The Phnom Penh Post Search

Search form

បឹង​កេត និង​ណាហ្គាវើល សុទ្ធ​តែ​ឈ្នះ ប៉ុន្តែ​​ក្រុម​វិសាខា មិន​ពេញ​ចិត្ត​នឹងការ​ពិន័យ​កាត​ក្រហម

Content image - Phnom Penh Post
ខ្សែ​ការពារ ឡេង មករា របស់​ក្រុម​ណាហ្គាវើល បាន​ព្យាយាម​អូស​បាល់​រំលង​កីឡាករ​របស់​ក្រុម​ខេត្តកំពត សម្រាប់​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ថ្នាក់​ជាតិ ពាន​សម្តេច ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ។ ស្រេង ម៉េងស្រ៊ុន

បឹង​កេត និង​ណាហ្គាវើល សុទ្ធ​តែ​ឈ្នះ ប៉ុន្តែ​​ក្រុម​វិសាខា មិន​ពេញ​ចិត្ត​នឹងការ​ពិន័យ​កាត​ក្រហម

ភ្នំពេញៈ ក្រុម​បឹងកេត និង​ណាហ្គាវើល ដែ​ល​មាន​ពិន្ទុ​ខ្ពស់​ជាង ក្នុង​​​លីកកំពូ​លកម្ពុជា នោះ​ នៅ​តែ​ជា​ក្រុម​ដែល​ធ្វើ​​បាន​ល្អជា​ង​គេ ​ក្នុងការ​​​ប្រកួត​វគ្គ​ ១៦ ​ក្រុម​ថ្នាក់​ជាតិ ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១២ ឆ្នាំ​ ២០១៨ ​កាល​ពីល្ងាច និង​យប់​​ថ្ងៃ​ពុធ ម្សិល​មិញ ខណៈ​ក្រុម​ទាំង ​២ សុទ្ធ​តែ​បាន​ឈ្នះ​គូ​ប្រកួត ៥-១ ដូច​គ្នា​ ប៉ុន្តែ​ក្រុម​វិសាខា បាន​សម្តែង​​ការ​​អាក់​អន់​ចិត្ត​ចំពោះ​ការ​ពិន័យ​​កាត់​ក្រហម​របស់​អាជ្ញា​កណ្តាល ដែល​នាំ​ឲ្យ​ពួក​គេ​ចាញ់​ក្រុម​ម្ចាស់​ជើង​ឯក ព្រះខ័ន​រាជស្វាយ​រៀង ១-០។

លោក ហុក សុជីវ័ន គ្រូ​បង្វឹក​ក្រុម​វិសាខា ​បា​ន​ចាត់​ទុក​ការ​ពិន័យកាត​ក្រហម​របស់​អាជ្ញាកណ្តាល​ទៅ​លើ​ខ្សែ​ប្រយុទ្ធ នៅ សុសិលា នៅអំឡុង​​នាទីទី​​ ៣០ គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង ដែល​ធ្វើ​ឲ្យ​ក្រុម​វិសាខា ចាញ់​ក្រុម​ស្វាយ​រៀង ១-០ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ ហើយ ហួយ ផល្លីន ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យក្រុម​ស្វាយ​រៀង នៅ​នាទីទី ​៦៤។

លោក ហុក សុជីវ័ន ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «​ការ​ចាញ់​ ១-០ នេះ​ ដោយ​សារ​យើង​បាន​បាត់​បង់​កីឡាករ​ នៅ សុសិលា ដោយ​មិន​សមហេតុ​​ផល ពី​ការ​ពិន័យ​កាត​ក្រហម​របស់​លោក​អាជ្ញាកណ្តាល។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​​ទទួល​យក​ការ​សម្រេច​នេះ​ទេ ហើយ​ការ​​​ពិន័យនេះ ក៏ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់​យើង​ចាញ់​ផង​ដែរ ​តែ​តំបន់​ប្រយុទ្ធ​របស់​យើង ក៏​​ហាក់នៅ​ស្ទើ​បទ​ពិសោធ​ដែរ»។

Content image - Phnom Penh Post
ខ្សែ​ការពារ គឹម ឆៃយ៉ា របស់​​ក្រុម​ភ្នំពេញ​ក្រោន បាន​ទាត់​បាល់​កាត់​ពី​មុខ​ខ្សែ​បម្រើ​របស់​ក្រុម​អគ្គិសនី​កម្ពុជា សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ។ ស្រេង ម៉េងស្រ៊ុន

​គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖​«​បើ​សិន​ជា​យើង​​​មិន​ទទួល​បានកាត​ក្រហម​ទេ គឺ​លទ្ធផល​អាច​ប្លែក​ជាង​នេះ ប៉ុន្តែ​​យើង​នៅ​មិនទាន់​​​អស់ឱកាស​ប្រជែង​ទៅ​វគ្គ​បន្ត​នោះ​ទេ ​ព្រោះ​យើង​នៅ​សល់​ការ​ប្រកួត​ជើង​ទី ​២ ដែល​ត្រូវ​ធ្វើ​នៅ​លើ​ទឹក​ដី​របស់​យើង​វិញ ហើយ​បើ​សិនជា​យើង​រៀបចំ​បាន​ល្អ និងខំ​ប្រឹង​លេង​ឲ្យ​បាន​ល្អ គឺ​យើង​អាច​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ»។

ចំណែក​​ក្រុម​បឹង​កេត បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​វេស្ទើន ៥-១ ហើយ​​វា​ក៏ជា​ពេល​ ដែល​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​បាន​​គ្រាប់​បាល់​​ដំបូង​​ឲ្យ​ក្រុម​​បឹងកេត សម្រាប់​ការ​វិល​មក​លេង​នៅ​កម្ពុជា​វិញ​​ផងដែរ ហើយ កែ វណ្ណៈ និង ជា វេស្លី ក៏​រក​បាន​ម្នាក់​១​គ្រាប់ដែរ ចំណែក​​កីឡាករ​ចំណូល​ថ្មី ម៉ុន វ៉ាន់ដា ​រក​បាន​២​គ្រាប់​តែ​ម្នាក់​ឯង សម្រាប់​ការ​ចូល​រួម​លេង​ឲ្យ​បឹង​កេត ជា​លើក​ដំបូងនេះ។

ចំពោះ​ក្រុម​ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពត ៥-១ ប៉ុន្តែ​លោក មាស ចាន់ណា ដែល​ជា​គ្រូ​បង្វឹក មិន​សូវ​ពេញ​ចិត្ត​​ចំពោះ​ការ​យក​ឈ្នះ​ក្រុម​ខេត្តកំពត ត្រឹម ៥-១ នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​ម្សិល​មិញ​នោះ​ទេ ដោយ​សារ​លោក​បាន​មើល​ឃើញ​ថា ​ការ​លេង​របស់​កូន​ក្រុម​​លោក នៅ​មាន​ចន្លោះ​ប្រហោងច្រើន ពិសេស​នៅតំបន់ប្រយុទ្ធ ព្រម​ទាំង​ការ​លើក​បាល់​ចូល​ពី​ស្លាប និងការ​​​ផ្តាច់បាល់ នៅតំបន់​កណ្តាល។

Content image - Phnom Penh Post

​ដូច​គ្នា​នេះ​ដែរ ក្រុម​ក្រសួង​ការពារជាតិ និង​ភ្នំពេញ​ក្រោន ក៏​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត សម្រាប់​ការ​ប្រកួត​ជើងទី​១នេះ​ផងដែរ ដោយក្នុង​នោះ ក្រសួង​ការពារជាតិ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ៣-១ នៅ​កីឡដ្ឋាន​ស្តាត​ចាស់ ដើម្បី​បង្កើន​ភាគ​រយ​ទៅ​វគ្គ​បន្ត ហើយ​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា ២-១។

ដោយ​ឡែក​​ក្រុមសូល​ទីឡូអង្គរ និង​អង្គរថាយហ្គឺរ ដែល​​មាន​មូល​ដ្ឋាន​នៅខេត្ត​សៀម​រាប​ និង​​មាន​ថ្នាក់​ដឹកនាំ​ជាជន​ជាតិជប៉ុនដូច​គ្នា​នោះ បាន​ត្រឹម​ស្មើ​គ្នា ២-២ ហើយ​​ក្រុម​ប៉ូលិស ក៏​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​គិរីវង់​អេហ្វស៊ី ផងដែរ។ ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គិរីវង់ កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្លាំង ​សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​ជើងទី​២ ព្រោះ​ការ​ប្រកួត​នោះ ត្រូវ​ធ្វើ​នៅ​លើ​ទឹក​ដី​​ក្រុម​គិរីវង់ គឺ​នៅ​ទីរួម​ខេត្ត​តាកែវ វិញ​ម្តង៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍