ឡុងដ៍៖ ក្រុម​ Manchester United ត្រូវ​បាន​ស្រោចស្រង់​ដោយ​បាល់់​ពិន័យ ១១ ​ម៉ែត្រ​របស់​ខ្សែ​បម្រើ Bruno Fernandes នៅ​នាទីទី​១០០ ដើម្បី​ស្គាល់​ជ័យជម្នះ​ដំបូង ដោយ​ឈ្នះ​​ក្រុម​​ម្ចាស់​ផ្ទះ Brighton ៣-២ ខណៈ​ក្រុម​ចំណាយ​លុយ​ច្រើន Chelsea តាម​ស្មើ​បាន​វិញ ក្រោយ​ត្រូវ​ក្រុម​ឡើង​មក​ថ្មី​ West Brom នាំ​មុខ ៣-០ មុន​ សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League។

ក្រុម Man Utd បាន​ស្ដារ​មុខ​មាត់​ពី​បរាជ័យ ៣-១ នៅ​ផ្ទះ​ខ្លួន​ឯង ដោយសារ​ក្រុម Crystal Palace នៅ​សប្ដាហ៍​មុន តែ​ទម្រាំ​បាន​ជ័យជម្នះ​នេះ ក៏​ត្រូវ​ពឹង​លើ​សំណាង​ជាច្រើន​លើក​ច្រើន​សា ព្រោះ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​ទុក្ខ​បុកម្នេញ​ស្ទើរ​រក​ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​បាន​។

ក្រុម​ Brighton មាន​ឱកាស​ស៊ុត​ម្ដង​ហើយ​ម្ដង​ទៀត តែ​រាល់​ការ​ស៊ុត​ទាំង​នោះ បើ​មិន​បុក​បង្គោល ក៏​របារ​ទី​ដែរ ដោយ​សរុប​ទៅ​ ៥ ​លើក តែ​យ៉ាង​ណា​​ពួក​គេ​មាន​គ្រាប់​បាល់​​នាំមុខ ​១-០​ នៅ​នាទីទី​៤០ ដែល​ជា​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​របស់​ខ្សែ​ប្រយុទ្ធ Neal Maupay មុន​នឹង​​កីឡាករ​​ Lewis Dunk ធ្វើ​ចូល​ទី​ខ្លួន​ឯង​នាំ​ឱ្យ​ក្រុម​ភ្ញៀវ​ស្មើ​វិញ​នៅ​ ៣ ​នាទី​បន្ទាប់​​។

នាទីទី​៥៥ ខ្សែ​ប្រយុទ្ធ Marcus Rashford ជួយ​ឱ្យ​ក្រុម​លោក Ole Gunnar Solskjaer នាំមុខ​វិញ​ម្ដង ដោយ​ការ​ញាក់​ខ្សែ​​ការពារ​ចុះ​ឡើង មុន​​នឹង​ស៊ុត​បំប៉ោង​សំណាញ់​ទី។ ក្រុម​ទាំង​ ២ ទំនង​​បញ្ចប់​ការ​ប្រកួត​ត្រឹម​ពិន្ទុ ២-១ នេះ​ តែ​ Solly March បាន​តែត​បញ្ជូលទី​នៅ​នាទីទី ​៩០+៤ ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​តាម​ស្មើ ២-២។​​​

ក្រុម​របស់​លោក​ Graham Potter ​រីករាយ​នឹង​ ១ ពិន្ទុ​នេះ​​​ ពេល​​អាជ្ញា​កណ្ដាល លោក Chris Kavanagh ដែល​ដំបូង​ឡើយ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ តែ​ក្រោយ​ពី​ទៅ​ពិនិត្យ​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល (VAR) ក៏​សម្រេច​ផ្ដល់​បាល់​ពិន័យ ១១ ​ម៉ែត្រ ឱ្យ​ Man Utd ខណៈ​ Fernandes ទទួល​ភារៈ​​ជាមួយ​នឹង​ទំនុក​ចិត្ត​ ហើយ​ជួយ​ឱ្យ​ក្រុម​ឈ្នះ​នៅ​​នាទីទី​៩០+១០​។

ទោះ​ក្រុម​បាន ៣ ​ពិន្ទុ​​ ក៏​លោក Solskjaer យល់​ថា ក្រុម​មិន​ទាន់​ល្អ​ទេ ដោយ​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​វ័យ ៤៧ ​ឆ្នាំ​ថា​៖ «​យើង​គេច​ផុត​ពី​ការ​បាន ១ ​ពិន្ទុ​។ យើង​ទំនង​ជា​សម​​បាន​ត្រឹម ១ ពិន្ទុ​​។ យើង​មិន​ស័ក្ដិសម​បាន​ពិន្ទុ​ច្រើន​លើស​ពី​នេះ​ឡើយ​»​។

ងាក​ទៅ​ Chelsea ដែល​គេ​រាយការណ៍​ថា ចំណាយ​ប្រាក់​​ទិញ​កីឡាករ​ដល់ទៅ ២២០ ​លាន​​ផោន ($​២៨០ ​លាន) ដើម្បី​ប្រជែង​ពាន​ជាមួយ Liverpool និង Manchester City នោះ ហាក់​ដូច​ជា​មិន​ទាន់​មាន​ទម្រង់​លេង​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ​ នៅ ​៣ ប្រកួត​ដំបូង​របស់​ខ្លួន​​ ហើយ​ជាក់​ស្ដែង​ពេល​តទល់​ជាមួយ​ West Brom ប៊ិះ​នឹង​គ្មាន​សូម្បី ១ ​ពិន្ទុ​ ព្រោះ​ត្រូវ​នាំ​មុខ​ដល់​ទៅ ៣-០ មុន​។

កីឡាករ Callum Robinson របស់​ក្រុម​ម្ចាស់​ផ្ទះ មាន​ឱកាស​ទម្លុះ​សំណាញ់​ទី​គ្រាប់​ដំបូង​នៅ​នាទីទី​៤ មុន​ថែម​គ្រាប់​ទី​២ នាទីទី​២៥ ស្រប​ពេល​កីឡាករ Kyle Bartley ធ្វើ​បាន​សម្រេច ១ គ្រាប់​នៅ​នាទីទី​២៧​ ដែល​នេះ​ជា​គ្រាប់​បាល់​ជួយ​ឱ្យ​ West Brom នាំមុខ ៣-០ មុន​ចប់​តង់​ទី ១​​។ ក្រោយ​សម្រាក ១៥ ​នាទី កូនក្រុម​របស់​លោក​ Frank Lampard ​ព្យាយាម​​រក​វិធី​ទម្លុះ​ខ្សែ​ការពារ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ ហើយ​ក៏​បាន​សម្រេច​​ ដោយ​ការ​ស៊ុត​បាន​ ៣ ​គ្រាប់​ផ្ទួន​ៗ​វិញ នៅ​នាទីទី​៥៥ ៧០ និង​៩០+៣ ដោយ​កីឡាករ​​​ Mason Mount, Callum Hudson Odoi និង Tammy Abraham​។

លោក Lampard បាន​ប្រាប់​យ៉ាង​ខ្លី​ថា​៖ «យើង​បាន​បាត់ ២ ពិន្ទុ​។ អ្នក​អាច​មាន​ពិន្ទុ​ច្រើន​តាម​ដែល​អ្នក​ចង់​បាន​ តែ​នៅ​ពេល​អ្នក​បង្កើត​កំហុស​នោះ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ជួប​នូវ​បញ្ហា​ដូច​ពេល​នេះ​អ៊ីចឹង​»​៕ AFP/VN