ភ្នំពេញ៖ ​ក្រុម​បឹងកេត មាន​ការ​អន្ទះសា​ខ្លាំង ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ​១៣ ឆ្នាំ ​២០១៩ ជាមួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដែល​នឹង​​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន RSN នា​ល្ងាច​ម៉ោង ​៦ ថ្ងៃ​ពុធ​នេះ ព្រោះ​ពួក​គេ​ពិត​ជា​ចង់​ទទួល​បាន​ជ័យជម្នះ​ខ្លាំង ដើម្បី​លើក​ពាន​មួយ​នេះ ជា​លើក​ដំបូង ប៉ុន្តែ​ក្រុម​ស្វាយរៀង ក៏​ចង់​បន្ត​ឈ្នះ​ពាន​មួយ​នេះ ជា​លើក​ទី ​៥ ផង​ដែរ។

នៅ​ក្នុង​សន្នីសីទ​កាសែត នៅ​កីឡដ្ឋាន RSN កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ លោក ហៅ សុជាតិ គ្រូ​បង្វឹក​ក្រុម​បឹងកេត ក៏​ដូចជា​​លោក Conor Nestor គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដែល​ទើប​ដឹកនាំ​ក្រុម​នេះ ឲ្យ​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា ជាមួយ​ការ​ឈ្នះ ​២០ ស្មើ ​៥ និង​ចាញ់​ត្រឹម​ ១ ​លើក​នោះ សុទ្ធ​តែ​អះអាង​ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នេះ​មាន​ភាព​តានតឹង​ខ្លាំង។

លោក ហៅ សុជាតិ បាន​និយាយ​​ថា៖​ «​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ (ថ្ងៃ​ពុធ) ជា​ការ​ប្រកួត​មួយ​ដ៏​តានតឹង ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​មួយ ដែល​យើង​ទន្ទឹង​រង់ចាំ​ឲ្យ​មក​ដល់​ឆាប់ៗ​ផង​ដែរ ព្រោះ​នេះជា​លើក​ទី ​១ ​ហើយ ដែល​ក្រុម​បឹងកេត បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ បាន​រង្វាន់​សម្តេច»។

តាមរយៈ​ការ​បង្ហាញ​ខ្លួន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ៧ ​ឆ្នាំ​កន្លង​មក​នេះ ក្រុម​បឹង​កេត មិន​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​ណា​ឡើយ គឺ​ពួក​គេ​បាន​ត្រឹម​ទទួល​ចំណាត់​ថ្នាក់​លេខ ​៣ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​ក្រុម​បៀលប្រាយ​ ១-០ នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ និងឈ្នះ​ក្រុម​ណាហ្គាវើល ៣-០ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ កាល​ពី​ឆ្នាំ ​២០១៤។

ចំណែក​ការ​ប្រកួត​ ​កាល​ពី​ឆ្នាំ ​២០១៧ បឹងកេត បាន​ចាញ់​ក្រុម​ណាហ្គាវើល ១-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បាន​បន្ត​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ក្នុង​ការ​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី ៥-៤ ក្រោយ​ពេល​​ក្រុម​ទាំង ​២ បាន​ស្មើ​គ្នា ១-១។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ជួប​ក្រុម​ស្វាយរៀង ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ នឹង​មាន​ការ​ចូលរួម​ជួយ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ទើប​ជា​សះស្បើយ។ លោក ហៅ សុជាតិ បាន​បង្ហើប​ថា៖ ​«​ចាន់ វឌ្ឍនាកា នឹង​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​មិន​ទាន់​​ដឹង​ថា គាត់​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស ១១ ​នាក់​ដំបូង ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​យើង​នៅ​តែ​តាម​ដាន និង​ពិនិត្យ​ទៅ​លើ​របួស​របស់​គាត់​»។

ចំណែក​លោក Conor Nestor ​ដែល​ទើប​មក​​ដឹកនាំ​ក្រុម​ស្វាយរៀង បាន ​២ ​ឆ្នាំ ​មើល​ឃើញ​ថា ក្រុម​បឹងកេត​នឹង​ប្រឹងប្រែង​ខ្លាំង​សម្រាប់​ស្វែងរក​ការ​ឈ្នះ​ពាន​លើក​​ដំបូង​របស់​ខ្លួន​។ លោក​បាន​និយាយ​ថា៖ ​«បើ​ទោះ​គ្មាន​កីឡាករ​បរទេស តែ​បឹងកេត នៅ​តែ​មាន​របៀប​លេង​ល្អ​ដដែល ព្រោះ​កូន​ក្រុម​ក្នុង​ស្រុក​សុទ្ធ​តែ​មាន​គុណភាព​លេង ហើយ​បឹងកេត​នឹង​ប្រឹងប្រែង​ខ្លាំង ព្រោះ​ពួក​គេ​មិន​ធ្លាប់​ឈ្នះពាន​នេះ​ពី​មុន​មក​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់​បាន​ពាន​នេះ​ឲ្យ​គ្រប់ ​៥ ​ដង​ផង​ដែរ»។

សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន អស់​រយៈពេល​ ​១២ ​ឆ្នាំ​ កន្លង​មក​នេះ ព្រះខ័នរាជ​ស្វាយរៀង គឺ​ជា​ក្រុម​ដែល​ឈ្នះ​បាន​ពាន​នេះ​ ​ច្រើន​ដង​ជាង​គេ គឺ​បាន​ចំនួន ​៤ ​ដង កាល​ឆ្នាំ ​២០១១ ឆ្នាំ ​២០១២ ឆ្នាំ​ ២០១៥ ឆ្នាំ ​២០១៧ និង​ឈ្នះ​ជើងឯក​រង​បាន ​២ ដង​ទៀត កាល​ពី​ឆ្នាំ ​២០០៨ និង​ឆ្នាំ ​២០១៦។ យ៉ាងណា​ក៏​ដោយ លើក​នេះ​​ក្រុម​បឹងកេត ពិត​ជា​ចង់​ឈ្នះ​ពាន​​នេះ​ខ្លាំង​បំផុត។

លោក ហៅ សុជាតិ ធ្លាប់​បាន​បញ្ជាក់​ថា៖ ​«យើង​ពិត​ជា​ចង់​បាន​ជ័យ​ជម្នះ និង​​ឈ្នះ​ពាន​នេះ​មែន​ទែន ព្រោះ​រយៈពេល ​៧ ​ឆ្នាំ ​ហើយ បឹងកេត មិន​ដែល​បាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​នោះ​​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ព្យាយាម​ដោយសារ ​ស្វាយរៀង ជា​ក្រុម​ខ្លាំង​មែន​ទែន គឺ​ខ្លាំង​ទាំង​ការ​ប្រកួត​លីក​កំពូល និង​ពាន​រង្វាន់​សម្តេច​នេះ ហេតុ​នេះ​​យើង​មិន​អាច​ធ្វេស​ប្រហែស​ជាមួយ​គាត់​​បាន​នោះ​ទេ»៕