ភ្នំពេញៈ ក្រុមក្រសួងការពារជាតិ (ទ័ព) មិនត្រឹមតែមិនអាចសងសឹកទៅលើក្រុមបឹងកេត បានប៉ុណ្ណោះទេ ប៉ុន្តែក្រុមជើងឯករង២ជំនាន់មួយនេះ ថែមទាំងធ្លាក់ចេញពីតំបន់កំពូលតារាងទាំង ៤ (Top4) នៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ ក្រោមស្នាដៃ បឹងកេត ទៀតផង ប៉ុន្តែក្រុមប៉ូលិស និង ក្រុមវិសាខា សុទ្ធតែរកបាន ៣ ពិន្ទុ ដើម្បីបន្តឈរ និងឡើងមក Top4។
គេនៅចាំបានថា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៧ ក្រុមទ័ព បានចាញ់ បឹងកេត ដោយការទាត់បាល់ប៉េណាល់ទី ១០-៩ ដ៏គួរឲ្យសោកស្តាយបំផុត ខណៈក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោង និងនាទីបន្ថែមនោះ ហើយការចាញ់នោះ បានធ្វើឲ្យទ័ព បានត្រឹមចំណាត់ថ្នាក់លេខ ២ ចំនួន ២ ឆ្នាំជាប់ៗគ្នា។
ដោយឡែក សម្រាប់ការវិលមកជួបគ្នា នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ ក្រុមទ័ព នៅតែមិនអាចកែប្រែប្រវត្តិចាញ់នេះបានដដែល។ បើទោះបីជា ក្រុមទ័ព មានភាគរយច្រើន ក្នុងការគ្រប់គ្រងបាល់ ប៉ុន្តែពួកគេ មិនអាចរកបានគ្រាប់បាល់នោះទេ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Maycon និង Julius បានសហការគ្នាយ៉ាងល្អ ដើម្បីជួយឲ្យ បឹងកេត ឈ្នះ ទ័ព ២-០ លើកនេះ ដោយក្នុងនោះ Julius រកបានគ្រាប់បាល់ទី ១ នៅនាទីទី ៧១ ហើយ Maycon បានបន្ថែម ១ គ្រាប់ទៀត នៅនាទីទី ៧៤។
ចំណែកក្រុមវិសាខា បានលត់ក្រុមម្ចាស់ផ្ទះ កំពុងឈរនៅបាតតារាង វេស្ទើន ៣-០ នៅកីឡដ្ឋានវេស្ទើន កាលពីល្ងាចថ្ងៃសៅរ៍នោះដែរ។ គ្រាប់បាល់ទាំង៣នេះ រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងជើង Myon Ho Cheo ២គ្រាប់ នៅនាទីទី ១២ និងទី ៨៨ ហើយ១គ្រាប់ទៀត រកបានដោយកីឡាករ សាន គីមហេង នៅនាទីទី ៥០។
ជាមួយគ្នានោះដែរ ក្រុមប៉ូលិស បានយកឈ្នះក្រុមចំណូលថ្មី សូលទីឡូអង្គរ ២-១ នៅពហុកីឡដ្ឋានជាតិ ដោយក្នុងនោះកីឡាករ Noh Sangmin ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេចឲ្យក្រុមប៉ូលិស នៅនាទីទី ២២ មុនពេល Bata រកបានគ្រាប់បាល់តាមស្មើឲ្យ សូលទីឡូអង្គរ នៅនាទីទី ៣៥ ប៉ុន្តែ Noh Sangmin ដដែល បានរកឃើញគ្រាប់ទី ២ របស់គេ ដើម្បីជួយឲ្យប៉ូលិស ឈ្នះនៅនាទីទី ៧៦។
យោងតាមលទ្ធផលនេះ ក្រុមបឹងកេត បានឡើងទៅឈរនៅលេខរៀងទី១ របស់ក្រុមណាហ្គាវើល ជាបណ្តោះអាសន្ន ដោយមាន១៣ពិន្ទុ ហើយក្រុមមាន១០ពិន្ទុ ណាហ្គាវើល បានធ្លាក់មកឈរនៅលេខរៀងទី២។ រីឯក្រុមវិសាខា បានឡើងមកឈរនៅលេខរៀងទី៣ ដោយមាន ១០ ស្មើជាមួយក្រុមប៉ូលិស ដែលបន្តឈរនៅលេខរៀងទី ៤។
យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់នៅតំបន់ Top4 នេះ អាចនឹងមានការផ្លាស់ប្តូរ តាមរយៈការប្រកួតចំនួន៣គូទៀត នៅថ្ងៃនេះ ដោយក្នុងនោះក្រុមណាហ្គាវើល អាចនឹងដណ្តើមយកលេខ១ពីបឹងកេតវិញ បើសិនជាពួកគេអាចយកឈ្នះក្រុមអាស៊ីអឺរ៉ុប សម្រាប់ការជួបគ្នា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃនេះ។
ចំណែកក្រុមភ្នំពេញក្រោន ដែលមាន៧ពិន្ទុក្នុងដៃនោះ ក៏មានភាគរយតិចតួច ក្នុងការប្រជែងឡើងមកតំបន់ Top4 ផងដែរ បើសិនជាពួកគេអាចយកឈ្នះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានច្រើនគ្រាប់ សម្រាប់ការប្រកួតនៅល្ងាចម៉ោង ៦:០០ ហើយក្រុមអង្គរថាយហ្គឺរ ត្រូវស្វាគមន៍ក្រុមអគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យ នេះដែរ៕