The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត បន្ត​ចាញ់ តែ​គិរីវង់​ស្តារ​មុខមាត់​នៅ​លើ​ទឹកដី​បាន​វិញ




បឹងកេត បន្ត​ចាញ់ តែ​គិរីវង់​ស្តារ​មុខមាត់​នៅ​លើ​ទឹកដី​បាន​វិញ

Content image - Phnom Penh Post
អ្នកចាំទី ថា ច័ន្ទឬទ្ធី បាន​ត្រឹម​សម្លឹង​មើល​គ្រាប់​បាល់ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Yudai Ogawa។ CNCC

បឹងកេត បន្ត​ចាញ់ តែ​គិរីវង់​ស្តារ​មុខមាត់​នៅ​លើ​ទឹកដី​បាន​វិញ

ភ្នំពេញ៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត មិន​អាច​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​ស្រោចស្រង់​ការ​បរាជ័យ​របស់​ខ្លួន​បាន​នោះ​ទេ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ និង​ណាហ្គាវើល សុទ្ធ​តែ​រក​បាន ៣ ពិន្ទុ​បន្ថែម ចំណែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​អង្គរថាយហ្គឺរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​រក​ឃើញ​ជ័យជម្នះ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ។

សម្រាប់​ការ​ប្រកួត​ដ៏​ទាក់ទាញ ដោយ​មាន​អ្នក​ចូល​មើល​ផ្ទាល់ តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​ជាង ២ ម៉ឺន​នាក់​នោះ គឺ​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ បាន​ប្រើ​ភាព​វៃ​ឆ្លាត​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត តាមរយៈ​ការ​រត់​ទៅ​ឆក់​យក​បាល់​ពី​ការ​បោះ​របស់​ខ្សែ​ការពារ​ភ្នំពេញ​ក្រោន រួច​លោត​ឆ្កឹះ​បាល់​នោះ ផុត​ដៃ​ការ​ចេញ​មក​សង្គ្រោះ​របស់​អ្នកចាំទី អ៊ុំ វិចិត្រ បញ្ចូល​ទី​បាន​យ៉ាង​ល្អ​នៅ​នាទីទី១៨។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​អ្នកចាំទី​ដៃ​ទី១ ហ៊ុល គឹមហ៊ុយ ត្រូវ​បាន​ប្តូរ​ចេញ​ដោយ​បញ្ហា​របួស ហើយ​ដាក់​ជំនួស​មក​វិញ​ដោយ​អ្នក​ចាំទី​វ័យ​ក្មេង​ថា ច័ន្ទ​ឬ​ទ្ធី នោះ គឺ ភ្នំពេញក្រោន​អាច​រក​បាន ២ គ្រាប់​ជាប់ៗ​គ្នា ដែល​ជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ​ជប៉ុន Yudai Ogawa នៅ​នាទី​ទី៥១ និង​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន Valerii Hryshyn នៅ​នាទី​ទី៥៤ ដើម្បី​ជួយ​ឱ្យ​ភ្នំពេញក្រោន ឈ្នះ​ក្រុម​បឹងកេត ២-១។

សម្រាប់​ការ​បន្ត​ចាញ់ ក្រុម​ភ្នំពេញក្រោន ២-០ បន្ថែម​ទៅ​លើ​ការ​ចាញ់​ក្រុម​ណាហ្គាវើល ១-០ នេះ វា​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម​បឹងកេត​មាន​សម្ពាធ​ក្នុង​ការ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន កាល​ពី​រដូវកាល​ឆ្នាំ ២០២០ ដែល​ពួក​គេ​បាន​ឈ្នះ​ពាន​លីគ​កំពូល​នេះ ជាមួយ​កំណត់ត្រា មិន​ធ្លាប់​ចាញ់​ម្តងណា​សោះ។

ផ្ទុយ​ពី​នេះ​ក្រុម​ភ្នំពេញក្រោន ពិត​ជា​មាន​ការ​រីករាយ​ខ្លាំង ចំពោះ​ការ​យក​ឈ្នះ​ក្រុម​បឹងកេត​លើក​នេះ ព្រោះ​ជ័យជម្នះ​នេះ​វា​បាន​លុប​ចោល​នូវ​កំណត់ត្រា ដែល​ពួក​គេ​បាន​ចាញ់​បឹងកេត ៣-១ និង​ស្មើ ១-១ ទាំង​ក្តៅ​ក្រហាយ​កាល​ពី​ឆ្នាំ ២០២០ ហើយ​ការ​ឈ្នះ​បាន ៣ ពិន្ទុ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុម​សូលទីឡូអង្គរ និង​ក្រុម​គិរីវង់ នេះ ក៏​បាន​ជួយ​ឱ្យ​ភ្នំពេញក្រោន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ជា​ថ្មី​ផង​ដែរ។

ដោយ​ឡែក ក្រុម​គិរីវង់​សុខសែនជ័យ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ក្មេង​ខ្ចី ខេត្ត​ព្រៃវែង ៣-០ ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ ១ និង​ចាញ់ ២ ប្រកួត​ជាប់ៗ​គ្នា កន្លង​មក​នេះ ហើយ​ជ័យជម្នះ​លើក​នេះ ជា​ការ​រួម​គ្នា​រក​បាន​ម្នាក់ ១ គ្រាប់​របស់ ប្រាក់ ចាន់រតនា (នាទី​ទី៣២) Douglas Rosa Tardin (នាទី​ទី៥៤) និង ឯម ផាន់ណា នៅ​នាទី​ទី៨២។

ចំណែក​ខ្សែ​ប្រយុទ្ធ​ឆ្នើម Marcio ដែល​ទើប​បាន​ជា​ពីរ​បួស​នោះ រក​បាន ២ គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី​ទី៣១ និង​ទី៤៣ ដើម្បី​ជួយ​ឱ្យ​ក្រុម​ណាហ្គាវើល ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា ៣-១ កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ ខណៈ ១ គ្រាប់​ទៀត ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ ​សុះ ស៊ូហាណា នៅ​នាទី​ទី៣៧ រីឯ ១ គ្រាប់​របស់​អគ្គិសនី​កម្ពុជា​រក​បាន​ដោយ​កីឡាករ ច្រឹង ច័ន្ទវិរៈ នៅ​នាទី​ទី២៦ ហើយ​ការ​ឈ្នះ ៣ ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ណាហ្គាវើល មាន ៦ ពិន្ទុ ជាមួយ​ការ​ឈ្នះ ២ និង​ចាញ់ ១។

យ៉ាងណា​មិញ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​ក្រុម​អង្គរថាយហ្គឺរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពួក​គេ​អាច​នឹង​ដណ្តើម​បាន ៣ ពិន្ទុ​បន្ថែម​ផង​ដែរ ព្រោះ​នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ អាស៊ី​អឺរ៉ុប ហើយ​អង្គរថាយហ្គឺរ ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិ ដែល​ជា​ក្រុម​ហាក់​មាន​កម្រិត​លេង​ទាប​ជាង​ខ្លួន ខណៈ​ជំនួប​ទាំង ២ នេះ ត្រូវ​ធ្វើ​នៅ​រសៀល​ម៉ោង ៣:៣០ ដូចគ្នា៕

អត្ថបទគួរចាប់អារម្មណ៍