The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត រក​ឃើញ​ជ័យជម្នះ​ដ៏​ពិសេស ដើម្បី​លើក​ពាន

បឹងកេត រក​ឃើញ​ជ័យជម្នះ​ដ៏​ពិសេស ដើម្បី​លើក​ពាន

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហាញ​ពាន និងស្រែក​អបអរជាមួយ​មិត្ត​រួមក្រុមនៅ​ក្នុងពិធី​ប្រគល់​ពាន ពី​យប់​ថ្ងៃ​ពុធ។ រូប ហ៊ាន រង្សី

បឹងកេត រក​ឃើញ​ជ័យជម្នះ​ដ៏​ពិសេស ដើម្បី​លើក​ពាន

ភ្នំពេញ៖ ក្រុម​បឹងកេត បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ជា​លើក​ដំបូង​របស់​ខ្លួន​ថា ជា​កំណត់ត្រា​ប្រវត្តិសាស្រ្ត ដែល​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​រួម​គ្នា​ និង​ការ​រៀបចំ ដោយ​​ប្រើ​សមាជិក​នៅ​សល់​ត្រឹម ​១០ ​នាក់ ដើម្បី​តតាំង​ជាមួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង រហូត​ដល់ ​១២០ នាទី ហើយ​បាន​យក​ឈ្នះ ​ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​។

លោក ហៅ សុជាតិ ​​គ្រូ​បង្វឹក​ក្រុម​បឹងកេត​ បាន​កាល​ពី​ម្សិលមិញ​ថា៖ ​«​​ជ័យជម្នះ​នេះ ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល មាន​ការ​រំភើប​ខ្លាំង ព្រោះ​នេះ​ជា​លើក​ដំបូង​របស់​​បឹងកេត ដែល​បាន​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ហើយ​ការ​ឈ្នះ​ពាន​នេះ វា​បាន​ក្លាយ​ជា​កំណត់ត្រា​ដ៏​ល្អ​មួយ​សម្រាប់​ក្លិប ដែល​យើង​បាន​ប្រើ​គ្នា​ត្រឹម ​១០ ​នាក់ ក្នុង​ការ​ទប់ទល់​ជាមួយ​​ក្រុម​ស្វាយរៀង និង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ទាត់បាល់​ប៉េណាល់ទី​កាត់​សេចក្តី​នោះ»។

សម្រាប់​​ការ​ប្រកួត​នៅ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ ខ្សែ​ប្រយុទ្ធ ម៉ុន វ៉ាន់ដា បាន​តែត​បាល់​បញ្ចូល​ទី ១ ជួយ​ឲ្យ​បឹងកេត នាំ​មុខ ១-០ នៅ​នាទីទី ​៤៦ ប៉ុន្តែ​រឿង​ក្តៅ​ក្រហាយ​បាន​កើត​​មាន​ចំពោះ​បឹងកេត នៅ​ពេល​លោក​អាជ្ញាកណ្តាល បាន​ផ្តល់​ពិន័យ​បាល់ ​១១ ម៉ែត្រ ឲ្យ​ក្រុម​ស្វាយរៀង និង​ពិន័យ​កាត​ក្រហម​ទៅ​ឲ្យ សេត រ៉ស៊ីប ដែល​​យក​ដៃ​​ប៉ះ​បាល់ នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​នោះ ហើយ នុប តុលា ជា​អ្នកស៊ុត​​​បាល់​នោះ​បាន​សម្រេច នៅ​នាទីទី ​៦៧។

ជាមួយ​ការ​នៅ​សល់​សមាជិក​ត្រឹម ​១០ ​នាក់​នេះ បឹង​កេត បាន​ទទួល​រង​ការ​ដាក់​សម្ពាធ​ខ្លាំង​ពី​គូ​ប្រកួត ប៉ុន្តែ​ស្វាយរៀង មិន​អាច​ប្រើ​ការ​មាន​ប្រៀប​នេះ យក​ឈ្នះ​​​បឹងកេត​បាន​នោះ​ទេ បើ​ទោះបី​ជា​ការ​ប្រកួត​នាទី​បន្ថែម ​១៥ នាទី ​២ ​ដង ស្មើ ​១២០ ​នាទី បាន​បញ្ចប់​ក៏​ដោយ។

លោក ហៅ សុជាតិ ​បាន​បន្ថែម​ថា៖ ​«បើ​គ្មាន​ការ​ពិន័យ​កាត​ក្រហម និង​ពិន័យ​បាល់ ​១១ ម៉ែត្រ យើង​នឹង​អាច​ទទួល​បាន​ជ័យជម្នះ ត្រឹម​ក្នុង​ម៉ោង​ប្រកួត​ធម្មតា ព្រោះ​យើង​បាន​គ្រាប់បាល់​នាំ​មុខ ១-០ ប៉ុន្តែ​នៅ​ពេល​យើង​បាត់​សមាជិក​ម្នាក់​បែប​នេះ គឺ​យើង​មាន​សម្ពាធ​ខ្លាំង​មែន​ទែន ហើយ​គ្មាន​វិធីសាស្រ្ត​អ្វី ក្រៅ​ពី​​ប្តូរ​មក​​លេង​ទប់ ​ដើម្បី​រក្សា​លទ្ធផល​ស្មើ​នេះ​ទេ»។

ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១ នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង ​២ ឈាន​ដល់​ការ​ទាត់បាល់​ប៉េណាល់ទី កាត់​សេចក្តី។ នៅ​ក្នុង​ស្ថានភាព​ដ៏​រន្ធត់​នោះ អ្នក​ចាំ​ទី អាំ សុវណ្ណារ៉ាត់ ​បាន​សង្រ្គោះ​ការ​ស៊ុត​បាល់​បើក​ឆាក​របស់ ឃួន ឡាបូរ៉ាវី ​យ៉ាង​ល្អ ​នាំ​ឲ្យ​បឹងកេត ជួប​ការ​ខក​ចិត្ត ម្តង​ទៀត។

យ៉ាង​ណា​ក៏​ដោយ អ្នក​ចាំទី ហ៊ុយ គឹមហ៊ុយ បាន​ក្លាយ​ជា​វីរបុរស​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​បំផុត គឺ​​រូប​គេ​បាន​ចាប់​បាល់​ស៊ុត​ដោយ​ សុក សំណាង និង ហួយ ផល្លីន បាន​យ៉ាង​ជោគជ័យ ដើម្បី​ជួយ​ឲ្យ​បឹងកេត យក​ឈ្នះ​ក្រុម​ស្វាយរៀង ៥-៤ នឹង​បាន​លើក​ពាន ជា​លើក​ដំបូង បន្ទាប់​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ​៧ ​ឆ្នាំ។

លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បឹងកេត បាន​និយាយ​ថា៖ ​«​ក្រោយ​​ពេល​អាជ្ញា​កណ្តាល​​ពិន័យ​បាល់ ​១១ ម៉ែត្រ ហើយ​ថែម​ទាំង​ពិន័យ​កាត​ក្រហម​ទៀត​នោះ ​បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​កីឡាករ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​មាន​សម្ពាធ ប៉ុន្តែ​ដោយសារ​ពួក​គាត់​បាន​​ប្រមូល​អារម្មណ៍​សា​ឡើង​វិញ និង​ព្យាយាម​លេង​ដល់​​ចប់ ​១២០ នាទី ព្រម​ទាំង​បាន​ឈ្នះពាន​ជា​ប្រវត្តិសាស្រ្ត ។ យើង​ពិត​ជា​រំភើប​ខ្លាំង​បំផុត ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​រក្សា​ពាន​មួយ​នេះ​ឲ្យ​បាន នៅ​ឆ្នាំ​ក្រោយ»។

សម្រាប់​ការ​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន លើក​ទី ​១៣ ឆ្នាំ ​២០១៩ នេះ ក្រុម​បឹងកេត បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន ​៨០ ​លាន​រៀល ឯ​ក្រុម​ជើងឯក​រង ស្វាយរៀង ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ចំនួន ​៤ ​ដង​នោះ បាន​ទទួល​ប្រាក់​រង្វាន់ ​៤០ ​លាន​រៀល ហើយ​ក្រុម​ភ្នំពេញ​ក្រោន និង​វិសាខា ដែល​ទទួល​បាន​លេខ ​៣ ​ស្ទួន​នោះ បាន​​ប្រាក់​រង្វាន់ ​១០ លាន​រៀល​ដូច​គ្នា៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។