ភ្នំពេញៈ ក្រុមបឹងកេត របស់កម្ពុជា ចង់យកឈ្នះក្រុមរបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United សម្រាប់ការវិលមកជួបគ្នា នៅរសៀលម៉ោង ៤:៣០ ថ្ងៃពុធនេះ មុនពេលពួកគេធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFC Cup 2018 ហើយក្រុម Ceres-Negros មកពីលីកកំពូលហ្វីលីពីន ក៏ត្រូវបើកទ្វារពហុកីឡដ្ឋាន Panaad Park and Stadium ដើម្បីទទួលក្រុមភ្ញៀវ Home United របស់សិង្ហបុរី ផងដែរ។
ការឈ្នះ ១ និងចាញ់ ៤ ប្រកួតដូចគ្នា ក្នុងការប្រកួត ៥ លើកកន្លងមក បានធ្វើឲ្យក្រុមបឹងកេត និង Shan United ធ្លាក់ចេញពីការប្រកួតនេះ ប្រចាំពូល F ដូចគ្នា ហើយការវិលមកជួបគ្នានៅកីឡដ្ឋាន Thuwunna នារសៀលម៉ោង ៤:៣០ ដោយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV ផងនោះ គឺវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក កែវ កុសល ដែលមានភារកិច្ចដឹកនាំក្រុមបឹងកេត ក្នុងការប្រកួតពាន AFC Cup 2018 នេះ ចង់ឃើញក្រុមបឹងកេត ទទួលបានជ័យជម្នះ ក្នុងការប្រកួតនេះ។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ មុនចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃចន្ទថា៖ « ការប្រឹងប្រែងរបស់យើងគឺ ដើម្បីឈ្នះ។ យើងពិតជាចង់ឈ្នះការប្រកួតមួយនេះ បើទោះបីជា នេះគ្រាន់តែការបង្គ្រប់កិច្ចក៏ដោយ»។
លោកបានបបន្ថែមថា៖ «ការត្រៀមខ្លួនរបស់យើងបានល្អ បញ្ហារបួសកីឡាករក៏អត់មានដែរ ហើយខ្សែប្រយុទ្ធ Gbenga ដែលទទួលបានកាត់ក្រហម កាលជួបក្រុម Home United កន្លងមកនោះ ក៏អាចចូលលេងវិញបានដែរ។ បន្ថែមលើនេះ យើងក៏បានដឹងពីសមត្ថភាពប្រកួតរបស់គេដែរ អ៊ីចឹងយើងសង្ឃឹមឈ្នះ ប៉ុន្តែការទៅលេងនៅលើទឹកដីរបស់គេ វារាងពិបាកដែរ»។
ជាមួយនឹងការចង់យកឈ្នះ Shan United ដែលបឹងកេត ធ្លាប់ចាញ់ ២-១ ក្នុងទឹកដីខ្លួនឯងនេះ លោក កែវ កុសល គ្រោងនឹងដាក់ខ្សែការពារ ៥ នាក់ សម្រាប់ការប្រកួតលើកនេះ។ លោកបានបញ្ជាក់ថា៖ «យើងអាចនឹងដាក់ខ្សែការពារ ៥ នាក់ ព្រោះវាណែនចង្អៀតល្អ និងមានភាពរឹងមាំជាងការដាក់ ៤ នាក់ ហើយបើយើងការពារបានល្អហើយ គឺយើងអាចមានឱកាសរកបានគ្រាប់បាល់ ព្រោះយើងមានខ្សែប្រយុទ្ធ អាចវាយបកបានលឿន»។
ចំណែកក្រុម Home United ក៏ត្រូវការឈ្នះក្រុម Ceres ដែលពួកគេធ្លាប់ស្មើ ១-១ នៅលើទឹកដីកន្លងមកផងដែរ។ បើទោះបីជា Home មិនអាចដណ្តើមយកលេខ ១ ពីក្រុម Ceres ដែលកំពុងឈរនៅលេខ ១ ស្រាប់ មាន ១៣ ពិន្ទុ និងមានគ្រាប់បាល់ចំណេញរហូតដល់ ១៦ គ្រាប់ ប៉ុន្តែបើសិនជា Home អាចឈ្នះបាន ៣ ពិន្ទុ បន្ថែមទៅ ១០ ពិន្ទុដែលពួកគេមានស្រាប់នោះ គឺក្រុមតំណែងឲ្យសិង្ហបុរី មួយនេះ មានភាគរយខ្ពស់ ក្នុងការបានឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមលេខ ២ ល្អ តំណាងឲ្យតំបន់ ASEAN Zone ខណៈពេលនេះ Home United ឈរនៅលេខរៀងទី ១ ក្នុងនាមជាក្រុមលេខ ២ ល្អ រួមជាមួយក្រុម Song Lam Nghe An របស់វៀតណាម ឈរនៅលេខ ២ និងក្រុម Bali United របស់ឥណ្ឌូនេស៊ី ដែលកំពុងឈរនៅលេខរៀងទី ៣៕