ រាជ​ផាត​ខេត្ត​នគរ​បះ​ធំ​បាន​ឲ្យ​​ ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​​ច្បាប់​ និង​លក្ខខណ្ឌ​ប្រកួត​របស់​កីឡា​គុន​ខ្មែរ​ ​ឬ​មួយ​ថៃ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​​ គឺ​​មាន​ភាព​ស្រដៀង​គ្នា​ឬ​ដូច​គ្នា​នូវ​ចំណុច​ខ្លះ​ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​កម្រិត​កីឡា​អាស៊ាន ​គឺ​ស៊ីហ្គេម​នេះ​ដែល​មាន​ប្រភេទ​កីឡា​​គេ​ឲ្យ​ឈ្មោះ​ថា ​«មួយ» ​​កំពុង​តែ​នៅ​ជា​​ធរមាន​គឺ​យើង​បង្វឹក​ឲ្យ​ចៅ​ក្រម​អាជ្ញា​កណ្តាល​អនុវត្ត​ក្នុង​សិក្ខា​សាលា​ពេល​នេះ​»​។

លោក​សាស្ត្រាចារ្យ​ Borwornchaiyos Mongkholdey គ្រូ​ឧទ្ទេស​បញ្ជាក់​បន្ថែម​ថា​៖ ​«​ការ​បណ្តុះ​បណ្តាល​នេះ ​គឺ​ដើម្បី​យក​ទៅ​ប្រើប្រាស់ ​ឬ​អនុវត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​ដែល​កំពុង​មាន​ការ​ប្រកួត​ប្តូរ​វេន ​២ ឆ្នាំ​ម្តង​ដូច​សព្វ​ថ្ងៃ​នេះ​​។​​ ទោះ​ជា​យ៉ាង​ណា​ សម្រាប់​មូលដ្ឋាន​គ្រឹះ​របស់​ប្រទេស​ចំនួន ​៣ ក្នុង​អាស៊ាន​ គឺ​​ប្រទេស ​ឡាវ​ ហៅ​ថា​មួយ​ឡាវ​ ប្រទេស ​ថៃ ​ហៅ​ថា ​មួយថៃ​ និង​ប្រទេស ​កម្ពុជា ​ហៅ​ថា​ ប្រដាល់​គុន​ខ្មែរ ​នោះ​គឺ​មាន​ច្បាប់​ប្រកួត​ខុស​គ្នា​បន្តិច​បន្តួច ​ប៉ុន្តែ​ការ​សិក្សា​​វគ្គ​នេះ​ជា​ច្បាប់ ​និង​លក្ខខណ្ឌ​រួម​សម្រាប់​ប្រកួត​កីឡា​ស៊ីហ្គេម​យើង​»​។

លោក​ Nooramin សញ្ជាតិ​ម៉ាឡេស៊ី​ដែល​ជា​គ្រូ​ឧទ្ទេស ​និង​ជា​អគ្គ​លេខាធិការ​កីឡា​មួយ​ពិភព​លោក​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​អស់​លោក​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បាន​លិខិត​បញ្ជាក់​ ​ដើម្បី​មាន​ឱកាស​​ចូល​ទៅ​បំពេញ​​ភារកិច្ច​ក្នុង​កីឡា​មួយ​អាស៊ាន​បាន​»​។​

លោក ​យឺន​​ ធារ៉ា​ និង​លោក​ ម៉ា វី​លី ​ជា​សិក្ខាកាម​របស់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា៖ «​​​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រៀន​ក្នុង​វគ្គ​អាជ្ញា​កណ្តាល ​និង​ចៅ​ក្រម​លំដាប់​អន្តរជាតិ​នេះ​​ព្រោះ​ជា​វគ្គ​ដែល​ផ្តល់​ជូន​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី ​១ ​នៅ​កម្ពុជា​​»។​

លោក​ យឺន ​ធារ៉ា ​បន្ថែម​ថា ​​តាមរយៈ​ការ​សិក្សា​កន្លង​មក ​និង​សិក្សា​ពេល​នេះ​បើ​ប្រៀប​ធៀប​ទៅ​មាន​លក្ខណៈ​ខុស​គ្នា​​បន្តិច​បន្តួច​ទៅ​តាម​ប្រទេស​ពិសេស​ថៃ ​និង​កម្ពុជា ​ប៉ុន្តែ​លក្ខខណ្ឌ​រួម​ដូច​គ្នា​ គឺ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​តែ​ម្តង​គឺ​អនុវត្ត​ដូច​គ្នា​​។​

លោក ​វ៉ាត់ ​ចំរើន​ ជា​អគ្គ​លេខាធិការ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ការ​ឧបត្ថម្ភ​ពី​ Camsoc ​ក្នុង​​គម្រោង​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​បច្ចេកទេស​៕​