ភ្នំពេញ៖ ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​សហការ​ជាមួយ​ការិយាល័យ​អប់រំ​ យុវជន ​និង​កីឡា​ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្វឹក​ហែល​ទឹក​កម្រិត​មូលដ្ឋាន ​(Beginner Swimming Coach Clinic) ​ដល់​មន្ត្រី​ និង​គ្រូ​បង្វឹក​មក​ពី​វិទ្យាល័យ​ អនុវិទ្យាល័យ​ដែល​មាន​រយៈពេល ​២ ​ថ្ងៃ​ ដោយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​អប់រំ​ស្រុក​ផ្នែក​ទ្រឹស្តី​ ចំណែក​ការ​អនុវត្ត​ផ្ទាល់​ធ្វើ​​នៅ​អាង​ហែល​ទឹក​ស្រុក​កោះធំ​តែ​ម្តង​។

កម្មវិធី​នេះ​ បាន​រៀបចំ​តាំង​ពី​ថ្ងៃ​ទី ​៨ ​និង​បាន​បិទ​បញ្ចប់ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី ​៩ ​ខែ​មិថុនា ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​របស់​លោក ​អេង ​មោក្ខ ​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​កោះធំ​ លោក ​ច្រាយ ​ថុង ​ប្រធាន​ការិយាល័យ​អប់រំ ​យុវជន ​និង​កីឡា​ ស្រុក​កោះធំ​ លោក​ ហែម ​គីរី​ ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ​ព្រមទាំង​សិក្ខា​កាម​ចំនួន ​១១ ​នាក់​។

សកម្មភាព​វគ្គ​បណ្តុះបណ្តាល​កីឡា​នេះ ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​សភាព​ការណ៍នៃ​ជំងឺ​​កូវីដ ​១៩ ​ទំនង​ស្ងប់ស្ងាត់​ ហើយ​គម្រោង​ចំណាយ​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ថា ​ជា​បន្ទុក​ចំណាយ​ថវិកា​ជាតិ ​តាមរយៈ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ក្នុង​កម្មវិធី​កីឡា ​​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ​៨០ ​លាន​រៀល ​ដោយ​ផ្តោត​ទៅ​លើ​វគ្គ​បណ្តុះបណ្តាល​ ប្រកួត​ជើង​ឯក​ជាតិ ​និង​ធនធាន​មនុស្ស​ និង​រដ្ឋបាល​។​​

លោក ​ហែម ​គីរី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​តាម​ទូរស័ព្ទ​ពី​ស្រុក​កោះ​ធំ​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ពិធី​បិទ​វគ្គ​ថា​ ​វគ្គ​ដំបូង​សម្រាប់​ដល់​មន្ត្រី​កីឡា​ និង​គ្រូ​បង្វឹក​វិទ្យាល័យ​ទាំង ​៤ នៅ​​ស្រុក​កោះ​ធំ​ហើយ​ជា​ការ​អនុវត្ត​គម្រោង​ប្រចាំ​ឆ្នាំ ក្នុង​​គោល​បំណង​ចង់​ឲ្យ​កីឡា​ហែល​ទឹក​ មាន​សកម្មភាព​ពី​មូលដ្ឋាន​ ​ព្រោះ​ពួក​គាត់​នៅ​ទីនោះ ​ចេះ​ជំនាញ​ហែល​ទឹក ​ដើម្បី​បង្ហាត់​បង្រៀន​កីឡាករ​ ​កីឡាការិនី​ក្នុង​ស្រុក​នេះ ​ជា​ចាំបាច់​បំផុត ​ដ្បិត​យើង​មាន​អាង​ហែល​ទឹក​ស្រាប់ និង​​បើក​ហ្វឹកហាត់​ស្រាប់​។​

លោក​​បាន​បន្ត​ថា​៖ ​«តាម​ផែនការ​ប្រចាំ​ឆ្នាំ​​របស់​សហព័ន្ធ​ ត្រូវ​បើក​វគ្គ​បណ្តុះ​បណ្តាល​ ​ដែល​មាន​សិក្ខាកាម​ក្នុង​ស្តង់ដា​ចំនួន ​២៥ ​នាក់ ​ប៉ុន្តែ​ដោយ​បញ្ហា​កូវីដ ​១៩​ យើង​រក្សា​បាន​នូវ​គម្លាត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ​គឺ​ផ្តល់​ជូន​ត្រឹម​តែ ​១១ ​នាក់​ប៉ុណ្ណោះ​ ដោយ​អង្គុយ​ឆ្ងាយ​ពី​គ្នា​អនុវត្ត​រក្សា​គម្លាត​ពី​គ្នា​។ ​ជាមួយ​គ្នា​នេះ​ ខ្លឹមសារ​នៃ​វគ្គ​សិក្សា​នេះ គឺ​រៀន​ទ្រឹស្តី​នៅ​ការិយាល័យ​អប់រំ​​ស្រុក ​ដែល​បង្រៀន​ដោយ​​ខ្ញុំ​ផ្ទាល់​ និង​អនុវត្ត​ជាក់​ស្តែង​នៅ​អាង​ផ្ទាល់​ ដោយ​លោក​គ្រូ​ នាង ​រីទ្ធិយ៉ា​ ព្រម​ទាំង​មន្ត្រី​​សម្រប​សម្រួល​មក​ពី​សហព័ន្ធ​ចំនួន​ ២ នាក់​ផង​ដែរ»​។​

អគ្គលេខាធិការ​រូប​នេះ បន្ថែម​ថា​៖ ​«លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ដែល​ជា​ប្រធាន​សហព័ន្ធ ​​បាន​ជំរុញ​ឲ្យ​មាន​វគ្គ​នៅ​កោះ​ធំ​នេះ ​ក្នុង​គោល​បំណង​ចង់​មាន​គ្រូ​ និង​អត្តពលិក​ជម្រើស​ជាតិ ​ចេញ​ពី​ស្រុក​កោះ​ធំ​នា​ពេល​អនាគត​ ​ព្រោះ​យើង​មាន​អាង​ល្អ​នៅ​ទីនេះ​។​​ លោក​ប្រធាន​បាន​​ជំរុញ​លើក​ទឹក​ចិត្ត ​និង​បំផុស​ចលនា​យុវជន​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ទាំង ​៤ ​នៃ​ស្រុក​កោះ​ធំ​ ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​ដើម្បី​លើក​កម្ពស់​សុខភាព​ ក៏​ដូច​ជា​ស្វែង​រក​អត្តពលិក​មាន​សមត្ថភាព​ល្អ ​អាច​ត្រៀម​ចូលរួម​ហ្វឹក​ហាត់ ​និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ ​និង​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ»​។

តាម​ការ​វាយ​តម្លៃ​របស់​ប្រធាន​វគ្គ​បាន​​ប្រាប់​​ថា​ ​សិក្ខាកាម​ទាំង ​១១ ​នាក់ ​ទទួល​បាន​និទ្ទេស​ល្អ ​៩០ ​ភាគរយ ​និង ​១០ ​ភាគរយ​ទៀត​មធ្យម​ ​ព្រោះ​សិក្ខាកាម​ទាំង​អស់​សុទ្ធ​តែ​​ជា​គ្រូ​អប់រំ​កាយ​ និង​កីឡា​ តាម​វិទ្យាល័យ ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​ពី​សាលា​ជំនាញ​កីឡា​រួច​ហើយ​៕