ភ្នំពេញៈ ក្រុម​បឹងកេត ហាក់​មិនបាន​ផ្តល់​ក្តី​សង្ឃឹមលើ​ក្រុម ក្រសួង​ការពារ​ជាតិ (ទ័ព) ក្នុង​ការ​ជួយ​ទម្លាក់​ណាហ្គាវើល ចេញ​ពី​តំបន់​កំពូល​តារាង​នោះ​ទេ បើ​ទោះបី​ជា​ក្រុម​មួយ​នេះ មាន​រំពឹង​ខ្ពស់ ក្នុង​ការ​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា សម្រាប់​ការ​ប្រកួត​លើក​ទី ៧ នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នៅ​ចុង​សប្តាហ៍​នេះ​ក៏ដោយ។

តាម​ការប្រកួត ៦ លើក​មកនេះ គឺ​មានតែ​បឹងកេត និង​ណាហ្គា​វើ​ល ទេ ដែល​មិន​ទាន់​ស្គាល់​ការ​ចាញ់​ដូចគ្នា ព្រោះ​ក្រុម​ទាំង ២ នេះ បាន​ឈ្នះ ៥ និង​ស្មើ ១ ប្រកួត មាន ១៦ ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ក្រុម​ណាហ្គាវើល មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង បឹងកេត ៣ គ្រាប់។ ហេតុនេះ​ក្រុម​ទ័ព ដែល​ត្រូវ​ជួប​ណាហ្គាវើល នៅ​សប្តាហ៍​ទី ៧ នេះ បាន​ក្លាយជា​តួអង្គ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ បឹងកេត ដើម្បី​ទម្លាក់ ណាហ្គាវើល។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «យើង​មិន​ចង់​រំពឹង​ទៅ​លើ​ក្រុម​ណាមួយ ដើម្បី​ជួយ​ឲ្យ​យើង​ដណ្តើម​បាន​លេខ ១ នោះ​ទេ គឺ​យើង​ត្រូវ​ខំប្រឹង​ដោយ​ខ្លួនឯង។ ចំណែក​ក្រុម​ទ័ព ពេល​នេះ​ក៏​ពិបាក​ជាមួយ​ណាហ្គាវើល ដែរ ព្រោះ​ណាហ្គាវើល ល្អ​ជាង​មុន​ឆ្ងាយ តែ​បើ​មើល​ទៅ​ក្រុម​ទ័ព វិញ​គឺ​ទម្រង់​លេង​របស់​គាត់ ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន»។

យ៉ាងណាក៏ដោយ គ្រូបង្វឹក​រូបនេះ រំពឹងថា បឹងកេត អាច​នឹង​ដណ្តើម​បាន ៣ ពិន្ទុ ពី​ក្រុម​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា ជាមួយ​ភាគរយ​យ៉ាង​ខ្ពស់។ លោក សុជាតិ និយាយ​ថា៖ «ការ​ប្រកួត​នេះ ដូចជា​មិន​បារម្ភ​អ្វី​ទេ គឺ​យើង​មាន​ភាគរយ​ឈ្នះ​ច្រើន ដោយសារ​យើង​រៀបចំ​បាន​ល្អ​ជាង ពិសេស​យើង​មាន​ប្រៀប​ត្រង់​ថា យើង​មាន​កីឡាករ​បរទេស​ល្អៗ​សម្រាប់​ជួយ​ក្រុម បើ​ទោះបី​ជា​គុណភាព​កីឡាករ​ខ្មែរ និង​ខ្មែរ​រវាង​ក្រុម​ទាំង ២ នេះ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ក៏ដោយ»។

ទោះបីជា​យ៉ាងណា លោក ហៅ សុជាតិ ក៏មាន​ការបារម្ភខ្លះៗ ទៅលើ​ទីលាន​ថ្មី​របស់​ក្រុម​អគ្គិសនី​កម្ពុជា​ផង​ដែរ ព្រោះ​កន្លង​មក បឹងកេត មិន​ធ្លាប់​បាន​លេង​នៅ​លើ​ទឹកដី​នោះ​ទេ ហើយ​អ្នក​ចាំទី​ដៃ​ទី ១ ស៊ូ យ៉ាទី ដែល​ទើប​មាន​របួស និង សេត រ៉ូហ្ស៊ីប ត្រូវ​បាន​លោក សុជាតិ បង្ហើប​ថា មិន​អាច​លេង​បាន​ទេ។

ដោយឡែក​ក្រុម​វិសាខា ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៣ មាន ១៣ ពិន្ទុ នឹងត្រូវ​ជួប​ក្រុម​ប៉ូលិស ដែល​ទើប​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ៥ ក្រោយ​ចាញ់​ភ្នំពេញ​ក្រោន ៤-០ កាល​ពី​សប្តាហ៍​មុន។ ប៉ូលិស អាច​នឹង​ជួប​ការ​ខកចិត្ត​បន្ត​ទៀត បើ​សិន​ជា​ពួកគេ នៅ​តែ​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​គុណភាព​កម្លាំង​ដូច​ពេល​ជួប​ក្រោន ព្រោះ​វិសាខា ជា​ក្រុម​ដែល​មាន​ទម្រង់​លេង​ល្អ និង​កំពុង​មាន​ទឹក​ចិត្ត​ប្រកួត​ខ្លាំង បន្ទាប់​ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​ទ័ព ២-០ កាល​ពី​ថ្ងៃ​សៅរ៍។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ទើប​ឡើងមក​ឈរ​នៅ​លេខ ៤ មាន ១០ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ប៉ូលិស នោះ ត្រូវ​បាន​វិល​ទៅ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប ដែល​មាន​ខ្សែ​ប្រយុទ្ធ​ល្អ និង​កំពុង​ឈរ​នៅ​លេខ ៨ មាន ៧ ពិន្ទុ។ រីឯ​ក្រុម​មាន ៨ ពិន្ទុ ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ទើប​ចាញ់​ក្រុម​បឹងកេត ៣-១ កាល​ពី​សប្តាហ៍​មុន​នោះ ត្រូវ​ធ្វើ​ដំណើរ​មក​ជួប​ក្រុម​សូល​ទីឡូ​អង្គរ នៅ​ស្តាត​ចាស់ ហើយ​ក្រុម​អង្គរ​ថាយហ្គឺរ ត្រូវ​ស្វាគមន៍​ក្រុម​ចាញ់​ទាំង ៧ ប្រកួត វេស្ទើន៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-សូល​ទី​ឡូ​អង្គរ v ស្វាយរៀង នៅ​ស្តា​ត​ចាស់ ៣:០០

-អគ្គិសនី​កម្ពុជា v បឹងកេត កីឡដ្ឋាន EDC ៣:០០

-ទ័ព v ណាហ្គា​វើ​ល ស្តា​ត​ចាស់ ម៉ោង ៦:០០

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-ប៉ូលិស v វិសាខា កីឡដ្ឋាន AEU Sport Park ៣:០០

-ភ្នំពេញ​ក្រោ​ន v អាស៊ី​អឺរ៉ុប កីឡដ្ឋាន RSN ៦:០០

-អង្គ​រថា​យ​ហ្គឺ​រ v វេ​ស្ទើ​ន កីឡដ្ឋាន​ខេត្តសៀមរាប ៣:៣០