ក្រុង​មេន​ឆេស្ទ័រ: Manchester United បាន​បណ្តេញ​អ្នក​ចាត់​ការ​​ទូទៅ​​លោក Jose Mourinho ចេញ​ពី​តំណែង ក្រោយពី​​ក្រុម​មួយ​នេះ បាន​ទទួល​​លទ្ធផល​យ៉ាង​អន់​​បំផុត​នៃ​រដូវ​កាល​មួយ ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​រស់​ក្លិប​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ Premier League មួយ​នេះ នៅ​ថ្ងៃ​អង្គារ​នេះ​។

ការ​ប្រកួត​លើក​ចុងក្រោយ​​ក្នុង​នាម​​ជា​គ្រូបង្វឹក​របស់​​​បុរស​សញ្ជាតិ​ព័រ​ទុយ​​ហ្គាល់​វ័យ​៥៥​ឆ្នាំ​រូប​នេះ បាន​កើត​ឡើងក្នុង​ពេល​ចាញ់​ក្រុម Liverpool ក្នុង​លទ្ធផល ៣-១ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តា​រាង​លីក​មួយនេះ​ដល់​ទៅ​១៩ពិន្ទុ​។

វា​បាន​ក្លាយ​ជា​ការ​ចាប់​ផ្តើម​យ៉ាង​អន់​បំផុត​របស់ Man United ក្នុង​​ក្រប​ខ័ណ្ឌលីក ចាប់​តាំងពីឆ្នាំ​១៩៩០ ហើយ​សូម្បី​តែ​​មហិច្ឆ​តា​របស់​លោក​ក្នុង​ការ​ឈាន​ទៅកាន់​ចំណាត់​ថ្នាក់​​កំពូល​ទាំង​ ​៤ និង​ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាល​ក្រោយ ក៏​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ផងដែរ ខណៈ​ដែល​ក្លិប​នេះ​កំពុង​តែ​ដេញ​តាមពី​ក្រោយ​ក្រុម​ឈរ​លេខ​៤​ដល់​ទៅ​១១ពិន្ទុ​។

លោក Jose Mourinho បញ្ចេញ​ប្រតិ​កម្ម ក្រោយពី​បញ្ចប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នា​ពេល​កន្លងមក​។ AFP

បើ​ទោះ​បី Man United បាន​ឈាន​ទៅ​​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ដោយ​ពួក​គេ​ត្រូវ​ប៉ះ​ជា​មួយ​នឹងក្រុម Paris Saint-Germain ក៏ដោយ ប៉ុន្តែ ការ​ទទួល​បាន​លទ្ធ​ផល​ចម្រុះ ជម្លោះ​ផ្ទៃ​ក្នុង និង​ការរិះ​គន់​ផ្សេង​ទៅលើ​គោល​ន​យោ​បាយ​ដោះ​ដូរ​កីឡាករ​របស់​​ប្រឹក្សា​ក្លិប បាន​ក្លាយ​ជា​កត្តា​កាត់សេចក្តី​ក្នុង​ការ​សម្រេច​ចិត្ត​បណ្តេញ​លោក​តែម្តង​។

ក្លិប​ឲ្យ​បាន​ដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «Manchester United សូម​ប្រកាស​ថា​អ្នក​ចាត់​ការ​ទូទៅ​លោក Jose Mourinho បាន​ចាក​ចេញពីក្លិបជាផ្លូវ​ការ​ហើយ​។ អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​​​អាសន្នម្នាក់​នឹ​ង​ត្រូវ​តែង​តាំង​រហូត​ដល់​បញ្ចប់​រដូវកាល​បច្ចុប្បន្ន​»​៕ IS