ភ្នំពេញៈ ក្រុម​ម្ចាស់​ជើងឯក បឹងកេត និង​ក្រុម​ជើងឯក​រង ២ រដូវកាល​ជាប់ៗ​គ្នា ក្រសួង​ការពារ​ជាតិ (ទ័ព) សុទ្ធ​តែ​បាន​បង្ហាញ​ពី​ភាព​កង្វល់​រៀងៗ​ខ្លួន សម្រាប់​ការ​វិល​មក​ប្រជែង​រក ៣ ពិន្ទុ​បន្ថែម ក្នុង​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ ដែល​នឹង​ត្រូវ​ដំណើរការ​វិញ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង សប្តាហ៍​នេះ បន្ទាប់​ពី​ក្របខ័ណ្ឌ​កំពូល​មួយ​នេះ បាន​ផ្អាក​អស់​រយៈពេល ៣ សប្តាហ៍​មក។

សម្រាប់​ការវិលត្រឡប់​មកកាន់​ទីលាន​ប្រកួត​ជាថ្មី​នេះ ក្រុម​បឹងកេត ដែល​កំពុង​ឈរ​នៅ​លេខ ២ មាន ១៣ ពិន្ទុ និង​ក្រុម​ទ័ព ដែល​ឈរ​នៅ​លេខ ៥ មាន ៩ ពិន្ទុ សុទ្ធ​តែ​ត្រូវ​ប្រឈម​ការ​ប្រកួត ដែល​តាន​តឹង​ដូចគ្នា ព្រោះ​លើក​នេះ​បឹងកេត ត្រូវ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយ​រៀង ហើយ​ទ័ព ត្រូវ​ជួប​ក្រុម​វិសាខា។

ការជួបគ្នា​រវាង​ក្រុម​ទ័ព និង​វិសាខា ដែល​កំពុង​ឈរ​នៅ​លេខ ៣ មាន ១០ ពិន្ទុ បានក្លាយ​ជាការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​នេះ​ជា​ពេល​ដែល​លោក ភា សុភ័ក្ត្រា ត្រូវ​ដឹកនាំ​ក្រុម​ទ័ព តទល់​ជាមួយ​អតីត​កូន​ក្រុម​របស់​លោក​គឺ​កីឡាករ​កូរ៉េខាងជើង​ទាំង ៤ នាក់​មាន​ខ្សែ​ប្រយុទ្ធ Choe Myong Ho, Ri Hyok Chol និង Kim Kyong Hun ព្រមទាំង​ខ្សែ​ការពារ Jang Song Hyok ដែល​បាន​ទៅ​រួម​រស់​ជាមួយ​ក្រុម​វិសាខា នៅ​រដូវ​កាល​នេះ។

យ៉ាងណាក៏ដោយ លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព ហាក់​មិនសូវមាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​មុត​ស្រួច​របស់​កីឡាករ​កូរ៉េខាងជើង​ទាំង​នេះ​ទេ។ លោក​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «បើ​និយាយ​ពី​តំបន់​ប្រយុទ្ធ​របស់​កូរ៉េខាងជើង​ទាំង​នេះ អត់​សូវ​មាន​ចលនា ក្នុង​ការ​ប្តូរ​ល្បឿន​ទេ គាត់​ល្អ​លើ​ការ​គ្រប់គ្រង​បាល់ និង​ការ​បញ្ជូន​បាល់​បង្កើត​គ្រោះថ្នាក់ អ៊ីចឹង​យើង​មាន​ការ​បារម្ភ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ក្មេងៗ​របស់​វិសាខា​ទៅ​វិញ​ទេ ដែល​ពួក​គាត់​មាន​ល្បឿន​លឿន»។

ជាមួយគ្នានេះ ក្រុម​ទ័ព ក៏បាន​ជួប​បញ្ហា​លើ​ការបាត់បង់​កីឡាករ សំខាន់ៗ​ផងដែរ។ លោក ភា សុភ័ក្ត្រា បាន​បន្ត​ថា៖ «បើ​និយាយ ពី​ផល​លំបាក គឺ​យើង​ត្រូវតែ​ប្រឈម​ហើយ ព្រោះ​កីឡាករ​បរទេស​របស់​យើង ប្រហែល​អាច​ប្រើ​បាន​តែ ២ នាក់​ទេ ដោយសារ​ទី ១ យើង​បាន​បញ្ចប់​កុងត្រា​កីឡាករ​បរទេស​ម្នាក់​មុន​កាល​កំណត់ ទី ២ Yodai Ogawa ជាប់​ពិន័យ ទី ៣ ខ្សែការពារ Yoo Jae ho កើត​ជំងឺ​គ្រុន​ឈាម កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​កីឡាករ កាន់ ពិសាល ដែល​ទើប​មក​ពី​លេង​នៅ​ប្រ៊ុយណេ​ជាមួយ​ក្រុម U21 កម្ពុជា ក៏​គាត់​គ្រុន​ឈាម​ដែរ និង​ទើប​ចូល​ហាត់​ក្នុង​សប្តាហ៍​នេះ អ៊ី​ចឹង​គាត់ ក៏​លេង​មិន​បាន​ពេញ​ដែរ»។

ទោះបីជា​យ៉ាងណា ក្រុម​ទ័ព បាន​ពង្រឹង​ខ្លាំង​ទៅលើ​គុណភាព​លេង​នៅ​តំបន់​ការពារ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​ចាញ់​ក្រុម​បឹងកេត ២-០ កន្លង​មក​នេះ ហើយ​បច្ចេកទេស និង​ទិច​និក​ក្នុង​ការ​លេង ព្រមទាំង​គុណភាព​នៃ​កម្លាំង គឺ​លោក ភា សុភ័ក្ត្រា បាន​បញ្ចូន​អស់​ហើយ។ លោក​បាន​បញ្ជាក់​ថា៖ «អ្វីៗ​ដែល​យើង​បាន​ប្រគល់​ឲ្យ​កីឡាករ​គឺ ១០០ ភាគរយ​ហើយ»។

លោក ភា សុ​ភ័​ក្ត្រា បានបញ្ជាក់​បន្ថែមថា៖ «យើង​កំពុងតែ​ខំប្រឹង ព្រោះ​យើង​បាន​ចាញ់​ក្រុម​បឹងកេត អ៊ីចឹង​យើង​ត្រូវ​ខំប្រឹង​បន្ថែម ដើម្បី​ស្តារ​មុខមាត់​ដែរ ហើយ​ម្យ៉ាង​ទៀត​ការ​លេង​សន្សំ​ពិន្ទុ​បែប​នេះ យើង​ត្រូវ​តែ​ខំប្រឹង ដ្បិត​អី​បើ​យើង​ភ្លាត់​ទៀត វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​គម្លាត​កាន់​តែ​ឆ្ងាយ ក្នុងការ​ប្រជែង​យក​ជើង​ឯក»។

​ការ​ប្រកួត​រវាង​​ក្រុមទ័ព (ឆ្វេង) និងបឹងកេត កន្លង​មក​​។ ស្រេង ម៉េងស្រ៊ុន

ចំណែក​លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា មិនអាច​ទាក់ទង​បានទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ។ យ៉ាងណា​ក៏ដោយ វិសាខា ជា​ក្រុម​ដែល​មាន​ទម្រង់​លេង​ល្អ និង​មាន​មហិច្ឆតា​ខ្ពស់ ហើយ​ការ​ជួប​ក្រុម​ទ័ព លើក​នេះ វិសាខា ត្រូវ​ការ​ឈ្នះ​ដើម្បី​រក្សា​ទីតាំង​លេខ ៣ ដែល​ពួកគេ​កំពុង​គ្រប់គ្រង។

យ៉ាងណាមិញ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត កំពុងតែ​ផ្តោត​ខ្លាំង​ទៅលើ​ការ​ពង្រឹង​តំបន់​ការពារ ព្រោះ​លោក​បាន​មើល​ឃើញ​ថា តំបន់​ប្រយុទ្ធ​របស់​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង រៀបចំ​បាន​ល្អ និង​មាន​គ្រោះ​ថ្នាក់ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​លត់​ក្រុម​ភ្នំពេញ​ក្រោន ៦-៣ កន្លង​មក​នេះ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង ឡើង​មក​ឈរ​នៅ​លេខ ៦ មាន ៨ ពិន្ទុ និង​បាន​ទម្លាក់​ក្រុម​ភ្នំពេញ​ក្រោន ឲ្យ​ទៅ​ឈរ​នៅ​លេខ ៧ មាន ៧ ពិន្ទុ។

លោក ហៅ សុជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ការប្រកួត​ណា​ក៏​ពិបាក​សម្រាប់​យើង​ដែរ ព្រោះ​ក្រុម​ស្វាយរៀង ក៏​ជា​ក្រុម​ខ្លាំង និង​ទើប​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ដោយ​លទ្ធផល​ល្អ ហើយ​តាមរយៈ​ការ​ប្រកួត​នោះ ខ្ញុំ​មើល​ឃើញ​ថា ស្វាយរៀង មាន​ទម្រង់​លេង​ល្អ​ច្រើន​ជាង​មុន​ច្រើន ពិសេស​តំបន់​ប្រយុទ្ធ​របស់​ក្រុម​នេះ»។

លោក​បន្ថែមថា៖ «ខ្ញុំ​បាន​ចាប់អារម្មណ៍​ទៅលើ​តំបន់​ប្រយុទ្ធ​របស់គេ ដែល​ឥឡូវនេះ​គេ​រៀបចំ​បានល្អ ហើយ​ការ​លេង​បែប​ការពារ​ជា​ក្រុម​របស់​គេ ក៏​ល្អ​ដែរ អ៊ីចឹង​សម្រាប់​ការ​ប្រកួត​នេះ យើង​នឹង​លេង​បែប​ការពារ ជា​ចម្បង ព្រោះ​ស្វាយរៀង នៅ​ពេល​លេង​ការពារ​បាន​ល្អ​ហើយ គឺ​វាយ​បក​ទៅ​វិញ​បាន​លឿន និង​មាន​គ្រោះថ្នាក់​ទៀត»។

ដោយឡែក​ក្រុម​ណាហ្គា​វើ​ល ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយ​មាន ១៣ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​បឹងកេត​នោះ នឹង​ត្រូវ​ជួប​ក្រុម​សូលទីឡូអង្គរ ហើយ​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល បាន​ចាត់​ទុក សូលទីឡូអង្គរ ជា​ក្រុម​លេង​ការពារ ១១ នាក់ និង​ប្រយុទ្ធ ១១ នាក់ ព្រោះ​ក្រុម​នេះ​បំផ្លាស់​ទី​លឿន ហើយ​មិន​ងាយ​ក្រុម​ណា​ស៊ុត​បាល់​បញ្ចូល​ទី​ទេ។ទោះ​យ៉ាងណា លោក ចាន់ណា គ្រោង​នឹង​ប្តូរ​យុទ្ធសាស្ត្រ​លេង​ឲ្យ​បាន​លឿន ដើម្បី​រក​គ្រាប់​បាល់ ពេល​ជួប​សូលទីឡូ​អង្គរ លើក​នេះ។

ចំណែក​ក្រុមប៉ូលិស ដែល​កំពុង​ឈរ​នៅ​លេខ ៤ មាន ១០ ពិន្ទុ ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោន ឯ​ក្រុម​វេស្ទើន ត្រូវ​ស្វាគមន៍​ក្រុម​អគ្គិសនី​កម្ពុជា ហើយ​នេះ​ជា​ពេល​ដែល​ក្រុម​ទាំង ២ ត្រូវ​ប្រជែង​គ្នា​រក​ការ​ឈ្នះ​ជា​លើក​ដំបូង ព្រោះ ៥ ប្រកួត​កន្លង​មក​នេះ វេស្ទើន និង​អគ្គិសនី​កម្ពុជា បាន​ចាញ់​គ្រប់ការ​ប្រកួត​ដូចគ្នា៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-វិសាខា v ទ័ព កីឡដ្ឋាន​វេ​ស្ទើ​ន ៣:០០

-អាស៊ី​អឺរ៉ុប v អង្គ​រថា​យ​ហ្គឺ​រ កីឡដ្ឋាន AEU Sport Park

៤ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-ភ្នំពេញ​ក្រោ​ន v ប៉ូលិស នៅ​កីឡដ្ឋាន RSN ៦:០០

-ណាហ្គា​វើ​ល v សូល​ទី​ឡូ​អង្គរ ពហុ​កីឡដ្ឋាន​ជាតិ ៣:៣០

-វេ​ស្ទើ​ន v អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ៣:០០

-បឹងកេត v ស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៦:៣០