The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត និង​ណាហ្គា រំពឹង​អាច​ស្តារ​ការបរាជ័យ​កាល​ជើង​ទី​ ១

បឹងកេត និង​ណាហ្គា រំពឹង​អាច​ស្តារ​ការបរាជ័យ​កាល​ជើង​ទី​ ១

Content image - Phnom Penh Post
ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង (​ឆ្វេង​) របស់​ទ័ព ប្រជែង​យក​បាល់​ជាមួយ គួច សុកុម្ភៈ របស់​ណាហ្គាវើល​កន្លង​មក​។

បឹងកេត និង​ណាហ្គា រំពឹង​អាច​ស្តារ​ការបរាជ័យ​កាល​ជើង​ទី​ ១

ភ្នំពេញៈ ក្រុម​បឹងកេត និង​ណាហ្គាវើល​បាន​និង​កំពុង​ផ្តោត​ខ្លាំង​ទៅលើ​ការប្រកួត​លីក​កំពូល​កម្ពុជា ប្រចាំ​សប្តាហ៍​ទី​ ១៥ នា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ក្រុម​ទាំង​ ២ ចង់​ប្រើការ​ប្រកួត​លើក​នេះ​សងសឹក​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ ដើម្បី​ស្តារ​បាន​មក​វិញ​នូវ​ជ័យជម្នះ និង លុបចោល​ការបរាជ័យ​ក្នុង​ជំនួប​កាលពី​ជើង​ទី​ ១​។

គ្រូបង្វឹក​ក្រុម​បឹងកេត​លោក ហៅ សុជាតិ បាន​ចាត់ទុក​ការចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ១-០ កាលពី​ជើង​ទី​ ១ ថា​ជា​ការបរាជ័យ​ដែល​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​របស់​កីឡាករ​មួយ​ចំនួន​ដែល​មិន​សូវ​យក​ចិត្ត​ទុកដាក់​លេង ហើយ​ក៏​មកពី​បឹងកេត​គ្មាន​សំណាង​ដែរ ព្រោះ​បឹងកេត​បាន​វាយលុក​ទៅ​លើ​ក្រុម​អគ្គិសនី​កម្ពុជា​រហូត​តែ​បែរ​ជា​ភ្លាត់​ចាញ់​នៅ​ចុង​ម៉ោង​ទៅ​វិញ​។

លោក សុជាតិ បាន​ប្រាប់​ថា​៖ «​យើង​បាន​ភ្លាត់​កាល​ជើង​ទី​ ១ ​ម្តង​ហើយ​អ៊ីចឹង​ការជួបគ្នា​នៅ​ជើង​ទី​ ២ ​នេះ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​។ កីឡាករ​ភាគច្រើន​របស់​យើង​ឲ្យ​តែ​ប៉ះ​ក្រុម​មាន​កម្រិត​លេង​ល្មមៗ គាត់​មិន​សូវ​យក​ចិត្ត​ទុកដាក់​លេង​ប៉ុន្មាន​ឡើយ ហើយ​នេះ​ជា​មូលហេតុ​ចម្បង​ដែល​នាំឲ្យ​យើង​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ១-០ ក្នុង​ជើង​ទី​ ១ ប៉ុន្តែ​លើក​នេះ​យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ និង​លេង​ឲ្យ​បាន​ ១០០ ​ភាគរយ​ដើម្បី​ស្វែងរក​ជ័យជម្នះ​មក​វិញ​»​។

ចំណែក​គ្រូបង្វឹក​ក្រុម​ណាហ្គាវើល​លោក មាស ចាន់ណា ក៏​ហាក់​មាន​រំពឹង​ក្នុង​កែប្រែ​លទ្ធផល​ឲ្យ​បាន​ល្អ​ប្រសើរ​វិញ​សម្រាប់​ការវិល​មក​ជួប​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) ដែល​ពួកគេ​ធ្លាប់​បាន​ចាញ់ ៤-២ ផង​ដែរ​ព្រោះ​ការចាញ់​កាលពី​ជើង​ទី​ ១ លោក​ថា​ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​មិន​មាន​វិន័យ​ក្នុង​ខ្លួន​ដែល​បង្ខំ​ឲ្យ​លោក​ដាក់​អ្នក​ទាំងនោះ​ត្រឹម​ជា​អ្នក​មើល​ការប្រកួត​នៅ​ក្រៅ​ទីលាន ប៉ុន្តែ​ពេល​នេះ​អ្វីៗ​បាន​វិល​មក​រក​ភាពល្អប្រសើរ​វិញ​ហើយ​។

លោក មាស ចាន់ណា បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ការចាញ់ ៤-២ លើក​មុន​ដោយសារ​កីឡាករ​របស់​ខ្ញុំ​មួយ​ចំនួន​អត់​មាន​វិន័យ​ក្នុង​ខ្លួន ហើយ​ជា​ការព្រមាន​ខ្ញុំ​ត្រូវ​ឲ្យ​ពួកគាត់​អង្គុយ​នៅ​ខាង​ក្រៅ​ទីលាន ប៉ុន្តែ​ការជួប​គ្នា​លើក​នេះ​គឺ​យ៉ាង​ហោច​ណាស់​ក៏​យើង​បាន​លទ្ធផល​ល្អ​ជាង​មុន​ដែរ ព្រោះ​ពេល​នេះ​កីឡាករ​ម្នាក់ៗ​ប្រមូល​អារម្មណ៍​បាន​ល្អ​មាន​ការប្រឹងប្រែង និង​មាន​ឆន្ទៈ​ហ្វឹកហាត់​ខ្លាំង​ដែល​ធ្វើឲ្យ​អ្វីៗ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន អ៊ីចឹង​ទោះ​លទ្ធផល​បែប​ណា​គឺ​ខ្ញុំ​មាន​ការជឿជាក់​ថា​យើង​នឹង​លេង​បាន​ល្អ​»​។

ដោយឡែក​ក្រុម​ព្រះខ័នរាជ ស្វាយរៀង ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង មាន​ ៣៦ ​ពិន្ទុ​ច្រើន​ជាង​ក្រុម​លេខ​ ២ ណាហ្គាវើល​មាន​ ៣១ ​ពិន្ទុ​នោះ​នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ដើម្បី​ស្វាគមន៍​ក្រុម​សូលទីឡូ​អង្គរ​វិញ​ម្តង ខណៈ​ជើង​ទី​ ១ ស្វាយរៀង​បាន​ឈ្នះ ១-០ ហើយ​អង្គរថាយហ្គឺរ​ដែល​ឈរ​នៅ​លេខ​ ៣ មាន​ ៣០ ​ពិន្ទុ​ត្រូវ​ទទួល​ភ្ញៀវ​ខេត្ត​កំពង់ចាម​ដែល​ពួកគេ​ធ្លាប់​លត់ ១១-០ វិញ​ម្តង​។

ចំណែក​ក្រុម​វិសាខា​នឹង​ត្រូវ​ទៅ​ជួប​ក្រុម​គិរីវង់​សុខសែនជ័យ​ដែល​ពួកគេ​ធ្លាប់​ឈ្នះ ២-០ ក្នុង​ជើង​ទី​ ១​។ ក្រុម​មាន​ ២៨ ​ពិន្ទុ វិសាខា​ត្រូវការ​ឈ្នះ​បន្ថែម​ទៀត ដើម្បី​រក្សា​ទីតាំង​លេខ​ ៤ ព្រោះ​បើ​ពួកគេ​ចាញ់​ទីតាំង​នេះ​អាច​នឹង​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​ក្រុម​បឹងកេត​វិញ​ដែល​ទើប​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​ ៥ មាន​ ២៧ ​ពិន្ទុ​លើ​ក្រុម​ភ្នំពេញក្រោន​ដែល​មាន​ ២៥ ​ពិន្ទុ​ក្រុម​ទ័ព​មាន​ ២៣ ​ពិន្ទុ និង​សូលទីឡូអង្គរ​មាន ២១ ​ពិន្ទុ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​អាស៊ី​អឺរ៉ុប v ប៉ូលិស កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​ស្ពតផាក ១៥:៣០

-​ទ័ព v ណាហ្គាវើល កីឡដ្ឋាន​ស្តាតចាស់ ១៨:០០

-​គិរីវង់ v វិសាខា កីឡដ្ឋាន​គិរីវង់ សុខសែនជ័យ ១៥:៣០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​អង្គរថាយហ្គឺរ v ខេត្ត​កំពង់ចាម កីឡ.ខេត្ត​សៀមរាប ១៥:៣០

-​ស្វាយរៀង v សូលទីឡូអង្គរ កីឡដ្ឋាន​ស្វាយរៀង ១៨:០០

-​បឹងកេត v អគ្គិសនី​កម្ពុជា កីឡ.ខេមបូឌាអ៊ែវ៉េ ១៥:៣០

-​ភ្នំពេញ​ក្រោន v សាលា​បាល់ទាត់​ជាតិ កីឡ.RSN ១៨:០០

អត្ថបទគួរចាប់អារម្មណ៍