ភ្នំពេញៈ ក្រុម​បឹងកេត បានចាត់ទុក​ការយក​ឈ្នះ​ក្រុម​វិសាខា ១-០ ជា​ជ័យជម្នះ​ដ៏​រំភើប ដែល​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​របស់​ខ្លួន ក្នុង​ការ​ជម្នះ​ការ​លំបាក​ដើម្បី​រក្សា​តំបន់​កំពូល​តារាង​ជា​បន្ត​ទៀត ប៉ុន្តែ​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) បាន​ជួប​រឿង​ក្តៅ​ក្រហាយ​នៅ​ខេត្ត​សៀមរាប ហើយ​ចាត់​ទុក​ការ​ស្មើ​ជាមួយ​ក្រុម​សូល​ទីឡូ​អង្គរ ថា ជា​លទ្ធផល​ដែល​មិន​អាច​ទទួល​យក​បាន។

លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បាន​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​បាន​ទទួល​រង​នូវ​សម្ពាធ​ច្រើន ព្រោះ​ប្រយុទ្ធ​របស់​គេ​ល្អ​មែន​ទែន គ្រាន់​តែ​គេ​គ្មាន​សំណាង​ក្នុង​ការ​រក​គ្រាប់​បាល់ ហើយ​ការ​យក​ឈ្នះ​ក្រុម​វិសាខា នៅ​ចុង​ម៉ោង​នេះ វា​បាន​ក្លាយជា​ជ័យ​ជម្នះ​ដ៏​រំភើប​មួយ។ ខ្ញុំ​សូម​សរសើរ​ទៅ​ដល់​កីឡាករ​របស់​យើង ដែល​ប្រឹង​ប្រែង​បាន​ល្អ ទៅ​តាម​ការ​រៀបចំ ទោះបី​ជា​កីឡាករ​ខ្មែរ​មួយ​ចំនួន​មាន​កម្លាំង​មិន​គ្រប់ ព្រោះ​ទើប​ជួប​ក្រុម​ណាហ្គាវើល ក្នុង​ពាន​សម្តេច ហ៊ុន សែន»។

តាមរយៈ​ការប្រកួត​នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃអាទិត្យ​នោះ ក្រុម​វិសាខា បាន​បង្កើត​ឱកាស​ជាច្រើន តែ​ពួកគេ​ធ្វើ​មិន​បាន​សម្រេច។ ផ្ទុយ​ពី​នេះ​ការ​លើក​បាល់​ជ្រុង​យ៉ាង​ល្អ​របស់ Maycon នាំ​ឲ្យ​ខ្សែ​បម្រើ​ជប៉ុន Mizuno Hikaru លោត​ទៅ​តែត​បាល់​នោះ​បញ្ចូល​ទី​យ៉ាង​ស្អាត ជួយ​ឲ្យ​បឹងកេត​ឈ្នះ ១-០ នៅ​នាទី​ទី ៨២ ដើម្បី​លុប​ចោល​ការ​ស្មើ ១-១ នឹង​ក្រុម​វិសាខា កាល​ពី​ជើង​ទី ១។

ការ​ឈ្នះ​បាន ៣ ពិន្ទុ​នេះ បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត បន្ត​ឈរ​នៅ​លេខ ១ មាន ៤២ ពិន្ទុ និង​បាន​រុញ​ទម្លាក់​ក្រុម​ណាហ្គាវើល ដែល​ឡើង​ទៅ​ឈរ​នៅ​លេខ ១ កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពួកគេ​បាន​បន្ត​យក​ឈ្នះ​ក្រុម​វេស្ទើន ៣-០ ដើម្បី​មាន ៤១ ពិន្ទុ​នោះ ឲ្យ​មក​ឈរ​នៅ​លេខ ២ ដដែល ខណៈ​ក្រុម​វិសាខា បន្ត​ឈរ​នៅ​លេខ ៣ មាន ៣៨ ពិន្ទុ។

នៅពេល​សួរ​ពី​ភាគរយ​នៃ​ការឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន​រដូវ​កាល​នេះ លោក ហៅ សុជាតិ បាន​ឆ្លើយ​តប​ថា៖ «មក​ដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ ដោយសារ​យើង​នៅ​ប៉ះ​ជាមួយ​ណាហ្គាវើល ស្វាយរៀង អង្គរ​ថាយហ្គឺរ និង​ភ្នំពេញ​ក្រោន ដែល​សុទ្ធ​តែ​ក្រុម​ខ្លាំង ហើយ​ពេល​នេះ​ក្លិប​យើង ក៏មាន​បញ្ហា​ប្រឈម​ជាមួយ​កីឡាករ​របួស ប៉ុន្តែ​ការ​យក​ឈ្នះ​ក្រុម​វិសាខា​លើក​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​របស់​យើង​មួយ​ផ្នែក​ធំ ក្នុង​ការ​ជំរុញ​ឲ្យ​ពួកគាត់​បន្ត​យក​ឈ្នះ​ការ​ប្រកួត​ក្រោយៗ​ទៀត»។

យ៉ាងណាមិញ ក្រុម​ទ័ព បាន​ជួប​ភាព​ក្តៅក្រហាយ សម្រាប់​ការជួប​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ។ ទ័ព បាន​នាំមុខ ២-០ មុន តែ ឡុង ភារ៉ាត់ បាន​ទាត់ ហ្រ្វីឃីក​បញ្ចូល​ទី​រក​គ្រាប់​បាល់​ទី ១ ឲ្យ​សូល​ទីឡូ​អង្គរ នៅ​នាទី​ទី ៧២។

នៅក្នុង​នាទី​បន្ថែម ៩០+៤ ក្រុម​សូល​ទី​ឡូ​អង្គរ​ទទួលបាន​ឱកាស​ទាត់​បាល់ ហ្រ្វ៊ីឃីក​ម្តង​ទៀត ហើយ James Kwame បាន​តែត​បាល់​នោះ​បញ្ចូល​ទី ប៉ុន្តែ​គ្រាប់​នោះ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​គ្នា​ព្រោះ​លោក​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់ បាន​លើក​ទង់ បង្ហាញ​ពី​ការ​លេង​បាល់​ក្រៅ​ល្បែង ចំពោះ​ការ​តែត​បាល់​បញ្ចូល​ទីនេះ។

ប៉ុន្តែ​ក្រោយ​ការតវ៉ា​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ លោក​អាជ្ញាកណ្តាល​ក្នុង​ទីលាន ក៏បាន​សម្រេច​ផ្តល់​បាល់​នោះ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ធ្វើ​ឲ្យ​ក្រុម​ទ័ព​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ការ​តវ៉ា​រហូត​មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ទើប​ការ​ប្រទូស​រ៉ាយ​នោះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ។

លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព បាន​ច្រានចោល​លទ្ធផល​ស្មើ​នេះ។ លោក​បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោយ​ការ​ប្រកួត​ថា សម្រាប់​ផ្លូវ​ចិត្ត​របស់​លោក គឺ​លោក​អត់​ទទួល​យក​ការ​ប្រកួត​នេះ​ទេ ព្រោះ​លោក​គិត​ថា ក្រុម​ទ័ព​ស្មើ ២-២ ដោយសារ​អាជ្ញា​កណ្ដាល​ជា​អ្នក​តែត​បញ្ចូល​ទី​ឲ្យ​ក្រុម​សូល​ទីឡូ​អង្គរ។

ជាមួយ​ការចែក ១ ពិន្ទុ ទាំង​ក្តៅក្រហាយ​ជាមួយ​សូល​ទី​ឡូ​អង្គរ​នេះ បានធ្វើ​ឲ្យ​ក្រុម​ទ័ព បន្ត​ឈរ​នៅ​លេខ ៤ មាន ៣៥ ពិន្ទុ។ ប៉ុន្តែ​ក្រុម​អាស៊ី​អឺរ៉ុប បាន​លត់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៦-១ ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង ២ នេះ មាន ២១ ពិន្ទុ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ ដើម្បី​ដណ្តើម​យក​ទីតាំង​លេខ ៥ របស់​ក្រុម​ប៉ូលិស ព្រោះ​ប៉ូលិស បាន​ចាញ់​ក្រុម​អង្គរ​ថាយហឺ្គរ​ឈរ ៣-១ ធ្វើ​ឲ្យ​ពួកគេ​មាន ២៤ ពិន្ទុ​ដដែល ខណៈ​ភ្នំពេញ​ក្រោន មាន ២៧ ពិន្ទុ៕