ភ្នំពេញ៖ ក្រុមខ្លាំងទាំង ២ ដែលកំពុងស្ថិតនៅក្នុងជំហរដណ្តើមជើងឯកលីកកំពូលកម្ពុជាឆ្នាំ ២០២០ បឹងកេត និងព្រះខ័នរាជស្វាយរៀង នឹងត្រូវវិលមកជួបគ្នានៅថ្ងៃអាទិត្យនេះ គឺស្របពេលដែលក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យទស្សនិកជនអាចចូលរួមការប្រកួតបាល់ទាត់វិញ ចំណែកការប្រកួតលីកបាល់ទាត់នារី ក៏នឹងចាប់ប្រកួតតាមលក្ខណៈស្តង់ដាជាលើកដំបូង នាថ្ងៃអាទិត្យនេះដែរ។
ដោយយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចេញសេចក្តីប្រកាសពីការអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន និងលីកកំពូលកម្ពុជា ឆ្នាំ ២០២០ បានវិញ។
យ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានបើកឲ្យមានអ្នកទស្សនាត្រឹមក្របខ័ណ្ឌធំៗទាំង ២ នេះទេ និងអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់ត្រឹម ១០ ភាគរយនៃចំនួនកៅអីសរុប នៅក្នុងពហុកីឡដ្ឋាន ឬកីឡដ្ឋាននីមួយៗប៉ុណ្ណោះ ហើយក្លិបនីមួយៗ ក៏ត្រូវគោរពវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ផងដែរ។
តាមសេចក្តីប្រកាសព័ត៌មាននេះ បានក្លាយជាដំណឹងដ៏ល្អមួយសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ដើម្បីអាចទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់វិញ បន្ទាប់ពីមានបម្រាមផ្អាកមិនឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់អស់រយៈពេលជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។
ជាមួយគ្នានេះ ការអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនានេះ គឺចំពេលដែលក្រុមខ្លាំងទាំង ២ គឺបឹងកេត និងព្រះខ័នរាជស្វាយរៀង ត្រូវវិលមកជួបគ្នា ហើយក្រុមដែលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតនេះនឹងអាចឈានទៅលើកពាននៅរដូវកាលនេះ ព្រោះតាមលទ្ធផលប្រកួតនៅតំបន់ Top6 ពេលនេះ គឺមានតែ បឹងកេត និង ស្វាយរៀង ប៉ុណ្ណោះ មានភាគរយខ្ពស់ក្នុងការប្រជែងគ្នាយកពាន ខណៈក្រុម ៤ ទៀត សឹងតែលែងមានឱកាសទៅហើយ។
យ៉ាងណាក៏ដោយ ក្រុមបឹងកេត ដែលកំពុងឈរនៅលេខ ១ ស្រាប់មានប្រៀបខ្ពស់ជាងក្រុមស្វាយរៀង ព្រោះពេលនេះពួកគេមាន ៣៦ ពិន្ទុ ច្រើនជាង ស្វាយរៀង ដែលមាន ៣៤ ពិន្ទុ ហើយការប្រកួតដ៏សំខាន់នេះក៏ត្រូវធ្វើនៅលើទឹកដី បឹងកេត ផងដែរ ខណៈការប្រកួតជើងទី១ បឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះ ស្វាយរៀងក្នុងលទ្ធផល ៤-២។
ជាមួយគ្នានេះ ក្រុមកំពុងឈរនៅលេខ ៣ មាន ២៦ ពិន្ទុ ភ្នំពេញក្រោន ត្រូវជម្រះបញ្ជីចាស់ជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ដែលពួកគេធ្លាប់ចាញ់ ៣-២ នៅក្នុងទឹកដី ចំណែកលោក មាស ចាន់ណា នឹងដឹងនាំក្រុមណាហ្គាវើល ទៅជួបក្រុមវិសាខា ដែលបានតាមស្មើពួកគេ ១-១ ទាំងសោកស្តាយកាលជើងទី១ ប៉ុន្តែ លោក ចាន់ណា ធ្លាប់និយាយថា សុបិនអាក្រក់ដែលត្រូវបានក្រុមគេតាមស្មើនៅចុងម៉ោងនេះ នឹងបញ្ចប់នៅក្រោយភ្ជុំបិណ្ឌ គឺមានន័យថា ចាប់ពីជំនួបជាមួយ វិសាខា នេះទៅ។
ដោយឡែកការប្រកួតលីកបាល់ទាត់នារី (Women''s League 2020) នឹងរៀបចំការប្រកួត ស្របតាមលក្ខណៈស្តង់ដាជាលើកដំបូង ដោយមាន ១០ ក្រុមចូលរួម ហើយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ តាមរូមមន្តវិលជុំ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងចម្រាញ់រកកីឡាការិនីល្អៗ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ ២០២១ នៅវៀតណាម ព្រមទាំងរកអ្នកមានទេពកោសល្យចេញទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-យុវជនបាទី v អាស៊ីអឺរ៉ុប នៅមណ្ឌលសាលាបាល់ទាត់ជាតិបាទី ៣:៣០
-នគរបាលជាតិ v អគ្គិសនីកម្ពុជា កីឡដ្ឋាន AEU ៣:៣០
-ទ័ព v ភ្នំពេញក្រោន កីឡដ្ឋានស្តាតចាស់ ៦:០០
៣ ប្រកួតនៅថ្ងៃអាទិត្យ
-គិរីវង់ v សូលទីឡូអង្គរ កីឡដ្ឋានគិរីវង់សុខសែនជ័យ ៣:៣០
-បឹងកេត v ស្វាយរៀង កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ៣:៣០
-វិសាខា v ណាហ្គាវើល កីឡដ្ឋានព្រីនស៍ ៦:០០