The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត និង អង្គរថាយហ្គឺរ ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​មុន​គេ

បឹងកេត និង អង្គរថាយហ្គឺរ ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​មុន​គេ

Content image - Phnom Penh Post
ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ ស៊ុត​បាល់​ទម្លុះ​ការបាំង​របស់​ខ្សែការពារ ដើម្បី​ជួយ​ឲ្យ​ក្រុម​អង្គរថាយហ្គឺរ ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​។ រូប FFC

បឹងកេត និង អង្គរថាយហ្គឺរ ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​មុន​គេ

ភ្នំពេញៈ ក្រុម​បឹងកេត និង​អង្គរថាយហ្គឺរ បាន​ក្លាយ​ជា​ក្រុម​ដែល​បាន​ឆ្លង​ផុត​វគ្គ​ ១៦ ​ក្រុម​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ (​ថ្នាក់ជាតិ​) ឆ្នាំ​ ២០១៩ មុនគេ បន្ទាប់ពី​ក្រុម​ទាំង​ ២ ​នេះ​បាន​ទម្លាក់​ក្រុម​ខេត្ត​សៀមរាប និង​អគ្គិសនី​កម្ពុជា​ក្នុង​ការប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ កាលពី​ថ្ងៃ​ពុធ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន និង​ព្រះខ័នរាជ​ស្វាយរៀង​ក៏​នឹង​អាច​ស្វែងរក​ឱកាស​មួយ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​។

នៅក្នុង​ការប្រកួត​បើក​សម្ពោធ​កីឡដ្ឋាន​ថ្មី​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុម​បឹងកេត​បាន​ដក​កីឡាករ​សំខាន់ៗ​របស់​ខ្លួន​ចេញ​ស្ទើរ​តែ​ទាំងអស់​គឺ​ទុក​តែ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ មួយ​ទេ ហើយ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​កីឡាករ​វ័យក្មេង និង​កីឡាករ​ដែល​ស្ថិត​ក្នុង​ជម្រើស​ទី​ ២ នៃ​ការប្រកួត​លីក​កំពូល​កម្ពុជា​។

យ៉ាងណា​ក៏ដោយ​បឹងកេត​នៅ​តែ​អាច​យក​ឈ្នះ​ក្រុម​ខេត្ត​សៀមរាប ៣-០ បន្ថែម​ទៅ​លើ​ការឈ្នះ ៦-០ កាលពី​ជើង​ទី​ ១ នៅក្រៅ​ទឹកដី ហើយ​គ្រាប់​បាល់​ទាំង​ ៣ ​នេះ​រក​បាន​ដោយ​ខ្សែបម្រើ ម៉ុន វ៉ាន់ដា នៅ​នាទី​ទី​ ៥ ខ្សែប្រយុទ្ធ ជា វេសលី នៅ​នាទី​ទី​ ៧ និង ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​ ១៤​។ ការឈ្នះ​ទាំង​ ២ ​ជើង​នេះ​បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ជា​ស្ថាពរ​ហើយ​។

ផ្ទុយ​ពី​នេះ​គ្រូបង្វឹក​ជើងចាស់ លោក ប្រាក់ វុទ្ធី ដែល​មាន​ការជឿជាក់​ថា ក្រុម​អគ្គិសនី​កម្ពុជា​របស់​លោក​នឹង​ប្រើ​ការមាន​ប្រៀប​ទៅលើ​ផ្នែក​កម្លាំង និង​ឆន្ទៈ​នៃ​ការប្រកួត ដើម្បី​ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ឡើង​ទៅ​វគ្គ​បន្ត​ដែរ​នោះ គឺ​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​នេះ​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត ខណៈ​ក្រុម​មួយ​នេះ​បាន​ចាញ់​អង្គរថាយហ្គឺរ នៅ​ចុង​ម៉ោង​នោះ​។

ការវាយបក​បាន​ ២ ​គ្រាប់​របស់​ខ្សែបម្រើ សាន ភីសារ នៅ​ចុង​តង់​ទី​ ១ និង​ការទាត់​បាល់​ពិន័យ​បាន​សម្រេច​របស់​ខ្សែការពារ ឈឿង វិស៊ីនុ នៅ​នាទី​ទី​ ៥៨ ដើម្បី​លុបចោល​គ្រាប់​បាល់​នាំ​មុខ ២-០ របស់​ក្រុម​អង្គរថាយហ្គឺរ ដែល​រក​បាន​ដោយ​ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ និង​ខ្សែបម្រើ ស៊ឹង ណារិទ្ធិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អគ្គិសនី​កម្ពុជា​អាច​នឹង​រក​បាន​គ្រាប់បាល់​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ​អង្គរថាយហ្គឺរ​ទៅ​តាម​ក្តីបំណង​របស់​ពួកគេ​។

ប៉ុន្តែ​រឿង​ដ៏អស់​សង្ឃឹម និង​សោកស្តាយ​បំផុត​បែរ​ជា​បាន​កើត​មាន​ឡើង​ចំពោះ​ក្រុម​អគ្គិសនី​កម្ពុជា​នៅពេល​ខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ បាន​រកឃើញ​គ្រាប់​បាល់​ទី​ ២ ​របស់គេ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​អង្គរថាយហ្គឺរ​នៅ​នាទី​ទី​ ៨៩ ​នេះ​។ គ្រាប់​បាល់​ពិឃាត​ចុង​ក្រោយ​នេះ​បាន​ធ្វើឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ដ៏​គួរ​សោកស្តាយ​បំផុត ប៉ុន្តែ​ក្រុម​អង្គរថាយហ្គឺរ ត្រូវ​ឡើង​ទៅ​អង្គុយចាំ​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​បឹងកេត​។

ដោយឡែក​ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​បន្ថែម​ទៀត​រៀងៗ​ខ្លួន​នៅក្នុង​ការប្រកួត​កាត់សេចក្តី​ជើង​ទី​ ២ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ដែរ​។

ក្រុម​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ជួប​ក្រុម​ខេត្ត​កំពង់ចាម​នៅ​កីឡដ្ឋាន​ស្តាត​ចាស់ ម៉ោង ៣:៣០ រសៀល​ហើយ​ស្វាយរៀង​ត្រូវ​ប៉ះ​ក្រុម​ខេត្ត​ត្បូងឃ្មុំ​នៅ​កីឡដ្ឋាន​អេអ៊ីយូស្ពតផាក ម៉ោង ៣:៣០ រសៀល​ដូចគ្នា ខណៈ​ការប្រកួត​ជើង​ទី​ ១ កន្លង​មក​ភ្នំពេញ​ក្រោន​បាន​ឈ្នះ​ខេត្ត​កំពង់ចាម ១០-០ ស្រប​ពេល​ក្រុម​ស្វាយរៀង ឈ្នះ​ខេត្ត​ត្បូងឃ្មុំ ៤-០ ហើយ​លទ្ធផល​នេះ​វា​ហាក់​បង្ហាញ​ពី​ការឈ្នះ​របស់​ភ្នំពេញក្រោន និង​ស្វាយរៀង​ទៅ​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍