ភ្នំពេញៈ ​ក្រុម​បឹងកេត ​បាន​ឆ្លង​ផុត​នៅ​ដំណាក់​កាល​ដ៏​គួរ​ឲ្យ​បារម្ភ ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ​៣ ឆ្នាំ ​២០១៩ ដោយ​​សប្បាយ​រីករាយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​នាំ​ជ័យជម្នះ​​ជូន​ក្រុម​មួយ​នេះ គឺ ចាន់ វឌ្ឍនាកា នៅ​តែ​គ្មាន​ឱកាស​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ត្រូវ​ប្រមូល​ផ្តុំ​ត្រៀម​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ​ពាន​រង្វាន់ FIFA World Cup 2022 ដដែល។

នៅ​ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ជើងទី ​២ វគ្គ ​៨ ​ក្រុម ពាន​សម្តេច ហ៊ុន សែន នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នោះ ក្រុម​បឹងកេត បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូ​អង្គរ ១-០ ព្រោះ​ការ​បង្កើត​កំហុស​របស់​បឹងកេត នាំ​ឲ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​ឲ្យ​សូលទីឡូ​អង្គរ ហើយ កែវ សុផល ជា​អ្នក​ស៊ុត​បាន​សម្រេច​នៅ​នាទីទី​៥៣។

យ៉ាង​ណា​ក៏​ដោយ ការ​រក​បាន​ ​២ ​គ្រាប់​តែ​ម្នាក់​ឯង​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ដើម្បី​យក​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ២-០ កាលពី​ជើង​ទី​១ វា​នៅ​តែ​ជួយ​ឲ្យ​ក្រុម​បឹងកេត បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​វា​ក៏ជា​ឱកាស​ដែល​ក្រុម​មួយ​នេះ អាច​បន្ត​ក្តី​សង្ឃឹម ក្នុង​ការ​ឈាន​ទៅ​រក​ការ​សម្រេច​ក្តី​បំណង​ដ៏​ធំ​របស់​ខ្លួន គឺ​ការ​ប្រជែង​យក​ពាន​សម្តេច ហ៊ុន សែន ឲ្យ​បាន​ជា​លើក​ដំបូង​ផង​ដែរ។

តែ​ទោះ​បីជា​យ៉ាង​ណា រឿង​មិន​សប្បាយ​ចិត្ត ក៏​បាន​កើត​មាន​ឡើង​ចំពោះ​អ្នក​គាំទ្រ​របស់​ក្លិប​មួយ​នេះ​ផង​ដែរ ខណៈ​បញ្ជី​ឈ្មោះ​កីឡាករ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជា​បឋម ត្រៀម​ចូល​រួម​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំទី​២ នៃ​ពាន​រង្វាន់ FIFA World Cup Qatar & Asian Cup 2023 គ្មាន​ឈ្មោះ​ ចាន់ វឌ្ឍនាកា នោះ។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជា​បឋម​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំង ​៣៥ ​នាក់ ដែល​ត្រូវ​បាន​បញ្ចេញ ជា​ផ្លូវ​ការ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នោះ ក៏​គ្មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង ប្រាក់ មុន្នីឧត្តម ផង​ដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ គួច សុកុម្ភៈ នៅ​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ លោក Felix Dalmas ហើយ​អ្នក​ចាំទី​ជើង​ចាស់ ស៊ូ យ៉ាទី ក៏​មាន​​ឈ្មោះ​ជា​ថ្មី ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ​ដែរ។

ចំណែក​កីឡាករ ​៣៣ ​នាក់​ផ្សេង​​ទៀត ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​​ចូល​ក្រុម​ជម្រើស​ជាតិ លើក​នេះ រួម​មាន សេត រ៉ស៊ីប, ទេស សម្បត្តិ, លី វ៉ាហេទ, ជា វេសលី របស់​​បឹងកេត រ៉ឹង ប៊ុនហៀង, ណារ៉ុង កក្កដា, កាន់ ពិសាល របស់​ក្រសួង​ការពារ​ជាតិ គួច ដានី, សុះ ស៊ូហាណា របស់​ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សាវែង សំណាង, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់​ភ្នំពេញ​ក្រោន។

កីឡាករ ឃៀង ម៉េងហ៊ួ, ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល, សួន សុវណ្ណ របស់​ព្រះខ័នរាជ​ស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, ទៀត គឹមហេង, សាន គឹមហេង, ស៊ិន កក្កដា របស់​ក្រុម​​វិសាខា ឈង់ ប៊ុនណាត របស់​អង្គរ​ថាយហ្គឺរ សៀង ចន្ធា របស់​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី និង ដាវ នីម របស់​​ក្រុម​គិរីវង់​សុខសែន​ជ័យ។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ ៨ ពាន​សម្តេច ហ៊ុន សែន កាល​ពី​ម្សិលមិញ​នោះ​ដែរ ខ្សែ​ប្រយុទ្ធ កែវ សុខផេង បាន​ជួយ​ឲ្យ​ក្រុម​វិសាខា បន្ត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​​គិរីវង់ ១-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៤-២ កាល​ពី​ជើង​ទី​១ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត ចំណែក​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង បាន​បន្ត​យក​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ៤-០ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ដែរ ប៉ុន្តែ​ក្រុម​ទ័ព បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ដោយ​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្តី ៥-៤ ក្រោយ​ក្រុម​ទាំង​ស្មើគ្នា​ ២-២ ក្នុង​ការ​ប្រកួត​ទាំង​ ២ ជើង៕